អានតួអត្ថបទ
អាកាសធាតុ

អង្គការសុខភាព​ពិភពលោក៖​ការប្រែប្រួល​អាកាសធាតុ​ ជា​ការ​ប្រឈម​សម្រាប់​សុខភាព​

ថ្ងៃ​ពុធ​នេះ ក្នុង​សន្និសីទ​​នៅ​ក្រុង​ហ្សឺណែវ ​​ ​​អង្គការ​សុខភាព​ពិភពលោកចង់​អោយ​គ្រប់គ្នា​​ ជ្រាប​ច្បាស់ពី​ជំងឺ​ផ្សេងៗ​ដែលកកើតឡើង ​ដោយសារ​​ការប្រែប្រួល​អាកាសធាតុ​​​ ​ដើម្បី​ចូលរួម​​ស្រោចស្រង់​អាយុជីវិត​មនុស្ស​រាប់លាននាក់ ​ក្នុង​មួយឆ្នាំៗ។ ​យោងតាម​អង្គការសុខភាព​ពិភពលោក ​ការប្រែប្រួល​អាកាសធាតុ​​ អាច​បង្ក​​អោយ​មាន​មនុស្ស​ស្លាប់​ ​ក្នុង​ពិភពលោក ​ប្រមាណ​២សែន៥ម៉ឺននាក់ បន្ថែមទៀត ​ក្នុង​មួយឆ្នាំៗ។ ​

ប្រជាជនចាស់ជរា ​​ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​
ប្រជាជនចាស់ជរា ​​ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​រយៈ​ពេល​៣ថ្ងៃ​ នៅ​ក្រុង​ហ្សឺណែវ ប្រធានអង្គការ​សុខភាពពិភពលោក លោកស្រីម៉ាហ្ការ៉េត ចាន់ ​បាន​គូសបញ្ជាក់​ពី​ការប្រែប្រួល​អាកាសធាតុ​​​ ដែល​គំរាម​សុខភាព​មនុស្សលោក​យើង។ ​​គេ​រំពឹង​ថា ពី​ពេលនេះ រហូត​ដល់ឆ្នាំ​២០៣០ ​ការដោះស្រាយ​បញ្ហា​សុខភាព​​​​​​​ដែល​​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​​ អាច​ត្រូវការ​​​​​ប្រាក់​​ពី​២ពាន់លាន​ដុល្លារ ទៅ​៤ពាន់លាន​ដុល្លារ។ ​

យោងតាមលោក អាលីស្ទែរ ​វូតវ៉ាត ​ជា​​អ្នក​បំរើការ​អោយ​​ក្រុម​​អន្តររដ្ឋាភិបាល​​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ ​សីតុណ្ហភាព​ក្នុង​ផែនដី អាច​នឹង​​កើនឡើង​​​​៤អង្សារ​បន្ថែម ​នៅ​ចុង​សតវត្ស​ទី២១ ​ពោល​គឺ​ខុសពីការគិតទុក​កន្លងមក​ ដែល​ថា សីតុណ្ហភាព​អាច​កើន​ត្រឹមតែ​២អង្សារ​នោះ។ ដោយសារ​ការកើនឡើង​កំដៅ​ផែនដី ​ជំងឺ​មួយចំនួន​ ដូចជា​គ្រុនចាញ់ រឺ​ក៏​គ្រុនឈាម​ អាច​នឹង​រាលដាល​ដល់​តំបន់​ថ្មីៗ​ផ្សេងទៀត​​នៅអាស៊ី និង​អាហ្វ្រិក។ ​
យោងតាម​​​អង្គការ​សុខភាព​ពិភពលោក​ ការបំពុល​បរិយាកាស​ បានធ្វើអោយ​មាន​មនុស្ស​ស្លាប់​មុនអាយុ​ ​រហូត​ដល់​៧លាន​នាក់​បន្ថែមទៀត ក្នុង​មួយឆ្នាំ។ ​​ដំណោះស្រាយ​​​បញ្ហា​ប្រែប្រួល​អាកាសធាតុ ​​គឺ​ថា រដ្ឋាភិបាល​គ្រប់ប្រទេស​ត្រូវ​យល់ស្រប​គ្នា ​​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់។ ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នឹង​ធ្វើអោយ​ការបំពុល​បរិយាកាស​ថយចុះ​ដូចគ្នា ដូច្នេះ ជំងឺ​បេះដូង រឺ​សរសៃ​ឈាម ​រឺ​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ ​ក៏អាច​កាត់បន្ថយ​ដូចគ្នា​ដែរ។ ​ការកាត់បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់​នឹង​ជួយ​ស្រោចស្រង់​អាយុជីវិត​មនុស្ស​​២លាននាក់ ក្នុង​មួយឆ្នាំៗ។

នៅថ្ងៃ​សុក្រ​នេះ ​​កិច្ចប្រជុំ​ក្រុង​ហ្សឺណែវ​ នឹង​ត្រូវ​សម្រេច​អនុម័ត​អនុសាសន៍​នានាដែល​ត្រូវ​អនុវត្តន៍​ អោយបាន​មុន​​ជំនួប​កំពូល​ស្តីពី​អាកាសធាតុ​​ ​នៅក្រុងញូវយក ថ្ងៃ​២៣កញ្ញា​ និង​សម្រាប់​សន្និសីទ​ស្តីពី​អាកាសធាតុ​នៅ​ក្រុង​ប៉ារីស ឆ្នាំ​២០១៥៕ ​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ