អានតួអត្ថបទ
កម្ពុជា

«គ្មាន​ការ​រំខាន​ទេ​ពេល​ឃោសនា​បោះ​ឆ្នោត​ប៉ុន្តែ​មាន​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ខុស​ច្បាប់»​

ថ្ងៃ​​​សៅរ៍​​​ទី​​​១៩​​​ខែ​​ឧ​សភា​​​នេះ​​​គឺ​​​ជា​​​ថ្ងៃ​​​ទី​​​២​​​នៃ​​​ការ​​ឃោសនា​​​បោះឆ្នោត​​​ឃុំ​​សង្កាត់​​​ដែល​​​មាន​​​រយៈ​​ពេល​​​​១៥​​​ថ្ងៃ។ រហូត​​​មក​​​ដល់​​​ថ្ងៃ​​​ទី​​​២​​​នេះ​ ​​អង្គការ​​សង្កេតការណ៍​​​បោះឆ្នោត​​​និង​​​គណបក្ស​​​នយោបាយ​​​ដែល​​​បាន​​​ចុះ​​​ឃោសនា​​​​បាន​​​​​អះអាង​​​ដូច​​គ្នា​​​ថា​​បរិយាកាស​​​ឃោសនា​​​បាន​​​ប្រព្រឹត្តទៅ​​​​ដោយ​​​គ្មាន​​​ការ​​​រំខាន​។​​ ប៉ុន្តែ​​​អ្វី​​​ដែល​​​ជា​ការ​​​កត់​​​សម្គាល់​​​គឺ​​​ថា​​ ​​មាន​​​ការ​​​ប្រើ​​ប្រាស់​​ធនធាន​​​ទ្រព្យ​​សម្បត្តិ​​​និង​​​ធនធាន​​​មនុស្ស​​​របស់​​​រដ្ឋ​​​​ដើម្បី​​​ធ្វើការ​​​ឃោសនា​។​​ហើយ​​​នេះ​​​គឺ​​​វា​​​ផ្ទុយ​​​ទៅ​​​នឹង​​​ច្បាប់​​​របស់​​​រដ្ឋ។​​

គណបក្ស​សម រង្ស៊ី​​​​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​​ការ​​បោះ​​​ឆ្នោត​​​ឃុំ​ស​ង្កាត់​​ដែល​​បានឈានចូ​លមក​​​ដល់​​​ថ្ងៃ​​ទី​២​ហើយ​ថ្ងៃសៅរ៍នេះ
គណបក្ស​សម រង្ស៊ី​​​​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​​ការ​​បោះ​​​ឆ្នោត​​​ឃុំ​ស​ង្កាត់​​ដែល​​បានឈានចូ​លមក​​​ដល់​​​ថ្ងៃ​​ទី​២​ហើយ​ថ្ងៃសៅរ៍នេះ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​បាន​ឈានចូល​មក​ដល់​ថ្ងៃ​ទី​២​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ លោក គល់ បញ្ញា នាយកប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel បាន​បញ្ជាក់​ប្រាប់​តាមទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍​ទី​១៩​ឧសភា​នេះ​ថា រហូត​មកដល់​ពេល​នេះ​ លោកពុំទាន់​មាន​របាយការណ៍​ពី​អំពើហិង្សា​នយោបាយ​នៅ​ឡើយ​ទេ។ ​ស្ថានភាពឃោសនា​បាន​ប្រព្រឹត្តិ​ឡើង​ក្រោម​បរិយា​កាស​ល្អ​ប្រសើរ។

 
ចាប់តាំង​ពី​ម្សិលមិញ​មក គណបក្ស​ចំនួន​១០​បាន​ចាប់​ផ្តើម​ដង្ហែ​ក្បួនឃោសនា​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តាខេត្ត​​ទូទាំង​ប្រទេស​កម្ពុជា។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ថ្លែង​ប្រាប់​ថា លោកផ្ទាល់​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ចុះ​ជួប​ជាមួយ​សកម្មជន​របស់​លោក​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ ចាប់តាំង​ពី​ថ្ងៃ​ម្សិញមិញ​រហូតមកដល់​ថ្ងៃ​សៅរ៍​នេះ គណបក្សសិទ្ធិមនុស្ស​មិន​មាន​បញ្ហា​ក្នុងការ​ឃោសនា​ទេ​។​ ​អ្វី​ៗបាន​ប្រព្រឹត្តិ​ទៅដោយ​គ្មានការ​រំខាន។នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក កឹម សុខា ពី​ខេត្ត​កំពង់​ចាម។

លោក ប៉ែន សង្ហាអ្នកនាំពាក្យ​គណបក្ស​នរោត្តមរណឫទ្ធិ​បាន​និយាយ​ប្រាប់នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​ថាដំណើការ​ឃោសនា​របស់​គណបក្ស​គណបក្ស​នរោត្តមរណឫទ្ធិ​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់។ មិនមាន​ការ​រំខាន​អ្វី​ទេ។នៅ​ថ្ងៃសៅរ៍​នេះព្រះ​អង្គម្ចាស់​ នរោត្តមរណឫទ្ធិ ​បាន​យាង​ចុះ​ឃោសនា​​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​ព្រៃវែង។

លោកគល់ បញ្ញា នាយកប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោ Comfrel បាន​បញ្ជាក់​ទៀត​​ថា បរិយាកាស​ឃោសនា​ទូទៅ​នៅ​ថ្ងៃ​ទី​២​នេះមិន​មានបញ្ហា​អ្វី​ទេ។ ប៉ុន្តែ​ អ្វី​ដែល​ជាការ​កត់​សម្គាល់​​​​គឺថា​«មានការប្រើប្រាស់​ធនធាន​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដូចជា​រថយន្ត​និង​ធនធាន​មនុស្ស​​របស់រដ្ឋ​ក្នុងការ​ឃោសនា​រក​សំឡេង​ឆ្នោត។ ទង្វើ​នេះ​ គឺ​វា​ប្រាសចាក​ទៅនឹងច្បាប់​មន្ត្រី​រាជការ​​របស់​រដ្ឋ»។

លោក បញ្ញា មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ថា គណបក្ស​ណា​ជា​អ្នក​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ទាំង​អស់​នោះ​ទេ​ប៉ុន្តែ​លោក​ចង់​សំដៅ​ទៅ​កាន់​មន្រ្តី​សមាជិក​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ។ លោក គល់ បញ្ញា បាន​ពន្យល់​ប្រាប់​ថា ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ ខេត្ត​ក្រុង សមាជិក​រដ្ឋ​សភា ព្រឹទ្ធសភា និង​សមាជិក​រាជរដ្ឋាភិបាល​មាន​សិទ្ធិចូលរួម​ការ​ឃោសនា​បោះឆ្នោត​បាន​ប៉ុន្តែ​មន្ត្រីរាជការ​របស់​រដ្ឋ​មិន​អាច​ចូលរួម​បាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ