អានតួអត្ថបទ
កម្ពុជា

ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ ពុំមាន​វត្តមាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​

ស្ថាប័ន​ជាតិ រួមទាំង​ថ្នាក់ដឹកនាំកំពូលៗ ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល គ្រប់​ក្រសួង​មន្ទីរ បាន​ចំណាយ​ពេល​ជាង ៣​ម៉ោង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ នរោត្តម សីហនុ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប ខាង​កើត​វិមាន​ឯករាជ្យ នា​ព្រឹក​ថ្ងៃទី១៥តុលា។ នៅឯ​ព្រះបរមរាជវាំង នៅ​ព្រឹក​នេះ ក៏​មាន​ព្រះ​រាជពិធី​បុណ្យខួប​គម្រប់ ១​ឆ្នាំ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បាទ សម្តេចព្រះ​បរម​រតន​កោដ្ឋ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ជាតិ​សំខាន់ៗ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូលរួម​ទេ។ លោក កឹម​សុខា ឲ្យ​ដឹង​ថា ព្រះបរមរាជវាំង មិន​បាន​តប​នឹង​លិខិត​របស់​លោក ដែល​ស្នើ​សុំ ចូលរួម​ព្រះរាជ​ពិធី​បុណ្យ នៅ​ថ្ងៃ​ទី​១៥​តុលា​នេះ​ទេ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ ក្នុង​ពេល​គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ។
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ ក្នុង​ពេល​គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សំឡេង​ត្រែទ័ព លាយឡំ​នឹង​ភ្លេង​ពិ​ពាធ លាន់ឮ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ នៅ​ខាងកើត​វិមានឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ ចាប់តាំងពី​ព្រឹក​ព្រលឹម ម៉ោង ៧ ព្រឹក បន្ត​រហូតដល់​ម៉ោងជាង ១០ ព្រឹក ថ្ងៃ​អង្គារ ទី១៥តុលា​នេះ។

 
ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់ តាម​ទូរទស្សន៍​ក្នុងស្រុក​គ្រប់​ប៉ុស្តិ៍។ វិទ្យុជាតិ FM 96 និង​វិទ្យុជាតិ វត្តភ្នំ ក៏បាន​ផ្សាយ​បន្ត​ដែរ។
ដំបូង​ឡើយ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ដាក់​កូរោង​ផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ដែល​បែរ​ព្រះភ័ក្ត្រ ទៅ​ទិសខាងកើត។ ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា ជា​បន្ត​បន្ទាប់មកទៀត ថ្នាក់ដឹកនាំ​តាម​ក្រសួង​របស់​រដ្ឋាភិបាល​និមួយៗ កាកបាទក្រហម និង​ក្រុម​កាយឫទ្ធិ ជាដើម បាន​បន្ត​ដាក់​កូ​រោង​ផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ មួយក្រុមម្តង។

ចាប់តាំងពី​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ប៉ូលិស ជាដើម បាន​ដើរ លើ​កម្រាលព្រំ​ពណ៌​ក្រហម ទៅកាន់​ព្រះ​បរម​រូប ដោយ​មិន​ដោះ​ស្បែកជើង និង​ដោះ​មួក ក្នុង​ឯកសណ្ឋាន​អាវ​ស ក​ត្រង់ អមដោយ​គ្រឿងឥស្សរយស តាម​ឋា​នុ​ក្រម។

បន្ទាប់ពី​ដាក់​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប​រួចហើយ ថ្នាក់ដឹកនាំ​ជាតិកំពូលៗ ដែលជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា  បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​បុណ្យខួប​គម្រប់ ១ ឆ្នាំ ក្នុង​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃទី១៥តុលា​នេះ។

ចំណែក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក កឹម សុខា ប្រធានស្តីទី អះអាងថា មិនបាន​ចូលក្នុង​ព្រះបរមរាជវាំង ដើម្បី​ចូលរួម​ក្នុង​ព្រះ​រាជពិធី​បង្សុកូល​រម្លឹក​ព្រះ​វិញ្ញាណក្ខន្ធ ថ្វាយ​សម្តេចព្រះ នរោត្តម សីហនុ ទេ។ លោក​ថា ព្រះបរមរាជវាំង មិន​បាន​ឆ្លើយតប​នឹង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទូល​សុំ ចូលរួម​ព្រះរាជ​ពិធីបុណ្យ នៅក្នុង​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃទី១៥តុលា​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ