សេដ្ឋកិច្ច-ហិរញ្ញវត្ថុ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 15 មករា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 15 មករា 2012

ផ្សារ​​មូលបត្រ​កម្ពុជា​នឹង​ចាប់​ផ្តើម​ជួញដូរ​ជា​សាធារណៈ​ក្នុង​១​ខែ​ឬ​២​ខែ​ទៀត​

ទីផ្សារមូលបត្រ​កម្ពុជា​មាន​ទីតាំង​នៅ​ក្នុង​អគារ​កាណាឌីយ៉ា
ទីផ្សារមូលបត្រ​កម្ពុជា​មាន​ទីតាំង​នៅ​ក្នុង​អគារ​កាណាឌីយ៉ា
RFI/Channa Siv

ដោយ គី សុខលីម

ផ្សារ​​មូលបត្រ​​កម្ពុជា​នឹង​​ចាប់​ផ្តើម​​ជួញដូរ​​ក្នុង​​១​​ខែ​​ឬ​​២​​ខែ​​ទៀត។​ ក្រុមហ៊ុន​​របស់​​រដ្ឋ​​ចំនួន​​៣​​នឹង​​ចូល​​រួម​​បោះ​​ភាគហ៊ុន​​លក់​​នៅ​​លើ​​ទីផ្សារ​​មុន​​គេ។​ លោក ​គាត ឈន់ ​រដ្ឋ​​មន្រ្តី​​ក្រសួង​​សេដ្ឋកិច្ច​​និង​​ហិរញ្ញវត្ថុ​ ​​​បាន​​បញ្ជាក់​​ថា​​ការ​​ពន្យារ​ពេល​​វេលា​​ជួញដូរ​​នៅ​​ក្នុង​​ក្រុមហ៊ុន​​ផ្សារ​មូលបត្រ​​កម្ពុជា​​មិន​ត្រូវ​​ចាត់​ទុក​​ជា​​ការ​​ខាត​បង់​​ពេល​​វេលា​​ទេ។ ​តែ​​ ការ​​ពន្យារ​ពេល​​នេះ​​បាន​​ធ្វើ​​អោយ​​មាន​ការ​​គិត​គូរ​​ពី​​ក្របខណ្ឌ​​គតិ​យុត្តិ​​ប្រសើរ​ជាង​​មុន។

សេចក្តីរាយការណ៍​របស់ គីសុខលីម ពីភ្នំពេញ
 

15/01/2012 by គី សុខលីម

បន្ទាប់​ពី​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មន្ត្រី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ដែល​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​នៅថ្ងៃ​អាទិត្យ​នេះ​ថា ទីផ្សារ​មូលបត្រ​កម្ពុជា​នឹង​ដាក់​អោយ​ដំណើរ​ការ​ជួញដូរ​ជា​ផ្លូវការ​នៅ​ក្នុង​១​ខែ​ឬ​២​ខែ​ទៀត​ខាង​មុខ​នេះ។
 
ការ​ប្រកាស​ម្តង​នេះ​ទំនង​ជា​រឿងពិត​ពីព្រោះ​ក្រប​ខ័ណ្ឌគតិយុត្តិ​មួយ​ចំនួន​បាន​រៀបចំ​អស់​ហើយ។
 
បើយោង​តាម​ប្រភព​ដដែល ក្រុមហ៊ុន​រដ្ឋ​ចំនួន​៣​គ្រោង​នឹង​ដាក់​អោយ​ជួញដូរ​មូលបត្រ​របស់​ខ្លួន​ជា​សាធារណៈ​។ ក្រុមហ៊ុន​ទាំងនោះ​ជារួម​មាន៖រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ ទូរគមនាគមន៍​កម្ពុជា​និង​កំពង់ផែស្វយ័ត​កំពង់សោម។
 
លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា ការ​យឺតយ៉ាវ​ក្នុងការ​បង្កើត​ទីផ្សារ​មូលបត្រ​នាពេល​កន្លងមក​គឺ​មិនមែន​កើតឡើង​ដោយសារ​អសមត្ថភាព​ឬ​ដោយ​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​វា​បង្កឡើង​ដោយ​កត្តា​សត្យានុម័ត​មួយ​ចំនួន​ក្នុង​​នោះ​មាន​ការ​រៀបចំ​ច្បាប់​នានា​ជាដើម។  
 
ការ​ពន្យារពេល​ជាច្រើន​លើកច្រើន​សា របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​ផ្សារមូលបត្រ​នេះ​ញ៉ាំង​អោយ​មាន​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​លោក គាត ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ពន្យល់​បកស្រាយ​វិញ​ថា ការ​ពន្យារ​ពេល​វេលា​ជួញដូរ​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​មិនត្រូវ​ចាត់ទុក​ជា​ការ​ខាតបង់​ពេល​វេលា​ទេ ។
 
ផ្ទុយ​ទៅ​វិញ ការ​ពន្យារ​ពេល​នេះ វា​បាន​ផ្តល់​នូវ​ពេល​វេលា​បន្ថែម​ទៀត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ដូចជា គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុងការ​គិតគូរ​អោយ​បាន​ល្អិតល្អន់​អំពី​ក្របខ័ណ្ឌ​គតិយុត្តិ​និង​ក៏​ដូចជា​យុទ្ធនាការ​ទាក់ទាញ​វិនិយោគិន​ក្នុងស្រុក​និង​ក្រៅស្រុក ដើម្បី​ចូលរួម​នៅក្នុង​ទីផ្សារ​នេះ ។ លោក គាត ឈន់ បាន​សង្កត់​ធ្ងន់​ថា៖”យើង​មិន​ចង់​ដើរ​ទៅមុខ​១​ជំហាន ហើយ​ដើរថយ​ក្រោយ​២​ជំហាន​នោះ​ទេ”។
 
កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កូរ៉េ​ដែល​ជា​ដៃគូរ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​នោះ​ទើប​ផ្តល់​ជំនួយ​​អេក្រង់ ទូរទស្សន៍​ទំហំធំ ៦ម៉ែត្រ គុណ ៨ ម៉ែត្រ​ដាក់​តាំង​នៅ​លើ​សួនច្បារ​ផ្លូវភ្លោះ​ខាង​ត្បូង​វិមាន​កាណាឌីយ៉ា​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។
 
គួរ​កត់​សម្គាល់​ថា ផ្សារ​មូលបត្រ​កម្ពុជា​គ្រោង​នឹង​ដាក់​អោយ​ជួញដូរ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ​ប៉ុន្តែ​សាធារណជន​សាមញ្ញ​និង​អ្នក​ជំនាញ​មួយ​ចំនួន​ធំ​នៅ​កម្ពុជា​នៅ​មិន​ទាន់​យល់​ដឹង​ច្រើន​ពី​ប្រតិបត្តិការ​​ផ្សារ​ភាគហ៊ុន​នៅ​ឡើយ​ទេ៕

 

tags: កម្ពុជា - សេដ្ឋកិច្ច - ហិរញ្ញវត្ថុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close