អានតួអត្ថបទ
កូរ៉េ​ខាង​ជើង

កូរ៉េខាងជើង​ប្រកាស​គ្រោង​ធ្វើការ​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរជាលើកទី៣

កូរ៉េ​ខាងជើង​បាន​ប្រកាស​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​នឹង​​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាលើកទី៣ ព្រមទាំង​បាញ់សាកល្បង​មីស៊ីល​បន្ថែម​ទៀត ដើម្បី​ផ្ចាញ់​សហរដ្ឋ​អាមេរិក ដែល​ក្រុង​ព្យុងយ៉ាង​ចាត់ទុក​ថាជា​ “សត្រូវស៊ីសាច់ហុតឈាម” របស់​ខ្លួន។ ការប្រកាស​ពី​គម្រោង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​ធ្វើឡើង នៅក្រោយ​ពី​អ.ស.ប.​ប្រកាស​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ដែល​បាន​បាញ់សាកល្បង​រ៉ុកកែត កាលពីខែ​ធ្នូ​កន្លងទៅ។

លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង
លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​ព្រហស្បតិ៍​នេះ គណៈកម្មការ​ការពារជាតិ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ខាង​កងទ័ព​នៅ​កូរ៉េ​ខាងជើង បាន​ប្រកាស​ច្បាស់ៗ​ថា រាល់ការ​បាញ់​សាកល្បង​ផ្កាយរណប មីស៊ីល​អន្តរទ្វីប និង​អាវុធ​នុយក្លេអ៊ែរ ដែល​កូរ៉េ​ខាងជើង​គ្រោង​នឹង​ធ្វើ​នេះ គឺ​មានគោលដៅ​ផ្ចាញ់​សហរដ្ឋ​អាមេរិក ដែល​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់​កូរ៉េ​ខាងជើង។ ទោះជាយ៉ាងណា កូរ៉េ​ខាងជើង​មិនបាន​បញ្ជាក់​ច្បាស់លាស់​ថា តើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​ទាំងនេះ នឹង​ត្រូវ​ធ្វើ​នៅពេលណា​ពិត​ប្រាកដ​នោះទេ។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​​កូរ៉េ​ខាង​ត្បូង យុនហាប់ ដែល​ដកស្រង់​ប្រភព​ពី​មន្រ្តី​ចារកិច្ច​កូរ៉េខាង​ត្បូង អ្វីៗ​ត្រូវបាន​កូរ៉េ​ខាងជើង​ត្រៀមរៀបចំ​រួចរាល់អស់ហើយ។ ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​អាច​នឹង​ធ្វើ​ឡើង​នៅពេលណា​ក៏បាន​ដែរ ឲ្យ​តែ​មាន​បញ្ជា​ពី​លោក​គីម ជុងអ៊ុន។

គួររំឭកឡើងវិញ​ថា កូរ៉េ​ខាងជើង​ធ្លាប់​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ២លើក​រួចមកហើយ កាល​ពី​ពេល​កន្លងមក​ គឺ​លើកទី១ នៅ​ឆ្នាំ​២០០៦ និង​លើកទី២ នៅ​ឆ្នាំ​២០០៩។ ជាទូទៅ កូរ៉េ​ខាងជើង​​ធ្វើការ​បាញ់​សាកល្បង​មីស៊ីល​ជាមុន ហើយ​ក្រោយ​ពី​មាន​ការ​ថ្កោលទោស ឬ​ការ​ដាក់ទណ្ឌកម្ម​ពី​សំណាក់​អ.ស.ប. ជុំវិញ​ការ​បាញ់​សាកល្បង​មីស៊ីល​នេះ កូរ៉េ​ខាងជើង​ក៏​​ឆ្លើយតបវិញ ដោយ​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។

ការប្រកាស​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​មិនខុស​ពីលើកមុន​ដែរ គឺ​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ក្នុងការ​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ដែល​បាន​ធ្វើការ​បាញ់សាកល្បង​រ៉ុកែត កាល​ពី​ខែ​ធ្នូ។ ការ​បាញ់​សាកល្បង​រ៉ុកកែត ដែល​កូរ៉េ​ខាងជើង​អះអាង​ថា ជា​ការ​សាកល្បង​ផ្កាយរណប​ស៊ីវិល ក៏ប៉ុន្តែ ក្រុមប្រឹក្សា​សន្តិសុខ​យល់ថា​ជា​ការ​រំលោភ​លើ​សេចក្តីសម្រេច​របស់​ខ្លួន​ពីមុន ដែល​ហាម​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​ធ្វើការ​សាកល្បង​អ្វី​ក៏ដោយ ដែល​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក (Ballistic)។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ចិន ដែល​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​កូរ៉េ​ខាង​ជើង​ ក៏ប៉ុន្តែ បាន​បោះឆ្នោត​គាំទ្រ​ការ​បន្ថែម​ទណ្ឌកម្ម​លើ​ក្រុងព្យុងយ៉ាង កាល​ពីថ្ងៃ​អង្គារ​ដែរ​នោះ បាន​ប្រកាស​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់​មាន​ការ​អត់ធ្មត់ កុំ​ឲ្យ​ធ្វើ​អ្វី ដែល​នាំ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង​ខ្លាំង​ជាងនេះ​ទៅទៀត។ ចិន​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​​ចាប់បើក​ធ្វើឡើងវិញ នូវ​ការ​ចរចា​ ៦ភាគី ដែល​រួមមាន ចិន សហរដ្ឋ​អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាងជើង។ កិច្ចចរចា ដែលត្រូវ​ជាប់គាំង​តាំង​ពី​ខែ​មេសា ឆ្នាំ​២០០៩ ក្រោយ​ពេល​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើកទី២ ហើយ​ប្រកាស​ដើរចេញ​ពី​តុចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ