អានតួអត្ថបទ
សរអា-អេបូឡា

ញូយកដល់វេនឆ្លង មេរោគអេបូឡាហើយ

គ្រូពេទ្យ​នៅ​​ក្រុង​ញូយក​​ម្នាក់​​ឈ្មោះ ​Craig Spencer​ ដែល​​ទើប​នឹង​វិល​ត្រឡប់​មកពី​​ប្រទេស​​អាហ្វ្រិក​​ខាង​​លិច​​នា​​ពេល​ថ្មីៗ​​នេះ ​បាន​ឆ្លង​មេរោគ​អេបូឡា​និង​ត្រូវ​​បាន​​​ដាក់​​ឲ្យ​​នៅ​ដាច់​​ដោយ​ឡែក​ពី​គេ​ នៅ​​មន្ទីរ​​ពេទ្យ​មួយ​នៅ​​ក្រុង​ញូយក​​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​២៣​តុ​លា​ម្សិលមិញ។​ នេះ​​ជា​​ការ​​ថ្លែង​​ប្រាប់​​របស់​​ចៅហា្វយ​​ក្រុង​​ញូយក​លោក​ ​Bill de Blasio​ នៅ​ឱកាស​សន្និសីទ​​កាសែត​មួយ​​កាលពី​​យប់​​ម្សិលមិញ​ដោយ​បាន​អំពាវនាវ​សុំ​​កុំឲ្យ​ប្រជាជន​នៅ​ញូយក​មាន​ការ​ភិតភ័យ​​​ជ្រួល​ច្របល់ឡើយ។

មន្ទីរពេទ្យ​Bellevue​ ជាទីដែលលោក Craig Spencer ត្រូវបានដាក់ឲ្យនៅដាច់ពីគេនៅក្រុងញូយក២៣តុលា២០១៤​
មន្ទីរពេទ្យ​Bellevue​ ជាទីដែលលោក Craig Spencer ត្រូវបានដាក់ឲ្យនៅដាច់ពីគេនៅក្រុងញូយក២៣តុលា២០១៤​ AFP PHOTO / Timothy A. Clary
ផ្សាយពាណិជ្ជកម្ម

 

ក្នុងអាយុ ៣៣​ឆ្នាំ លោក​ Craig Spencer​ គ្រូពេទ្យអាមេរិកាំងរូបនេះ ​ធ្លាប់​បាន​​ព្យាបាល​អ្នក​ជម្ងឺ​ឆ្លង​មេរោគ​អេបូឡាជាច្រើននាក់​ ក្នុងអំឡុងពេលលោកធ្វើការជាមួយអង្គការ​គ្រូពេទ្យ​គ្មាន​​ព្រំដែន​​(Médecin sans frontières) នៅ​អាហ្វ្រិក​ខាងលិច។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដល់​វេន លោក Spencer វិញ​ម្តង​ដែល​ត្រូវ​គេ​ដាក់ អោយ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ញូយក ដើម្បី​​ឲ្យ​គ្រូពេទ្យ​ពិនិត្យអការៈរោគ​ដោយ មូលហេតុ មក​ពី​គាត់​មាន​អការៈ​រោគ​គ្រុន​ក្តៅ​ខ្លាំង​រហូត​ដល់​៣៩ អង្សា​ក៏​ព្រម​ទាំង​ឈឺពោះ​ខ្លាំង​ផង។ វិធានការ​នេះ គឺ​ដើម្បី​ចៀសវៀង​​កុំ​ឲ្យ​អ្នក​ជម្ងឺ​ ​មាន​ការ​ទាក់ទង​ជាមួយ​អ្នក​ខាង​ក្រៅ​ច្រើន។
យោង​តាម​អាជ្ញាធរ​ញូយក លោក Craig Spencer​ កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ Bellevue ក្នុង​ក្រុង​Manhattan ដែល​ជា អគារ​ពេទ្យ​មួយ​ក្នុង​ចំណោម​អគារពេទ្យ​ទាំង​អស់​ចំនួន​៥​កន្លែង ដែលគេ​បាន​រៀប​ចំ​ទុក​ជាមុន ជាពិសេស​សំរាប់​ការ​ព្យាបាល​ជាយថាហេតុ​​ក្នុង​ករណី​មាន​​អ្នកជម្ងឺ​អេបូឡា​នៅ​ក្រុង​ញូយក​នេះ។ ​ប្រភព​ដដែល​បានបញ្ជាក់ទៀតថា មនុស្ស​​ចំនួន​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​មន្ទីរពេទ្យ​ដែរ ដើម្បី​​ពិនិត្យ​រក​មេ​រោគ​អេបូឡា ដោយ​មក​ពី​ពួក​គេ​ មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​មាន​ជម្ងឺ​ក្នុង​ចំណោម​នោះ មាន​នារី​សង្សា​របស់​គាត់​និង​មិត្តភ័ក្តិពីរ​នាក់​ទៀត​របស់​អ្នក​ជម្ងឺ។

ចៅហ្វាយ​ក្រុងញូយក បាន​អះអាង​ទៀត​ថា “ ក្រុង​ញូយក បាន​រៀបចំ​ជើង​ព្រួល​រួចជាស្រេច​ ដើម្បី​ប្រឆាំង​ទល់​នឹង​មេរោគ​អេបូឡា។ ដោយ​និយាយ​លើក​ទឹកចិត្ត​ប្រជាជន​ខ្លួន​កុំ​ឲ្យ​មាន​ការ​ភិតភ័យ​ខ្លាំង​ លោក​ខិតខំពន្យល់ទៀត​ថា “មេរោគ​អេបូឡា មិនមែន​ចេះ​តែ​ឆ្លង​ងាយៗ​នោះ​ទេ ពីព្រោះ​អេបូឡា ​វា​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ឈាម​ដោយ​ផ្ទាល់​ឬ​ក៏​ប៉ះ​ទឹក​រងៃ​ដែល​ហូរ​ចេញ​ពី​ខ្លួន​ប្រាណ​របស់​អ្នក​ឆ្លង​មេរោគ​អេបូឡា​និង​ក៏​ពុំ​ឆ្លង​ទេ បើ​គ្រាន់​តែ​ប៉ះ​គ្នា​ធម្មតា​នោះ។

លោក Craig Spencer​ គឺ​ជាករណី​ឆ្លង​មេរោគ​អេបូឡា​លើក​ទី​៩​ហើយ ដែល​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​នៅ​សហរដ្ឋអាមេរិក។ គួរ​រំលឹក​ថា លើក​លែង​តែ​ជនជាតិ លីបេរីយ៉ា​ម្នាក់​ប៉ុណ្ណោះ​គត់ ​ដែល​ការ​ពិនិត្យ​រក​មេរោគ​យឺតយ៉ាវ​ជ្រុល អ្នក​ជម្ងឺ​ទាំង​អស់​ដែល​បាន​ទទួល​ការ​ព្យាបាល​នៅ​លើ​ទឹក​ដី​អាមេរិក សុទ្ធតែ​បាន​ជា​សះ​ស្បើយ​ទាំង​អស់​គ្នា​ពី​មេរោគ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ