ស៊ីរី-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 02 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 សីហា 2012

លោក​អូបាម៉ា​អនុញ្ញាត​ឲ្យ CIA ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី​ដោយ​សម្ងាត់

ទាហាន​នៃ​កងទ័ព​ស៊ីរី​សេរី (កងឧទ្ទាម) សម្រាក​ពី​ការ​វាយប្រយុទ្ធគ្នា​ជាមួយ​ទាហាន​រដ្ឋាភិបាល នៅ​ក្រុង Alep ថ្ងៃទី១ សីហា ២០១២
ទាហាន​នៃ​កងទ័ព​ស៊ីរី​សេរី (កងឧទ្ទាម) សម្រាក​ពី​ការ​វាយប្រយុទ្ធគ្នា​ជាមួយ​ទាហាន​រដ្ឋាភិបាល នៅ​ក្រុង Alep ថ្ងៃទី១ សីហា ២០១២
REUTERS/Goran Tomasevic

ដោយ សេង ឌីណា

លោក​បារ៉ាក់ អូបាម៉ា បាន​​ចុះហត្ថលេខា​លើ​ក្រឹត្យ​សម្ងាត់​មួយ អនុញ្ញាត​ឲ្យ​ CIA និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី​ដោយ​សម្ងាត់ ដើម្បី​ទម្លាក់​លោក​បាស្ហា អាល់​អាសាដ​ ពី​តំណែង។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters) ដែល​បាន​ដកស្រង​ប្រភព​ពី​សេតវិមាន។ ក្នុងពេល​ជាមួយ​គ្នា​នេះ មន្រ្តី​អ.ស.ប.​បាន​លើកឡើង​ថា នៅ​ពេល​នេះ គេ​ឃើញ​ក្រុម​ឧទ្ទាម​ស៊ីរី​មាន​គ្រឿងសព្វាវុធ​ធុនធ្ងន់ ក្នុងនោះ រួមមាន​ទាំង​រថក្រោះ​ផងដែរ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

02/08/2012

កន្លងមក សហរដ្ឋ​អាមេរិក​ក៏​​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ដែរ អំពី​ការ​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី ប៉ុន្តែ ជំនួយ​ទាំងនោះ គឺ​មាន​ត្រឹមតែ​ជា​បរិក្ខា​យោធា ដូចជា វិទ្យុទាក់ទង​ទំនើបៗ​ប៉ុណ្ណោះ។ ជំនួយ​ជា​សម្ងាត់ ​ដែល​មន្រ្តី​សេតវិមាន​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ គឺ​ លើស​ពី​អ្វី​ដែល​រដ្ឋាភិបាល​បានប្រកាស​ជា​សាធារណៈ ហើយ​អាមេរិក​បាន​បង្កើន​ជំនួយ​ដល់​ក្រុម​ឧទ្ទាម​ស៊ីរី​កាន់តែ​ច្រើន នៅ​ក្រោយ​ពេល​ដែល​​រុស្ស៊ី និង​ចិន​ ប្រើសិទ្ធិវ៉េតូ​ជាលើក​ទី៣ រារាំង​មិន​ឲ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ស៊ីរី។​ ក៏ប៉ុន្តែ គេ​មិន​អាច​ដឹង​ឲ្យ​ប្រាកដ​ទេ​ថា តើ​ជំនួយ​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​រូបភាព​អ្វីខ្លះ?

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ​ក៏​បាន​ទទួលស្គាល់​ផងដែរ​ថា គេ​ពិត​ជា​បង្កើត​ទីបញ្ជាការដ្ឋាន​សម្ងាត់មួយ​មែន នៅ​ក្នុង​ប្រទេស​តួកគី ជាប់​ព្រំដែន​ស៊ីរី ហើយ​ក្រៅពីតួកគី គឺ​មាន​អាមេរិក អារ៉ាប៊ី​សាអ៊ូឌីត និង​កាតា ដែល​ធ្វើការ​ជាមួយគ្នា ក្នុង​ទីបញ្ជាការដ្ឋាន​សម្ងាត់នេះ ដើម្បី​ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី។
 
មន្រ្តី​អ្នក​នាំពាក្យ​របស់​​សេតវិមាន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ ជុំវិញ​ព័ត៌មាន​ស្តីពី​ជំនួយ​ជា​សម្ងាត់​នេះ​ទេ ប៉ុន្តែ ក៏​មិន​ឆ្លើយ​បដិសេធ​​ព័ត៌មាន​នេះដែរ។
 
អ្នក​សង្កេតការណ៍​ជាទូទៅ​គិត​ថា ជំនួយ​ដល់​ក្រុម​ឧទ្ទាម គឺ​ធ្វើ​ឡើង​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​ប្រទេស​អារ៉ាប់​ជា​សម្ព័ន្ធ​មិត្ត ដោយ​មាន​តួកគី​ ដែល​មាន​ព្រំដែន​ជាប់​នឹង​ស៊ីរី ជា​អ្នក​ផ្តល់​ទីតាំង និង​ទទួលបន្ទុក​ខាង​ភស្តុភា អារ៉ាប៊ីសាអ៊ូឌីត កាតា និង​ប្រទេស​អារ៉ាប់​​ផ្សេងទៀត​នៅ​តំបន់​ឈូងសមុទ្រ​ពែរ្ស៍​ជា​អ្នក​ផ្តល់​លុយកាក់ និង​គ្រឿងសព្វាវុធ ចំណែក​សហរដ្ឋ​អាមេរិក គឺ​ជា​អ្នក​ជួយ​ខាង​បរិក្ខា​យោធា​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ និង​ជួយ​ខាង​ផ្នែក​ចារកិច្ច។
 
គេ​សង្កេតឃើញ​ថា នៅពេលនេះ ប្រតិបត្តិការ​របស់​ក្រុមឧទ្ទាម​ស៊ីរី​ធ្វើ​ឡើង​ដោយ​មាន​ការ​ចាត់ចែង​គ្រប់គ្រង​ត្រឹមត្រូវ​ ដោយ​មិន​រប៉ាត់រប៉ាយ​ដូច​ពីពេលមុន។ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ មន្រ្តី​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ស៊ីរី​បាន​​អះអាង​ថា នៅពេលនេះ គេ​ឃើញ​ទាហាន​ឧទ្ទាម​មាន​អាវុធ​ធុនធ្ងន់មួយ​ចំនួន ក្នុងនោះ ក៏​រួមមាន​ទាំងរថក្រោះ និង​រថពាសដែក​ផងដែរ ដែល​ពួកគេ​វាយដណ្តើម​បាន​ពី​ទាហាន​រដ្ឋាភិបាល​ខ្លះផង ហើយ​​ខ្លះ​ទៀត​បាន​មក​​ដោយសារ​តែ​មាន​កង​រថពាសដែក​បាន​ផ្តាច់ខ្លួន​ទាំងក្រុម​ពី​រដ្ឋាភិបាល​​មកចូល​ជាមួយ​ក្រុម​ឧទ្ទាម ដោយ​នាំ​យក​អាវុធ​ធុនធ្ងន់​ទាំងនេះ​មក​ជាមួយ​ផង។
 
នៅថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​យកការណ៍​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា កងកម្លាំង​ឧទ្ទាម​ស៊ីរី​កំពុង​​ប្រើ​អាវុធ​ធុនធ្ងន់​បាញ់​ផ្លោង​ទៅលើ​ព្រលានយន្តហោះ​មួយ ដែល​ទាហាន​រដ្ឋាភិបាល​ស៊ីរី​យក​ធ្វើ​ជា​ទីតាំង ដើម្បី​វាយប្រហារ​តាម​អាកាស​ទៅលើ​ទីក្រុង Alep។
 
នៅថ្ងៃ​សុក្រ​ស្អែក មហាសន្និបាត​អ.ស.ប. គ្រោង​នឹង​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​មួយ ដែល​ស្នើឡើង​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពីតំណែង ដើម្បី​បញ្ចប់​វិបត្តិ​ស៊ីរី។ គេ​រំពឹង​ថា សេចក្តីសម្រេច​នេះ​អាច​នឹង​​ត្រូវ​អនុម័ត​ចេញ​រួច ពីព្រោះ​ថា ការ​អនុម័ត​សេចក្តីសម្រេច​របស់​មហាសន្និបាត​ គឺ​ធ្វើ​ឡើង​ដោយ​ការ​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន ​ពី​សំណាក់​ប្រទេស​ជា​សមាជិក​​អ.ស.ប.​ទាំង ១៩៣ ហើយ​មិនមាន​ប្រទេស​ណាមួយ​អាច​ប្រើ​សិទ្ធិវ៉េតូ​​ដូចជា​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​នោះទេ។ ក៏ប៉ុន្តែ សេចក្តីសម្រេច​នេះ​ក៏​មិនមាន​អានុភាព​ផ្លូវច្បាប់ ដូចជា​​សេចក្តីសម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នោះដែរ៕

tags: សហរដ្ឋអាមេរិក - ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close