ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 26 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 27 តុលា 2012

បក្ស​កុម្មុយនិស្ត​ចិន​នៅតែ​ញំាញី​ដោយ​រឿង​អាស្រូវ

លោក​វេន ជាប៉ាវ​ នាយករដ្ឋមន្រ្តី ចិន
លោក​វេន ជាប៉ាវ​ នាយករដ្ឋមន្រ្តី ចិន
©REUTERS/Petar Kujundzic

ដោយ អៀង សុខម៉ិញ

នៅ​ប្រទេស​ចិន​ បក្សកុម្មុយនិស្ត​កំពុង​​ជួប​រឿង​ដ៏​ទើសទាល់​ខ្លាំងមួយ​ទៀត ព្រោះ​បើ​តាម​ការអង្កេត​របស់​កាសែត​អាមេរិក New York Times គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន វេន ជាវប៉ាវ មាន​ទ្រព្យ​ធន សរុប​មិន​តិច​ជាង​២ពាន់​៧​រយ​លាន​ដុល្លារ​អាមេរិក ! គឺ​វា​ខុស​ស្រលះ​ពី​អ្វី​ដែល​លោក​វេន​ធ្លាប់​បង្ហាញ​ថា ជា​គ្រួសារ​សាមញ្ញ និង​ជា​នាយក​រដ្ឋមន្ត្រី​ស្និទ្ធ​នឹង​ប្រជាពលរដ្ឋ។

បើ​តាម​របាយការណ៍​លម្អិត​របស់​ ញូវយ៉ក​ថែមស៍ ទ្រព្យ​របស់​ម្តាយ បង​ប្អូន​បង្កើត កូន​ និង​ប្រពន្ធ​របស់​លោក វេន​ជាវប៉ាវ បាន​កើន​ឡើង​ខ្លាំង​គិត​ចាប់​តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ចិន​មក ពោល​គឺ​តាំង​ពី​ បាន​ឡើង​ធ្វើ​ជា​ឧបនាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៨​ និង​​នាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ​២០០៣មក រហូត​ដល់​​ថ្ងៃ​ទី​៨​វិច្ឆិកា​ខាង​មុខ​នេះ។ គ្រាន់​តែ​ កាសែត ឌឹញូវយ៉ក​ថែម​ស៍​ចុះផ្សាយ​ដំណឹង​នេះភា្លម​ (តាំង​ពី​ព្រលឹម​ថ្ងៃសុក្រ​​នេះ​មក)​ អាជ្ញាធរ​ចិន​បាន​បិទ​ខ្ទប់​ភ្លាម​ ទាំង​ជាភាសា​ចិន ភាសា​អង់គ្លេស លើ​ប្រព័ន្ធ​អ៊ីនធឺណែត មិន​ឱ្យ​បណ្តាជន​ចិន​អាច​រក​ឃើញ​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ក្រុម​គ្រួសារ​លោក​វេន ជាប៉ាវ​ឡើយ។

 
សូម​បញ្ជាក់​ថា​តាំង​ពី​ខែ​មិថុនា​មក វេបសាយ​Bloomberg  ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ដែរ​ព្រោះ​ វេបសាយ​នេះ​បាន​សរសេរ​លម្អិត​អំពី​ទ្រព្យសម្បត្តិ​របស់​លោក ស៊ី ជីនពីង អនាគត​ប្រធានាធិបតី​ចិន​ថ្មី ថា មាន​ធនធាន​វិនិយោគ​តម្លៃ​ប្រមាណ​៣៧៥​លាន​ដុល្លារ​អាមេរិក និង​ចំណែក​ហ៊ុន​មិន​ផ្ទាល់​មួយ​ទៀត មាន​ប្រមាណ​១៧០០​លាន​ដុល្លារ។
 
កាសែត ឌឹ​ញូវយ៉ក​ថែមស៍​បាន​ស្នើ​សុំ​ប្រតិកម្ម​ពី​គ្រួសារ និង​ពី​រដ្ឋាភិបាល​ចិន ប៉ុន្តែ​គ្មាន​នរណា​យល់ព្រម​បញ្ចេញ​សោះ​ឡើយ​នៅ​ពេល​នេះ​ ម៉ោង​នេះ។ ជាទូទៅ​ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ជីវិត​ឯកជន និង​ទ្រព្យ​ធន​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ជា​រឿង​សំងាត់​របស់​រដ្ឋ។
 
ការ​បរិហារ​គឺ​ធ្វើ​ឡើង​ដោយ​កម្របំផុត លើក​លែង​តែ​ករណី​ លោក ប៉ូ ស៊ីឡៃ អតីត​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំខេត្ត​ចុងឈីង និង​ជា​ឥស្សរជន​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ ប៉ុន្តែ បាន​បង្ក​ឱ្យ​ផ្ទុះ​រឿង​អាស្រូវ​ដ៏ធំ​បំផុត​នៅ​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​ចិន។
 

លោក​ប៉ូ ស៊ីឡៃ នៅក្នុង​សភា (រូបថត​បណ្ណសា)
©Reuters

ស្តី​អំពី​សំណុំរឿង​លោក​ប៉ូស៊ីឡៃ​នេះ បន្ទាប់​ពី​បណ្តេញ​ពី​បក្ស កាលពី​ខែ​មុន  នៅ​ថ្ងៃ​សុក្រទៀត លោក​ប៉ូស៊ីឡៃ​ ​ត្រូវ​បាន​គេ​ដកចេញ​ពី​សមាជិកភាព​សភា ជា​ផ្លូវការ។ មាន​ន័យ​ថា លោកប៉ូ ស៊ីឡៃ​ លែង​មាន​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា ដូច្នេះ​លោកនឹង​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​ស៊ីវិល ចំពោះ​ការចោទ​ប្រកាន់​ទាំងឡាយ​មាន​ជាអាទិ៍​ការពុករលួយ​ទ្រង់ទ្រាយ​ធំ និង​ឃុបឃិត​ធ្វើឃាត​លើ​ជនជាតិ​អង់គ្លេស។

ប្រសាសន៍របស់មេធាវី លោកប៉ូស៊ីឡៃ
 

26/10/2012 by សេង ឌីណា

 

 

tags: គណបក្សនយោបាយ - ចិន - អំពើពុករលួយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close