ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 15 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 15 មិថុនា 2012

អ៊ុង សានស៊ូជី អំពាវនាវ​សុំ​ការគាំទ្រ​ពី​បរទេស​លើ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា

លោកស្រី​​មេ​ដឹកនាំ​​គណបក្ស​​ប្រឆាំង​​ភូមា អ៊ុង សានស៊ូជី ក្នុង​សន្និសិទ អន្តរជាតិ​ស្តីពី​ការងារ​ដែល​បាន​ប្រព្រឺត្ត​ទៅ កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ នៅ​ទី​ក្រុង Genève
លោកស្រី​​មេ​ដឹកនាំ​​គណបក្ស​​ប្រឆាំង​​ភូមា អ៊ុង សានស៊ូជី ក្នុង​សន្និសិទ អន្តរជាតិ​ស្តីពី​ការងារ​ដែល​បាន​ប្រព្រឺត្ត​ទៅ កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ នៅ​ទី​ក្រុង Genève
REUTERS/Valentin Flauraud

ដោយ អ៊ុង ច័ន្ទ​សោភា

នៅពីមុខ​គណៈប្រតិភូ ចំនួន៤០០០នាក់​មក​ពី​១៨៥ប្រទេស ដែល​ចូលរួម​ក្នុង​សន្និសីទ អន្តរជាតិ​ស្តីពី​ការងារ​ដែលបាន​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅទីក្រុង Genève លោកស្រី​មេដឹកនាំ​គណបក្ស​ប្រឆាំង អ៊ុង សានស៊ូជី បាន លើកឡើង ចំនុច​ជាច្រើន​ទាក់ទង​ទៅនឹង វិស័យ​សេដ្ឋកិច្ច និងសិទ្ធិមនុស្ស​នៅក្នុង​ប្រទេសភូមា។​ ក្នុងនោះ​លោកស្រី​បាន​ទទូចថា​ នៅមាន​កំណែទម្រង់​ចាំបាច់​មួយចំនួន​ទៀត​លើ​ទិដ្ឋភាព​សិទ្ធិ និង​ការពង្រឹងស្ថាប័ន​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ភូមា​ ដែលនេះ​ជា​លក្ខខណ្ឌ​ចំាំបាច់​នៅក្នុង​ការ​ទាក់ទាញ វិនិយោគទុន​បរទេស។​

សេចក្តីរាយការណ៍របស់ អ៊ុង ច័ន្ទ​សោភា
 

15/06/2012 by អ៊ុង ច័ន្ទ​សោភា

ពាក្យពេចន៍​មួយម៉ាត់ៗ​របស់​ប្រមុខដឹកនាំ​ប្រឆាំងភូមា កាលពី​ម្សិលមិញ​បានក្លាយ​ជាទី​ចំណាប់អារម្មណ៍​ដ៏​ពិសេស​របស់​អ្នក​ចូលរួម និង​អ្នកកាសែត នៅក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​នៅ​ទីក្រុង Genève​។​នោះ​ក៏​ដោយសារ​តែ​ការតស៊ូ​ប្រឆាំង​ដ៏​ស្វិតស្វាញ​របស់​ជ័យលាភីរង្វាន់ណូបែល​សន្តិភាព​រូបនេះ​ហើយ​ ដែល​ប្រទេសភូមា​ឈានមក​កែប្រែ​មុខមាត់​ថ្មី​ដូចសព្វ​ថ្ងៃ។

“នេះ​ជា​ឱកាស​មួយ​ដែល​មិនឆ្លាប់​មាន​ពីមុនមកទេ សំរាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​ប្រទេសភូមា។​ សូម​អ្នក​ទាំងអស់​គ្នា​មក​ចូលរួម​ជាមួយ​នឹង​ពួកយើង​ដើម្បី​កសាង​សង្គមមួយ​ដែល​មានអនាគត។ សូម​អ្នកទាំងអស់គ្នា​អញ្ជើញ​មកមើល​ដោយផ្ទាល់​នៅក្នុង​ប្រទេសភូមា នូវ​សក្តានុពល​របស់​យុវជន​ជំនាន់ថ្មី។” នេះ​ជា​ការ​អំពាវនាវ​នៅក្នុង​សំលេង​ដ៏​ម៉ឹងម៉ាត់​របស់​ស្រ្តី​នៃទីក្រុង​រង់ហ្គូន។
 
មេដឹកនាំ​បក្ស​ប្រឆាំង​ខាងលើ បាន​ស្នើ​អោយ​មាន​ច្បាប់​ដែល​មាន​តម្លាភាព នៅក្នុង​វិស័យ​ថាមពល សហគ្រាស​រដ្ឋ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង និង​ការ​ការពារ​ផលិតករ​បន្លែ​តូចតាច។ ជ័យលាភីរង្វាន់ណូបែល​សន្តិភាព​រូបនេះ​ក៏បាន​សំដែង​ការគាំទ្រ​ចំពោះ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​កន្លងមក​របស់​អន្តរជាតិ​ផងដែរ។
 
ឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នកកាសែត នៅឱកាស​សន្និសីទ​កាសែត​លោកស្រី​បាន​អះអាងថា ក្រុមហ៊ុន​ប្រេង​កាតតូតាល់ របស់​បារាំង គឺ​ជា​ក្រុមហ៊ុន​បោះវិ​និយោគទុន​មួយ​ដែល​មាន​ទំនួល​ខុសត្រូវ​នៅក្នុង​ប្រទេសភូមា។ “បើ​ទោះបី​ជា​មាន​ការ​ចោទ​សួរ​ទាក់ទង​នឹង​វេលាកាល​នៃ​របបសឹក​របស់​ភូមា​នៅ​ពេលនោះ​ក៏ដោយ ក៏​ក្រុមហ៊ុន តូតាល់ នៅ​ពេលនេះ​នៅតែ​មាន​ការ​ញញើតញញើម​ទៅនឹង​សំណួរ​ទាក់ទង​នឹង​សិទ្ធិមនុស្ស។ ប៉ុន្តែ ខ្ញុំ​នឹង​មិន​ទាមទារ​អោយ​ក្រុមហ៊ុន​តូតាល់​និង​ក្រុមហ៊ុន Chevron របស់​អាមេរិកាំង​ដក​ខ្លួន​ចេញ​នោះទេ។” លោកស្រី​អះអាង​ថា​ប្រទេសភូមា​ស្វាគម រាល់ការ​បោះ​វិនិយោគទុន​របស់​ក្រុមហ៊ុន​បរទេស ក៏​ប៉ុន្តែ លុះណាតែអ្នក​ទាំងនោះ​គោរព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​បង្ហាញ​ពី​តម្លាភាព​នៅក្នុង​នីតិវិធីជំនួញ។
 
ទាក់ទង​ទៅនឹង​បញ្ហា​យុវជន​នៅក្នុង​ប្រទេសវិញ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំងវ័យ​៦៧​ឆ្នាំ​រូបនេះ ក៏​បាន​អំពាវនាវ​សុំអោយ​ជួយ​យុវវ័យ​ភូមា​ជាច្រើន​ដែល​មិនមាន​ឱកាស​ចូលរៀន​និង​កំពុង​រងគ្រោះ​ដោយ​បញ្ហា​អត់​ការងារ​ធ្វើ។
 
បន្ទាប់​ពី​ទីក្រុង Genève លោកស្រី អ៊ុង សានស៊ូជី ដែល​បាន​ធូរស្រាល​បន្តិច​ហើយ​ពី​អាការៈ​មិនស្រួល​ខ្លួន​កាល​ពី​ល្ងាច​ម្សិលមិញ​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង Oslo ប្រទេស Norvège នៅល្ងាច​ថ្ងៃសុក្រ​នេះ​ដើម្បី​ទៅ​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​លោកស្រី ដោយ​លើកនេះ​ទទួល​ដោយ​ផ្ទាល់ដៃ៕​ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​បាន​ប្រកាស​ផ្តល់​អោយ​លោកស្រី​តាំងពី​ឆ្នាំ​១៩៩១​មក៕

tags: ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close