អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល

លោក​អូបាម៉ា​និង​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ជួប​ជជែកគ្នា​អំពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ នឹង​ជួប​ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​ជជែក​គ្នា​អំពី​យុទ្ធសាស្រ្ត​ទប់ស្កាត់​អ៊ីរ៉ង់​កុំ​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នៅមុនពេល​ជួបជាមួយ​លោក​នេតាន់យ៉ាហ៊ូ លោក​អូបាម៉ា​បាន​​បញ្ជាក់​យ៉ាងច្បាស់​​ថា លោក​មិន​ញញើតនោះទេ ក្នុងការ​ប្រើ​កម្លាំង​ទ័ព​​វាយប្រហារ​លើ​អ៊ីរ៉ង់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ នៅពេលនេះ ការចរចា និង​ការដាក់ទណ្ឌកម្ម​ គឺ​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ជាង​​ការ​ប្រើអាវុធ។

លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ ពេល​ជួបគ្នា ​កាល​ពី​ឆ្នាំ​២០១១
លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ ពេល​ជួបគ្នា ​កាល​ពី​ឆ្នាំ​២០១១ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​នេតាន់យ៉ាហ៊ូ នៅអាមេរិក កើតឡើង​នៅ​ក្នុង​ពេល​ដែល​ព័ត៌មាន​ជុំវិញ​គម្រោង​របស់​អ៊ីស្រាអែល ក្នុងការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​កើតមាន​កាន់តែ​ខ្លាំងៗ នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ១ខែ​ចុងក្រោយ​នេះ។

គួរបញ្ជាក់ថា អ៊ីរ៉ង់​មិនត្រឹមតែ​មិនទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថែមទៀត​ថា​ចង់​លុប​ប្រទេស​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក។ ហេតុដូច្នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល​ប្រកាន់​យក​នូវ​ជំហរ​ដាច់ខាត​ថា​នឹង​មិន​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​នោះទេ។

ត្រង់​​ចំណុច​នេះ គេ​ឃើញ​ថា ជំហរ​របស់​លោក​អូបាម៉ា​​មិនខុសពី​ជំហរ​របស់​អ៊ីស្រាអែល​ប៉ុន្មាននោះទេ។ អ្វី​ដែលខុសគ្នា គឺ​​លោក​អូបាម៉ា​យល់ថា នៅពេលនេះ មិនទាន់ដល់​ពេល​ដែល​ត្រូវ​ជ្រើសរើស​យក​មធ្យោបាយ​យោធា​នៅឡើយទេ។ ថ្វីដ្បិត​តែ​​គេយល់ថា​ អ៊ីរ៉ង់​កំពុង​​ព្យាយាម​​អភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ក៏ប៉ុន្តែ អ៊ីរ៉ង់​នៅ​មិនទាន់​សម្រេចចិត្ត​ចាប់ផ្តើម​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅឡើយទេ។ ដូច្នេះ គេនៅមាន​ពេល ដើម្បី​ដោះស្រាយ​​វិបត្តិ​នេះ​ដោយ​សន្តិវិធី តាម​រយៈការ​ចរចា និង​ការ​ដាក់ទណ្ឌកម្មលើ​អ៊ីរ៉ង់។

នៅមុនពេល​ជួប​ជាមួយ​លោក​នេតាន់យ៉ាហ៊ូ លោក​អូបាម៉ា​បាន​ផ្តល់​បទសម្ភាសន៍​ដល់​​​ទស្សនាវដ្តី​មួយ ដោយ​បញ្ជាក់ច្បាស់ៗ​ថា លោក​​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ រួមទាំង​ការ​ប្រើ​កម្លាំង​យោធា​ផង ដើម្បី​រារាំង​​កុំ​ឲ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ថា នេះ​មិនមែន​ជា​ការ​និយាយ​​កំញើញ​ចោល​នោះទេ។

ការថ្លែង​បែបនេះ គឺ​ដើម្បី​ធានា​ដល់​អ៊ីស្រាអែល​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ។ ប្រសិនបើ​ដល់ពេល​ចាំបាច់​​អាមេរិក​នឹង​​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​ខ្លួនឯង។ ដូច្នេះ អ៊ីស្រាអែល​មិនត្រូវ​ប្រញាប់​ប្រញាល់​​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯងនោះទេ។

ទោះជាយ៉ាងណា កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ នៅ​ចំពោះ​មុខ​សហគមន៍​​ជ្វីហ្វ​នៅអាមេរិក​ លោក​អូបាម៉ា​បាន​​ទទួលស្គាល់​ថា អ៊ីស្រាអែល​គឺ​ជា​រដ្ឋ​ឯករាជ្យ។ ដូច្នេះ​ អ៊ីស្រាអែល​ចង់​​ធ្វើ​អ្វី គឺ​ជា​​សិទ្ធិ​របស់​អ៊ីស្រាអែល។ លោក​អូបាម៉ា​គ្រាន់តែ​បាន​ព្រមាន​ទុកមុន​ថា ការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អាច​នឹង​រាលដាល​ជា​សង្រ្គាម​ទ្រង់ទ្រាយធំ ដែល​បង្ក​ជា​អស្ថិរភាព​ក្នុង​តំបន់​ដើមបូព៌ា​ទាំងមូល។

តើ​លោក​នេតាន់យ៉ាហ៊ូ​ស្តាប់តាម​ការព្រមាន​របស់​លោក​អូបាម៉ា​ដែរ​ឬអត់ នៅថ្ងៃ​ចន្ទ​នេះ គឺ​គ្មាន​អ្នកណា​ដឹង​នោះទេ។ អ្វីដែលគេ​ដឹង​នោះ​គឺ​ថា លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ មិនសូវ​ជា​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ប៉ុន្មាន​ទេ ជាពិសេស គឺ​ចាប់តាំង​ពី​​លោក​នេតាន់យ៉ាហ៊ូ​​បដិសេធ​មិន​ផ្អាក​ការ​ពង្រីក​ដែនដី​អាណានិគម​ចូល​ក្នុង​ដែនដី​ប៉ាឡេស្ទីន​តាម​ការទាមទារ​របស់​លោក​អូបាម៉ា ដែល​ជា​ដើមហេតុ​បណ្តាល​ឲ្យ​ការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ត្រូវ​ជាប់គាំង​រហូតមកទល់​សព្វថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ