កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪចាប់ផ្តើមជាផ្លូវការហើយនៅរសៀលនេះ

នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ស្ថាប័នរដ្ឋាភិបាល រដ្ឋសភា និងស្ថាប័នកាកបាទក្រហមកម្ពុជា ជាដើម បានដង្ហែកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ នៅព្រះបរមរាជវាំង។ នេះជាការចាប់ផ្តើមនូវព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដែលនៅរសៀលថ្ងៃសុក្រស្អែក នឹងមាននាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ ដឹកនាំគណៈប្រតិភូ មកកាន់ព្រះបរមរាជវាំង ដើម្បីចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ។
គណៈប្រតិភូរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដង្ហែកម្រងផ្កា ចូលគោរពព្រះបរមសពសម្តេចព្រះមហាក្សត្រ នរោត្តម សីហនុ ដែលតម្កល់នៅប្រាសាទព្រះទេវាវិនិច្ឆ័យ។ បន្ទាប់មកគឺស្ថាប័នរដ្ឋសភា និងកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយភរិយារបស់លោកនាយករដ្ឋមន្ត្រី បានដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះមហាវីរក្សត្រ ដែលចាប់ផ្តើមនៅរសៀលថ្ងៃទី១៨តុលានេះ។ នេះបើតាមព្រះបន្ទូល របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះរាជលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
ព្រះអង្គម្ចាស់ធម្មិកោ បានមានព្រះបន្ទូលថា ក្រៅពីកម្មវិធីសាសនា ក្នុងព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ នៅក្នុងព្រះបរមរាជវាំង ក៏នឹងមានថ្នាក់ដឹកនាំ ដូចជា វៀតណាម ឡាវ និងសិង្ហបុរី នឹងមកជាបន្តបន្ទាប់ ដើម្បីគោរពព្រះបរមសពរបស់ព្រះករុណា។
ក្នុងព្រះបរមរាជវាំង មិនត្រូវបានគេអនុញ្ញាតឲ្យអ្នកកាសែត ចូលយកព័ត៌មាន ជុំវិញព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាឡើយ។ ចំណែកប្រភពផ្តល់ព័ត៌មាន ក៏ពិបាកស្វែងរក ក្រៅតែពីព្រះអង្គម្ចាស់ ធម្មិកោ។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសបានប្រកាសថា នៅរសៀលថ្ងៃទី១៩ ខែតុលាស្អែកនេះ លោក ង្វៀន តាន់យុង នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងលោក ថងស៊ីង ថាំម៉ាវង់ នាយករដ្ឋមន្ត្រីឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដាច់ដោយឡែកពីគ្នា មកកាន់ប្រទេសកម្ពុជា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង។
ដោយឡែក ស្ថានទូតកម្ពុជា ប្រចាំបណ្តាប្រទេសជាមិត្ត ក៏បានចាប់ផ្តើមបើកទ្វារ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីទទួលមហាជន និងអ្នកការទូត ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។
សៀវភៅចុះមរណទុក្ខ ត្រូវបានតម្កល់នៅតាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំបណ្តាប្រទេសនីមួយៗ សម្រាប់ឲ្យនិស្សិត និងពលរដ្ឋខ្មែរ ព្រមទាំងបណ្តាមន្ត្រីរដ្ឋាភិបាលប្រទេសជាមិត្ត ចូលរួមរំលែកព្រះរាជមរណទុក្ខផងដែរ។
នៅមុខព្រះបរមរាជវាំង នៅថ្ងៃព្រហស្បតិ៍នេះ សំឡេងយំទួញសោក លាយឡំនឹងសំឡេងសូត្រធម៌ នៅតែបន្តលាន់ឮ។ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំងស្រី ទាំងប្រុស ទាំងក្មេង ទាំងចាស់ បានអុជធូប សំពះ ថ្វាយផ្កាឈូក ឧទ្ទិសព្រះរាជពរ ថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ ចាប់តាំងពីរសៀលថ្ងៃទី១៥តុលា។
សិស្សានុសិស្ស និងមហាជន ក៏បានសរសេររៀបរាប់ពីសមានចិត្ត នៅក្នុងសៀវភៅក្រាំងមាស ព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំងផងដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ