អានតួអត្ថបទ
អាមេរិក

លោក​អូបាម៉ា​នឹង​ប្រកាស​ផែនការ ៣០០ពាន់លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ ៨ កញ្ញា ២០១១​នេះ លោក​អូបាម៉ា​​នឹង​ប្រកាស​អំពី​ផែនការ​កាត់បន្ថយ​ចំនួន​អ្នក​អត់ការងារ​នៅ​អាមេរិក ដែល​បច្ចុប្បន្ន​មាន​ចំនួន​រហូតដល់​ទៅ​ជាង ១៤លាន​នាក់។ បញ្ហា​អ្នក​អត់ការងារ​ធ្វើ អាច​ជា​ចំណុច​ស្លាប់រស់​របស់​លោក​អូបាម៉ា នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​ក្រោយ។ សំណួរ​ដែល​ចោទ​នៅពេលនេះ គឺ​នៅត្រង់ថា តើ​ផែនការ​របស់​លោក​អូបាម៉ា ដែល​ត្រូវ​ចំណាយ​លុយ​រហូតដល់ ៣០០​ពាន់​លាន​ដុល្លារ អាច​នឹង​ត្រូវ​ឆ្លងកាត់​ការអនុម័ត​ពី​សភា​បាន​ដែរ​ឬទេ?

លោក​អូបាម៉ា នៅ​ទីស្នាក់ការ​ក្រុមហ៊ុន General Motors កាលពីថ្ងៃ​ទី៥ កញ្ញា ២០១១
លោក​អូបាម៉ា នៅ​ទីស្នាក់ការ​ក្រុមហ៊ុន General Motors កាលពីថ្ងៃ​ទី៥ កញ្ញា ២០១១ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

សុន្ទរកថា​នៅមុខ​សភា​ពេញ​អង្គ នៅយប់​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ របស់​លោក​អូបាម៉ា ដែល​ចង់​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត។ នៅសល់តែ ១៤ខែ​ទៀត ដល់​ពេល​បោះឆ្នោត​ប្រធានាធិបតី ប្រជាប្រិយភាព​របស់​លោក​អូបាម៉ា កំពុង​តែ​ធ្លាក់ចុះខ្លាំង ដោយសារ​តែ​បញ្ហា​អ្នកអត់ការងារធ្វើ ដែល​មាន​អត្រា​រហូតដល់​ទៅ ៩,១%។ គោលដៅ​ចម្បង​របស់​លោក​អូបាម៉ា គឺ​ត្រូវ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អត្រា​អ្នក​អត់ការងារ​ធ្វើ​ឲ្យ​បាន​ នៅ​មុនពេល​បោះឆ្នោត។

នៅ​យប់នេះ លោក​អូបាម៉ា​នឹង​ប្រកាស​​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន រួមមាន​ ការ​បង្កើន​ការចំណាយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កាត់បន្ថយ​ពន្ធ​ទៅលើ​ប្រាក់​បៀវត្សរ៍ ព្រម​ទាំង​វិធានការ​​ផ្សេងទៀត ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ និង​សហគ្រាស​ខ្នាតតូច បង្កើន​ការ​ជ្រើសរើស​បុគ្គលិក។ ជាសរុប ផែនការ​នេះ​នឹង​ត្រូវ​ចំណាយ​លុយ​ប្រមាណ ៣០០​ពាន់លាន​ដុល្លារ ក្នុង​ពេល​ដែល​ អាមេរិក​កំពុង​តែ​ព្យាយាម​កាត់បន្ថយ​​ឱនភាព​ថវិកាជាតិ។ កញ្ចប់ថវិកា​នេះ នឹង​ត្រូវ​ឆ្លងកាត់​ការអនុម័ត​ពី​សភា​ទាំងពីរ ក្នុង​នោះ មាន​សភា​អ្នក​តំណាង ដែល​កាន់កាប់​ដោយ​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​បក្ស​ប្រឆាំង។

ដោយ​មើល​ឃើញ​អំពី​ភាព​ជាប់គាំង ក្នុង​សំណុំរឿង​ប្រាក់​បំណុល​​នាពេល​កន្លងទៅ​ថ្មីៗ​នេះ សំណួរ​ចោទឡើង​ថា តើ​​ផែនការ​បង្កើតការងារ​របស់​លោក​អូបាម៉ា នៅពេលនេះ អាច​នឹង​ចេញ​ពី​សភា​រួច​ដែរ​ឬទេ? អ្នកនាំពាក្យ​សេតវិមាន​បាន​ឲ្យដឹង​ថា លោក​អូបាម៉ា​នឹង​ខិតខំ​ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ទាំងពីរ ដើម្បី​​អនុម័ត​ផែនការនេះ។ ក៏ប៉ុន្តែ មន្រ្តី​គណបក្ស​ប្រជាធិបតេយ្យ​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រសិន​បើ​គណបក្ស​សាធារណរដ្ឋ​​​រារាំង​ផែនការ​របស់​លោក​អូបាម៉ា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ គេ​នឹង​ទម្លាក់​ការទទួលខុសត្រូវ​​​ទាំងអស់​នេះ​ទៅលើ​គណបក្ស​សាធារណរដ្ឋ។ គណបក្ស​សាធារណរដ្ឋ​នឹង​ត្រូវ​ឆ្លើយ​បកស្រាយ​ចំពោះ​មុខ​​ពលរដ្ឋ​អាមេរិក​ថា តើ​ហេតុអ្វី​ពួក​គេយក​ប្រយោជន៍​បក្ស​ធ្វើ​ជា​ធំ ដោយ​មិនគិត​គូរ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ?

ជារួម យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ គឺ​ធ្វើ​យ៉ាងណា​​ចាត់វិធានការ​កាត់បន្ថយ​អត្រា​អ្នក​អត់ការងារ​ធ្វើ​ឲ្យ​បាន​មុន​ពេល​បោះឆ្នោត ហើយ​បើ​សិន​ជាមិនបាន​ទេ ទម្លាក់​កំហុស​នេះ​ទៅលើ​គណបក្ស​សាធារណរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ