អានតួអត្ថបទ
កម្ពុជា

សាលា​រាជធានី​អំពាវនាវ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ

សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​អគ្គិភ័យ និង​ចៀសវាង​​លេងល្បែង​ស៊ីសង​ជាដើម​ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​បានល្អ​ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ មុននេះ​មួយថ្ងៃ​ពោល គឺ​ថ្ងៃទី ០៨ មេសា ក្រសួងមហាផ្ទៃ​ក៏បាន​ចេញ​សេចក្តីអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំ​ខែ្មរ​ផងដែរ។

ចរាចរណ៍​ណែនណាន់តាន់តាប់​ដោយគ្មានការគោរពច្បាប់​​ ជំរុញ​​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៧០០​នាក់​និង​របួស​ជាង​៧០០០​នាក់​ក្នុង​រយៈពេល​១១ខែ​​ ​ឆ្នាំ២០១១។
ចរាចរណ៍​ណែនណាន់តាន់តាប់​ដោយគ្មានការគោរពច្បាប់​​ ជំរុញ​​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៧០០​នាក់​និង​របួស​ជាង​៧០០០​នាក់​ក្នុង​រយៈពេល​១១ខែ​​ ​ឆ្នាំ២០១១។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ខណៈដែល​បុណ្យចូលឆ្នាំ​ខ្មែរ​ខិតជិត​មកដល់​នោះ សាលា​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​គោរព​ច្បាប់​គោរព​ចរាចរណ៍ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​រយៈពេល​បី​ថ្ងៃនេះ។ តាមរយៈ​សេចក្តីជូនដំណឹង​ដែល​បានចេញ​កាល​ថ្ងៃទី ០៩ មេសា សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ផ្សេងៗ។

បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​នានា​ដែល​បណ្តាលមកពី​ភ្លើងចង្ក្រាន និង​ចរន្តអគ្គិសនី​ជាដើម។ ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​លេងល្បែង​ប្រជាប្រិយ​នានា ក៏ប៉ុន្តែ​ចៀសវាង​ការលេង​បាញ់​ទឹក ជះ​ទឹក លាប​ធ្យូង ឬ ប៉ាត​ម្សៅ។ ទន្ទឹមគ្នានេះ ការលេង​ល្បែងស៊ីសង អុច​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ក៏ត្រូវ​បាន​ហាមឃាត់​ជាដាច់ខាត​ផងដែរ។

យ៉ាងណាក៏ដោយ សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​មិន​គប្បី​ដែល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ។

គួររម្លឹកថា កាលពី​ថ្ងៃទី ០៨ មេសា ក្រសួងមហាផ្ទៃ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុងឱកាស​បុណ្យ​ចូល​ខែ្មរ​ខាងមុខនេះ​ផងដែរ ដើម្បី​ចៀសវាង​គ្រោះថ្នាក់ផ្សេងៗ។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​ការលេង​ល្បែង​មិន​គប្បី​នានា និង​ត្រូវគោរព​ច្បាប់​​ផងដែរ។ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវាផ្សេងៗ រួមទាំង​សេវា​ដឹកជញ្ជូន​ផង​ ​កុំ​មានការ​តម្លើង​ថ្លៃសេវា ​​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ។

សូមបញ្ជាក់ថា កាលពី​អំឡុង​ឆ្នាំ ២០១៣កន្លងមក គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ១៩០០ នាក់ រងរបួស​ធ្ងន់​ស្រាល​ប្រមាណ ៥៣០០ នាក់ និង ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ប្រមាណ ៣២០ លាន​ដុល្លារ។ ចំនួន​អ្នកស្លាប់​និង​របួស​កើនឡើង​យ៉ាង​គំហុក ​នៅក្នុង​ពិធីបុណ្យធំៗដូចជា​ចូលឆ្នាំ​ជាដើម ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ