អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បេ្តជ្ញា​យក​ឲ្យ​បាន​មេដាយ​យ៉ាង​ហោច​មួយនៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេម

កីឡាករ​-កីឡា​ការនី​កម្ពុជា ​ចំនួន២០​នាក់​ រួម​ទាំង​គណប្រតិភូ​កីឡា​ចំនួន១៦​នាក់​ បាន​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ​កីឡាករ​-កីឡា​ការនី​ខ្មែរ​ទាំង​នោះ ​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​អាស៊ី ​ដែល​មាន​ឈ្មោះ​ថា​ អាស៊ី​ហ្គេម ​ដែល​​ក្រុង​ Incheon ​ប្រទេស​កូរ៉េ​ខាងត្បូង​ ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា ​ប្តេជ្ញា​ចង់​ឲ្យ​កម្ពុជា ​ទទួល​បាន​មេដាយ​យ៉ាង​ហោច​មួយ​ ពី​ព្រឹត្តិការណ៍​កីឡា​នេះ។

កីឡាករ-កីឡាការនីកម្ពុជា ដែល​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បួង
កីឡាករ-កីឡាការនីកម្ពុជា ដែល​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បួង @NOCC
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​មេដាយ​អ្វី​ក៏​ដោយ​ កម្ពុជា​ ពិត​ជា​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​ ដោយ​អាច​ទទួល​បាន​មេដាយ​មួយ​ ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​ «អាស៊ី​ហ្គេម»​នេះ ​ចាប់​តាំង​ពី​ឆ្នាំ ​១៩៧០​​មក។​ នេះ​បើ​តាម​ការ​លើក​ឡើង​ របស់​លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​គណកម្មា​ធិ​ការ​​ជាតិ​អូឡាំពិក​កម្ពុជា។

លោក​ វ៉ាត់ ​ចំរើន ​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​កីឡា​នេះ ​ជា​ព្រឹត្តិការណ៍​ធំ​ ដូច្នេះ​វា​ប្រាកដ ​ជា​ផ្តល់​ផល​វិបាក​ដល់​កីឡាករ​-ការនី​កម្ពុជា។ ​ប៉ុន្តែ​លោក​នៅ​តែ​សង្ឃឹម​ថា ​ប្រភេទ​កីឡា​តៃក្វាន់ដូ​ និង​ចំបាប់​ នឹង​អាច​រក​មេដាយ​ឲ្យ​កម្ពុជា​បាន​ ព្រោះ​ថា​កីឡា​ទាំង​ពីរ​នេះ ​បាន​ទទួល​មេដាយ​ច្រើន​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​ «ស៊ី​ហ្គេម»​ នា​ពេល​កន្លង​មក។

ជា​ការ​លើក​ទឹក​ចិត្ត​ មុន​ពេល​ចេញ​ដំណើរ​ កីឡាករ​-កីឡាការនី​កម្ពុជា ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ម្នាក់​៤០០ដុល្លារពី​រដ្ឋាភិបាល​ និង​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា។ ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម្រាប់​កីឡាករ​ ដែល​ទទួល​បាន​មេដាយ​មាស​ ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេម​នេះ ​នឹង​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន២​ម៉ឺន​ដុល្លារ ​មេដាយ​ប្រាក់​ ទទួល​បាន​១​ម៉ឺន​ដុល្លារ ​និង​មេដាយ​សំរិទ្ធ​ ទទួល​បាន​៦​ពាន់​ដុល្លារ។

កម្ពុជា​បាន​បញ្ជូន​គណៈប្រតិភូ ​និង​កីឡាករ​-កីឡាការនី​ ចំនួន​៣៦​នាក់​ ដោយ​មាន៧​ប្រភេទ​កីឡា ​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេម​លើក​ទី​១៧ នៅ​​ក្រុង ​ Incheon ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ។ ​កីឡា​ទាំង​៧​ប្រភេទ​នោះ ​រួម​មាន​ ចំបាប់​ តៃ​ក្វាន់​ដូ ​យូដូ ​វាយ​កូន​បាល់ ​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ហែល​ទឹក​ និង​អត្ត​ពលកម្ម។

សូម​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​កីឡា​៤​ឆ្នាំ​ម្តង​ប្រចាំ​តំបន់​អាស៊ី​នេះ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៩​កញ្ញា ​រហូត​ដល់​ថ្ងៃទី​៤​តុលា ​ដោយ​មាន​ប្រទេស​ចំនួន​៤៥​ចូល​រួម​ និង​មាន៣៦​ប្រភេទ​កីឡា ​ដែល​ចែក​ចេញ​ជា៤៣៩ វិញ្ញាសា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ