អានតួអត្ថបទ
អ.ស.ប.-កូរ៉េ​ខាងជើង

អង្គការសហប្រជាជាតិ​បោះឆ្នោត​ជាលើកដំបូង​លើ​ករណី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ទីក្រុង​ព្យុងយ៉ាង

នៅរសៀលថ្ងៃអង្គារទី ១៨ វិច្ឆិកា ២០១៤ អង្គការសហប្រជាជាតិ បានបោះឆ្នោត​ចេញ​សេចក្តីសម្រេច​ថ្កោល​ទោស​កូរ៉េ ខាងជើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។ ជា​សេចក្តី​សម្រេច​ដែល​អាច​នាំ​របប​ទីក្រុង​ព្យុងយ៉ាង​ទៅ​ទទួល ទោស ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​ពង្រាង​នៃ​សេចក្តី​សម្រេចប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកូរ៉េខាង​ជើង
​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​ពង្រាង​នៃ​សេចក្តី​សម្រេចប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកូរ៉េខាង​ជើង © Reuters
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ទី៣​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​ពង្រាង​នៃ​សេចក្តី​សម្រេច ស្នើ​ដោយ​សហគមន៍​អឺរ៉ុប​និង​ប្រទេស​ជប៉ុន និង​មាន​ការគាំទ្រ​ពី៤៨​ប្រទេស​ផ្សេង​ទៀត។ អត្ថបទ​នៃ ពង្រាង​សេចក្តី​សំរេច​នេះ ធ្វើឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​កុម្ភៈ។ ក្នុង​របាយការណ៍​នោះ គេ​បាន​ទាញ សេចក្តីសន្និដ្ឋាន​ពី ការរំលោភ​សិទ្ធិមនុស្ស​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​ក្នុង​ពិភពលោក​សម័យកាល​បច្ចុប្បន្ន។

 
កូរ៉េខាងជើង​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​អត្ថបទព្រាង​នោះ តែបើ​ទោះបី​ជា​មាន​ការគំរាម​កំហែង​ សងសឹក​ដោយ​អ្នកការទូត​របស់​កូរ៉េខាងជើង​ក្តី ក៏​អត្ថបទ​នោះ​មិនមាន​ការកែប្រែ​ធំដុំ​នោះ​ទេ។ ទីក្រុង​ព្យុងយ៉ាង​បាន​ថែម​ទាំង​ចោទ​ថា ពង្រាង​សេចក្តី​សម្រេច​នេះ ជា​ការសមគំនិត​រៀប​ចំ​ឡើង ដោយ សហរដ្ឋអាមេរិក​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​របប​ទីក្រុងព្យុងយ៉ាង​បច្ចុប្បន្ន និង រួម​ចំណែក​ផ្តួល​រំលំ​របប​នេះ។
អត្ថបទ​ពព្រាងថ្មី​ មាន​ចែង​ពីការសាទរ​ចំពោះ​សំនើ​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​ចំពោះ​ការអញ្ជើញ អ្នករាយការណ៍ ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ អត្ថបទ​នោះ នៅ​តែ​រក្សា​ការប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​នាំ​យក​កូរ៉េ​ខាងជើង​ទៅ​កាត់​ទោស​នៅ តុលាការ ព្រហ្មទណ្ឌ​អន្ដរជាតិ ICC។

កាល​ពី​ប្រហែល​ម៉ោង​១​រសៀស ម៉ោង​នៅ​ក្រុង​ញូវយ៉ក សំនើ​វិសោធនកម្ម​ដោយ​ប្រទេស​គុយបាស្តីពីការ កំណត់លក្ខណៈវិនិច្ឆ័យនៃអ្នកទទួលខុសត្រូវខ្ពស់ ក៏​ត្រូវ​បាន​ច្រាន​ចោល​ដោយ​សំលេងប្រឆាំង៧៧ គាំទ្រ​ត្រឹម​៤០ និង​អនុប្បវាទ​៥០​សំលេង​រួមទាំង​កម្ពុជា​ផង​ដែរ។

ដើម្បីយកជាការបានពង្រាង​សេចក្តី​សំរេច​នោះ​ត្រូវ​ទទួលបាន​សំលេងគាំទ្រ​ភាគ​ច្រើន​ដាច់ខាត ពោលគឺ ៩៧សំលេង លើ១៩៣ សំលេង​សរុប​នៃ​ចំនួន​ប្រទេស​ដែល​មាន​កៅអី​ក្នុង​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាងសិទ្ធិមនុស្ស។ ជាលទ្ធផល​នៅ​ម៉ោង​៣និង៤០នាទី​រសៀល​ម៉ោង​នៅ​ក្រុង​ញូវយ៉ក សេចក្តីសម្រេច ត្រូវ​បាន​អនុម័ត​ដោយ​ជោគជ័យ​ដោយ​មាន​សំលេង​គាំទ្រ​១១១ សំលេង មិនគាំទ្រ១៩សំលេង និង​អនុប្បវាទ​៥៥​សំលេង​រួម​មាន​ប្រទេស​កម្ពុជា​ផងដែរ។  

ដំណាក់កាល​បន្ទាប់​គឺ​សេចក្តីសម្រេច​នោះ​នឹង​ត្រូវ​ពិនិត្យ​លម្អិត​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅខែ ធ្នូ​ខាងមុខ ហើយ​សំនួរ​បន្ទាប់​នោះ គឺថា​តើ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ធ្វើ​តាម​សេចក្តី សម្រេច និង​បរិហារ​របប​នៃ​ទីក្រុង​ព្យុងយ៉ាង​ទៅ​តុលាការ​អន្តរជាតិ ICC ដែរ​ឬអត់។ ព្រោះ​សមាជិក អចិន្ត្រៃយ៍​ចំនួន​ពីរ ចំណោម​ប្រាំ​ដែល​មាន​សិទ្ធិ​វេតូ មាន​រុស្ស៊ីនិង​ចិន​ទំនង​ជា​នឹង​ប្រឆាំង​នឹង​ការ​នាំ​របបទីក្រុង​ព្យុងយ៉ាង​ទៅ​កាត់ទោសនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ