យុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីម្នាក់បានស្លាប់នៅខេត្តក្រចេះ

យុវជនស្ម័គ្រចិត្តម្នាក់ ដែលបានចុះវាស់វែងដីធ្លី តាមគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្លាប់ ដោយឧបទ្ទវហេតុ ដើមឈើរលំសង្កត់ ក្នុងពេលមានភ្លៀងខ្យល់ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្សិលមិញ នៅខេត្តក្រចេះ។
យុវជនរងគ្រោះនោះ ឈ្មោះ ច័ន្ទ ម៉ារ៉ាឌី អាយុ ២២ ឆ្នាំ ជានិស្សិតឆ្នាំ៤ ផ្នែកកំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដាក់កម្រងផ្កា ឧទិ្ទសដល់វិញ្ញាណក្ខន្ធ យុវជន ច័ន្ទ ម៉ារ៉ាឌី ព្រមទាំងបំពាក់មេដាយការងារ និងគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន ជាកិច្ចបច្ឆាមរណៈ ដល់សពយុវជនរងគ្រោះផងដែរ។
យុវជន ច័ន្ទ ម៉ារ៉ាឌី បានស្លាប់ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្សិលមិញ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
សូមរម្លឹកថា ទីតាំងកើតហេតុ ដែលបណ្តាលឲ្យយុវជនស្ម័គ្រចិត្តស្លាប់ នៅខេត្តក្រចេះនោះ គឺជាតំបន់ ដែលកើតមានជម្លោះដីធ្លី កាលពីថ្ងៃទី១៦ ខែឧសភា នាំដល់ការបាញ់សម្លាប់ក្មេងស្រីម្នាក់ និងការចាប់ខ្លួនកាត់ទោស លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុក និងជាប្រធានសមាគមប្រជាធិបតេយ្យ ក្នុងជម្លោះដីធ្លី បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល។
នៅខេត្តក្រចេះ ក្នុងស្រុកស្នួល នាព្រឹកមិញ ក៏មានប្រជាពលរដ្ឋ ២០០ គ្រួសារ បានធ្វើបាតុកម្ម បិទផ្លូវជាតិលេខ ៧ ដើម្បីទាមទារឲ្យក្រុមយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លីដល់ពួកគាត់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ