កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 11 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 11 សីហា 2012

សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ សុខចិត្ត​លាឈប់​ពី​ឆាក​នយោបាយ

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)
©សុវណ្ណារ៉ា

ដោយ ប៉ែន បូណា

ទី​បំ​ផុតទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចុះចាញ់​ក្នុង​សង្គ្រាម​ដណ្តើម​គណបក្ស​ជាមួយ​សហការី​របស់​ព្រះអង្គ​ហើយ។ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាស​ពី​ស្រុក​បារាំង​ថា ព្រះអង្គ​លាឈប់​ពី​ឆាកនយោបាយ​ចាប់ពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នេះ​តទៅ​ហើយ។ សម្តេចក្រុមព្រះ​បាន​ឲ្យ​ដឹងថា ទ្រង់​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌​ជាមួយ​ព្រះមហាក្សត្រ​នៅក្នុង​ព្រះបរមរាជវាំង​វិញ។ ចំណែកឯ​មន្ត្រី​ដែល​មាន​ភក្តីភាព​ជាមួយ​ព្រះអង្គ​ក៏បាន​នាំគ្នា​លា​ឈប់​ពី​គណបក្ស​នយោបាយ​ដែរ។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
 

11/08/2012

ក្នុង​លិខិត​ជូនដំណឹង​មួយច្បាប់​ពី​ប្រទេស​បារាំង ចុះ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បានប្រកាសថា ព្រះអង្គ​លាឈប់​​ពី​ឆាកនយោបាយ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ព្រះអង្គ​ក៏​លែង​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេចផ្សេងៗ របស់​គណបក្សនេះ​តទៅទៀត​ដែរ។
 
កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ សម្តេចក្រុមព្រះ​បាន​បដិសេធ​យ៉ាង​ដាច់​អ​ហ​ង្កា​រថា​ ទ្រង់​នឹងមិន​ឈប់​ពី​ឆាកនយោបាយ​ឡើយ។ ការបដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ បាន​សរសេរ​លិខិត​ស្នើសុំ​ព្រះអង្គ​ឲ្យ​ឈប់សម្រាក​ពី​ឆាកនយោបាយ​ ដើម្បី​បើកឱកាស​ឲ្យ​លោក​បាន​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់លោក​ញ៉ឹក ប៊ុនឆៃ។
 
ប៉ុន្តែ ពេលនេះ​ស្រាប់តែ​ព្រះអង្គ​សម្រេច​ព្រះទ័យ​​លាឈប់​ពី​ឆាកនយោបាយ​ទៅវិញ។ ហេតុផល​ដែល​ព្រះអង្គ​លើក​មក​ពន្យល់​នៅពេលនេះ​ គឺ​ដោយសារតែ​ទ្រង់​យល់ឃើញ​ថា របប​រាជានិយម​នៅ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​រឹងមាំ​ក្រោម​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ដោយ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចក្រុមព្រះ​បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌ និង​សង្គមកិច្ច ជាមួយ​ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជ​វាំង​វិញ។
 
សម្តេចក្រុមព្រះ​ធ្លាប់បាន​លាឈប់​ពី​នយោបាយ​ម្តង​ហើយ កាលពី​ចុងឆ្នាំ២០០៨ ដើម្បី​ទៅ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអង្គ​ក៏បាន​វិល​ចូល​ឆាកនយោបាយ​ឡើងវិញ។
 
ការប្រកាស​លាឈប់​ពី​ឆាកនយោបាយ​របស់​សម្តេច​ក្រុមព្រះ​នៅពេលនេះ បាន​ធ្វើឡើង​ខណៈដែល​គ​ណ​បក្ស​របស់​ទ្រង់​កំពុង​បែកបាក់​យ៉ាងខ្លាំង​ ជុំវិញ​ការបង្រួបបង្រួម​អ្នករាជានិយម។ លោក សៅ រ៉ានី ដែលជា​គូទំនាស់​ជាមួយ​សម្តេចក្រុមព្រះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​អរគុណ​ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​សម្តេចក្រុមព្រះ និង​ចាត់ទុក​ការលាឈប់​នេះ​ថា​បាន​បើកផ្លូវ​ឲ្យ​ការបង្រួបបង្រួម​អ្នករាជានិយម​កាន់តែ​លឿន​ទៅមុខ។
 
ប៉ុន្តែ មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ មិនបាន​ទៅ​ចូលរួម​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​នេះ​ទេ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យ គណបក្ស នរោត្តម រណ​ឫ​ទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា រូបលោក​ផ្ទាល់ ក៏ដូចជា​មន្ត្រី​គណបក្ស​នរោត្តម រណ​ឫ​ទ្ធិ ជាច្រើន​ទៀត​ដែរ​កំពុង​ដាក់ពាក្យ​លាឈប់​ពី​គណបក្ស។ លោក ប៉ែន សង្ហា បញ្ជាក់ថា រូបលោក និង​មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ​នឹងមិន​ចូលរួម​ចលនា​រាជានិយម​ណា​ដែល​គ្មាន​សម្តេចក្រុមព្រះ​នោះឡើយ៕

tags: កម្ពុជា - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close