ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 22 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 22 មិថុនា 2012

អ្នក​បើក​យន្តហោះ​ចម្បាំង​ស៊ីរី​លើក​ដំបូង​បង្អស់​រត់​ចោល​ជួរ​កងទ័ព​

បាតុកម្ម​ប្រឆាំងរបបស៊ីរី
បាតុកម្ម​ប្រឆាំងរបបស៊ីរី
RFI

ដោយ នុយ ប៊ែរណាដែត

អ្នក​​បើក​​​យន្តហោះ​​​ចម្បាំង​​​ធុន​​Mig-21​នៃ​ប្រទេស​​ស៊ីរី​​​​ម្នាក់​​​ បាន​​បើក​​​យន្តហោះ​​​ភៀស​​ខ្លួន​​​​ចូល​​​ទៅ​​​​ប្រទេស ​​Jordanie​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​។​ គឺ​​ជា​​លើក​​ដំបូងបង្អស់​​ដែល​​​អ្នក​​បើក​​​យន្តហោះ​​ស៊ីរី​​មួយ​រូប​​​ ​បាន​​​រត់​​ចោល​​ជួរ​​កងទ័ព​​​បែប​​នេះ​ ចាប់​​តាំងពី​​​កើតមាន​​​​ចលនា​​បះ​បោរ​​​ប្រជាជន​​​​អស់​​រយៈ​​ពេល​​១៥​​ខែ​​កន្លង​​មក​នៅ​ក្នុង​ប្រទស​។​​ ចលនា​​បដិវត្តន៍​​របស់​​ប្រជាជន​​​ស៊ីរី ​ត្រូវ​បាន​​​របប​​លោក​ ​​អាសាត​​វាយ​​បង្ក្រាប​​យ៉ាង​​កាច​​សាហាវ​​ឥត​​ស្រាក​ស្រាន្ត​ ​ជា​ហេតុ​បណ្តាល​​ឲ្យ​​​មនុស្ស​​ស្លាប់​​អស់​​យ៉ាង​​តិច​១​ម៉ឹន​៥ពាន់​នាក់។ ​

សេចក្តីរាយ​ការណ៍​របស់​​ នុយ ប៊ែរណាដែត
 

22/06/2012

គឹ​​ជា​​លើក​​ដំបូង​​បង្អស់​ចាប់​តាំង​​ពី​​មាន​​ការ​​បះបោរ​​​ចលនា​​បដិវត្តន៍​ប្រជាជន​ស៊ីរីនៅ​​ថ្ងៃ​ទី​១៥​មីនា​​២០១១​មក អ្នក​បើកយន្តហោះ​ចម្បាំងស៊ីរីម្នាក់ បាន​រត់​ចោល​ជួរ​កងទ័ពនៅ​​ថ្ងៃ​ព្រហស្បតិ៍​​២១មិថុនា​ម្សិលមិញ។ លោក​វរសេនីយឯក Hassan​ Merhi al-hamadé ដែល​បើក​យន្តហោះ​​​ចម្បាំង​​ធុន ​Mig-21​ផលិត​ដោយ​រុស្ស៊ី​​ បាន​បើក​ភៀស​ខ្លួន​ចូល​ក្នុង​​ទឹកដី​ Jordanie​ ​ដើម្បី​​​សុំ​​​​ចុះ​ចត​​​នៅ​​លើ​​មូលដ្ឋាន​​​​កងទ័ព​​​​អាកាស​ Jordanie ។
 
ព្រឹត្តិការណ៍​នេះ បាន​កើតមាន​នៅខណៈដែល​កង​ទ័ព​ស៊ីរី​ កំពុងបន្តការ​​វាយ​បង្ក្រាប​​យ៉ាង​​ខ្លាំង​​​ឡើងវិញ​​កាលពី​ម្សិលមិញ​ ។ កងទ័ពស៊ីរី ​បាន​បាញ់ផ្លោងគ្រាប់​​កាំភ្លើងធំ​ទៅ​លើ​តំបន់​​​បះ​បោរ​​ ដូច​ជានៅHoms(ភាគកណ្តាលប្រទេស)និង​Deraa (ភាគ​ខាង​ត្បូង)ប្រទេស​​ស៊ីរី។
 
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរិ​ OSDH ការវាយ​បង្ក្រាប​និង​​ការ​វាយ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​​ទាហាន​រត់​ចោល​ជួរ បាន​បណ្តាល​ឲ្យស្លាប់​​មនុស្ស​ ជិត​១៧០​​នាក់​ម្សិលមិញ​។
 
អ្នកបើកយន្តហោះ​ស៊ីរី​ ​បាន​​សុំ​សិទ្ធិជ្រកកោន​នយោបាយ​នៅ​ក្នុង​រាជាណាចក្រ​​​ Jordanie​ និង​​​បាន​ទទួល​យល់ព្រមភា្លម​ពី​សំណាក់​អាជ្ញាធរ​Jordanie។​ នៅ​​ស៊ីរីវិញ រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ប្រកាស​ចាត់​ទុក​​លោក​វរសេនីយឯក Hassan​​ Merhi al-hamadé ថា​ជា​អ្នក​រត់​ចោល​ជួរ​និង​ក្បត់ជាតិ​។ រដ្ឋមន្ត្រី​ការពារជាតិ​ស៊ីរី ថែមទាំងបាន​សន្យា​​ដែរថា ​លោក​វរសេនីយឯក Hassan​ Merhi al-hamadé នឹង​ត្រូវ​ទទួល​​ទណ្ឌកម្ម​ដោយ​អាស្រ័យ​​ទៅ​លើ​​វិធាន​ផ្ទៃ​ក្នុងនិង​បាន​បញ្ជាក់​ផង​ដែរ​ថា​ស៊ីរី បាន​​​ទាក់ទង​ជាមួយ​ប្រទេស Jordanie ហើយដើម្បី​​ទាមទារយន្តហោះធុន Mig-21​ យកមក​វិញ​។​
 
ការគេចខ្លួនរបស់​កងទ័ពជើងអាកាសស៊ីរី​នេះ ត្រូវ​បាន​សហរដ្ឋអាមេរិក​អបអរសាទរ​និង​​សង្ឃឹម​​​ថានឹងមានអ្នកបើកយន្តហោះដទៃ​ទៀតយកគំរូតាមនិង​​បោះបង់​ចោល​របប​លោក​ Assad ។ ពីព្រោះ​កងទ័ព​ស៊ីរី ​ត្រូវបាន​អ.ស.ប.​និង​បណ្តា​ប្រទេស​លោក​ខាង​លិច ក៏ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ ​ចោទ​ប្រកាន់ពី​បទ ​ឧក្រឹដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ។​
 
 ចំណែក ឯកអគ្គ​រដ្ឋទូត​អាមេរិក​នៅ​ស៊ីរី  លោក ​Robert Ford  បាន​ចុះ​ផ្សាយ​នៅ​តាម​​ទំព័រ​បណ្តាញ​សង្គម Facebook​របស់​​ខ្លួននូវ​លិខិត​ចំហ​មួយទៅកាន់​​​​​ទាហាន​ស៊ីរី​ទាំង​អស់​ដោយ​អំពាវ​នាវ​​សុំ​​​ឲ្យ​ឈប់គាំទ្រ​របបលោកអាសាតតទៅទៀតនិង​បានគូស​បញ្ជាក់​ថា អ្នក​ប្រព្រឹត្ត​​​​​​​​អំពើ​សាហាវយង់ឃ្នងនឹងត្រូវចាប់ខ្លួននិងត្រូវ​យកទៅកាត់ទោសដែរ៕

tags: សហរដ្ឋអាមេរិក - ស៊ីរី - ហ្សកដានី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close