កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 23 មិថុនា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 26 មករា 2012

ភាព​ស្មុគស្មាញ​ក្នុង​ដំណើរការ​ចរចា​បង្កើត​តុលាការ​ខ្មែរ​ក្រហម

ពិធីចុះហត្ថលេខា​រវាង​អ.ស.ប.​ និង​កម្ពុជា ​លើ​កិច្ចព្រមព្រៀង​បង្កើត​តុលាការ​ខ្មែរក្រហម
ពិធីចុះហត្ថលេខា​រវាង​អ.ស.ប.​ និង​កម្ពុជា ​លើ​កិច្ចព្រមព្រៀង​បង្កើត​តុលាការ​ខ្មែរក្រហម

ដោយ សេង ឌីណា

នៅខែមិថុនា ឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​ផ្ញើជូន​អគ្គលេខាធិការ​អ.ស.ប. ស្នើសុំ​ជំនួយ ក្នុងការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។ ក្រោយពេល​ទទួល​បាន​លិខិត​នេះ មហាសន្និបាត​អ.ស.ប.​ក៏បាន​អនុម័ត​យល់ព្រម​ជួយដល់​កម្ពុជា។ ក៏ប៉ុន្តែ ការចរចា​​ត្រូវបាន​អូសបន្លាយ​ពេល​ដល់ទៅ​៦ឆ្នាំ ទើប​តុលាការ​កូនកាត់មួយ​ត្រូវបាន​បង្កើតឡើង។ តើអ្វីទៅ​ដែល​ជា​ចំណុច​ចម្រូងចម្រាស​ធ្វើឲ្យ​ការ​ចរចា​ត្រូវ​ចំណាយពេល​យូរ​ដូចនេះ?

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា
 

24/01/2012

នៅពេលដែល​កិច្ចចរចា​បាន​ចាប់ផ្តើម​ឡើង​ភ្លាម អ.ស.ប. និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ជំហរ​ខុសគ្នា​ស្រឡះ ទាក់ទង​នឹង​សំណួរ​ដែលថា តើ​តុលាការ​បែបណា​ដែល​នឹង​ត្រូវ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម? អ.ស.ប.​ទាមទារ​ឲ្យ​បង្កើត​តុលាការ​អន្តរជាតិ។ ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា​វិញ ទាមទារ​ឲ្យ​ធ្វើការ​កាត់ទោស​ខ្មែរក្រហម ក្នុង​តុលាការ​ជាតិ​ដែល​មាន​ស្រាប់ ហើយ​ចៅក្រម និង​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ ចូលរួម​គ្រាន់តែ​ជា​ជំនួយ​ដល់​ចៅក្រម​ខ្មែរ​តែ​ប៉ុណ្ណោះ។

បើសិនជា​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ត្រូវ​ប្រគល់​ទៅឲ្យ​តុលាការ​កម្ពុជា ជា​អ្នក​ជំនុំជម្រះ​ បញ្ហា​ដែល​ចោទ​ជា​ចម្បង ​គឺ​ឯករាជ្យ​នៃ​ចៅក្រម​ខ្មែរ។ ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា ស្ថិតក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​កម្ពុជា។ ម្យ៉ាងវិញទៀត ចៅក្រម​ខ្មែរ​ភាគច្រើន គឺ​ជា​ជន​រងគ្រោះ​ដោយ​របបខ្មែរក្រហម។ ដូចនេះ បើសិនជា​ឲ្យ​ចៅក្រម​ខ្មែរ​ជា​អ្នក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម គឺ​ប្រៀបដូច​ជា​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី មក​ធ្វើ​ជា​ចៅក្រម​កាត់ទោស​ជនល្មើស​អ៊ីចឹង​​ដែរ។
 
ហេតុនេះហើយបាន​ជា​អ.ស.ប.​ច្រានចោល​នូវ​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ នៅក្នុង​តុលាការ​កម្ពុជា។
 
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៩ នៅក្នុង​ឱកាស​មហាសន្និបាត​អ.ស.ប. នៅ​ទីក្រុង​ញូវយ៉ក លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តល់​ជម្រើស​បី ដល់​អ.ស.ប. គឺ៖
  • ជម្រើស​ទី១៖ ចូលរួម​ក្នុង​ដំណើរការ​​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម នៅក្នុង​តុលាការ​កម្ពុជា ដោយ​បញ្ជូន​អ្នកច្បាប់​បរទេស​ឲ្យ​មក​ចូលរួម​ក្នុង​ដំណើរការ​កាត់ទោស​នេះ។
  • ជម្រើស​ទីពីរ៖ កម្ពុជា​រៀបចំ​កាត់ទោស​ដោយ​ខ្លួនឯង ហើយ​អ.ស.ប.​អាច​បញ្ជូន​អ្នកច្បាប់​បរទេស​មក​ចូលរួម​ក្នុង​ឋានៈ​ត្រឹមតែ​ជា​អ្នកជំនួយការ​ដល់​ចៅក្រម​ខ្មែរ​។
  • ជម្រើស​ទីបី៖ ​អ.ស.ប. ដកខ្លួន​ចេញ​ទាំងស្រុង​ពី​ដំណើរការ​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ ដោយ​ទុក​ឲ្យ​កម្ពុជា​រៀបចំ​ធ្វើ​តែម្នាក់ឯង។
 
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០០ លោក​កូហ្វ៊ី អាណាន់ (Kofi Annan) អគ្គលេខាធិការ​អ.ស.ប. បាន​យល់ព្រម​ឲ្យ​រៀបចំ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​តុលាការ​កម្ពុជា តែ​បាន​ទាមទារ​ឲ្យ​កម្ពុជា​បំពេញ​តាមលក្ខខណ្ឌ​ចំនួនបួន គឺ៖
 
  • រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធានា​ថា​នឹង​ចាប់ខ្លួន​រាល់​មេដឹកនាំ​ខ្មែរក្រហម​ណា ដែល​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់។
  • កម្ពុជា​មិនត្រូវ​ធ្វើការ​លើកលែងទោស​ដល់​មេដឹកនាំ​ខ្មែរក្រហម​ណា ដែល​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ហើយ។
  • ព្រះរាជអាជ្ញា​ត្រូវតែ​ជ្រើសរើស​ចេញ​ពីក្នុង​ចំណោម​អ្នកច្បាប់​បរទេស មិនមែន​ជា​ព្រះរាជអាជ្ញា​ខ្មែរ​នោះទេ។
  • ចៅក្រម​បរទេស​ត្រូវ​មាន​ចំនួន​ច្រើនជាង​ចៅក្រម​ខ្មែរ។
 
សំណើ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល ហើយ​ការ​ចរចា​ក៏ត្រូវ​ជាប់គាំង។
 
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០០ លោក​ចន ឃែរី (John Kerry) សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល២​ថ្ងៃ ដើម្បី​សម្របសម្រួល​ ឲ្យ​មាន​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អ.ស.ប.។ ទីបំផុត កម្ពុជា និង​អ.ស.ប. បាន​ព្រមព្រៀង​គ្នា លើ​រចនាសម្ព័ន្ធ​តុលាការ ដែល​មាន​សមាសភាព​ចៅក្រម​​ចម្រុះ ក៏ប៉ុន្តែ ចៅក្រម​ខ្មែរ​មានចំនួន​ច្រើន​ជាង​ចៅក្រម​បរទេស។ ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបអង្កេត ក៏​នឹង​មាន​ចៅក្រម​ខ្មែរ​និង​បរទេស​ចូលរួម​ដែរ។
 
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០០១ សភាជាតិ​កម្ពុជា បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​ច្បាប់​បង្កើត​តុលាការ​កូនកាត់​ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា “អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​កាត់ទោស​បទឧក្រិដ្ឋ​ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្រោម​របប​ខ្មែរក្រហម”។
 
ក៏ប៉ុន្តែ មកដល់​ដំណាក់​កាលនេះ បញ្ហា​មួយ​ទៀត​បាន​ចូល​មកដល់​ ដែល​បណ្តាល​ឲ្យ​ការចរចា​រវាង​អ.ស.ប. និង​កម្ពុជា ត្រូវ​ជាប់គាំង​ម្តងទៀត នោះ​គឺ​បញ្ហា​ទាក់ទង​នឹង​ការ​លើកលែង​ទោស​ដល់ អៀង សារី កាលពី​ឆ្នាំ១៩៩៦ ក្រោយពី​អតីត​ឧបនាយករដ្ឋមន្រ្តី​ខ្មែរ​ក្រហម​រូបនេះ​បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
 
គួរ​បញ្ជាក់ថា នៅ​ចុងឆ្នាំ​២០០០ ក្រោយពេល​ដែល​កម្ពុជា​យល់ព្រម​បង្កើត​តុលាការ​ចម្រុះ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ហើយ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​អះអាង​ប្រាប់​ទូរទស្សន៍​ជប៉ុន​មួយ​ថា អៀង សារី នឹង​មិនត្រូវ​គេ​យក​មក​កាត់ទោស នៅក្នុង​តុលាការ​ពិសេស​នេះ​ទេ ព្រោះថា អៀង សារី ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​រួចហើយ កាល​ពី​ឆ្នាំ​១៩៩៦។
 
នៅក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម ដែល​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត នៅ​ថ្ងៃទី២ មករា ឆ្នាំ២០០១ ក៏បាន​កម្រិត​ផងដែរ មិនឲ្យ​ព្រះរាជអាជ្ញា​ធ្វើ​ការ​ចោទប្រកាន់ ដល់​មេដឹកនាំ​ខ្មែរក្រហម​ណា ដែល​ត្រូវបាន​លើកលែងទោស​ហើយ​នោះទេ។ លោក Hans Corell មន្រ្តី​អ្នកច្បាប់​អ.ស.ប. ដែល​ទទួលបន្ទុក​ចរចា​បង្កើត​តុលាការ​ខ្មែរក្រហម ក៏បាន​ផ្ញើ​លិខិត​មួយច្បាប់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្តែង​ការ​ជំទាស់​ទៅនឹង​​ការ​ដាក់កម្រិត​ដល់​ព្រះរាជអាជ្ញា​នេះ។
 
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០១ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​អេភី (AP) ថា​ អ.ស.ប.​ចង់ឲ្យ​កម្ពុជា​ធ្វើអ្វីៗ​តាមតែ​ខ្លួន​បញ្ជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​លើកឡើង​ផងដែរ​ថា ប្រសិន​បើ​អ.ស.ប.​មិន​ពេញចិត្ត​នឹង​ច្បាប់​ដែល​សភាជាតិ​កម្ពុជា​បាន​អនុម័ត​នេះទេ អ.ស.ប.​អាច​ដកខ្លួន​ចេញពី​ដំណើរការ​កាត់ទោស​នេះ ហើយ​កម្ពុជា​នឹង​រៀបចំ​ធ្វើ​តែម្នាក់​ឯង។
 
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​កាលណោះ ជា​ប្រធាន​រដ្ឋសភា​ក៏​បាន​បន្ទរ​តាម​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ ហើយ​ថែមទាំង​បាន​លើកឡើង​​ទៀត​ថា អ.ស.ប.​ទទួល​យក ឬ​មិន​ទទួលយក​ច្បាប់​ដែល​សភាជាតិ​កម្ពុជា​បាន​អនុម័ត គឺ​ជា​រឿង​អ.ស.ប.។ កម្ពុជា​នឹង​មិនចរចា​ជាមួយ​អង្គការ​សហប្រជាជាតិទៀតទេ។
 
នៅថ្ងៃទី១០ សីហា ឆ្នាំ២០០១ ព្រះបាទ​ នរោត្តម សីហនុ ព្រះមហាក្សត្រ​កម្ពុជា​បាន​ឡាយ​ព្រះហស្ថលេខា ប្រកាស​ឲ្យប្រើ​ច្បាប់​ស្តីពី​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​អនុម័ត ហើយ​ដែល​ត្រូវបាន​អ.ស.ប.​ជំទាស់។
 
ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០០២ អ.ស.ប.​ក៏បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ការ​ចរចា​ជាមួយ​កម្ពុជា ក្នុងការ​បង្កើត​តុលាការ​កាត់ទោស​ខ្មែរក្រហម ហើយ​​បាន​លើកឡើង​ទៀត​ថា តុលាការ​កម្ពុជា​នឹង​មិនអាច​ធានា​ថា​ ដំណើរការ​កាត់ទោស​ខ្មែរក្រហម​នឹង​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ឯករាជ អព្យាក្រឹត និង​មិន​លម្អៀង​បានទេ។
 
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចោទ​អ.ស.ប.​ថា ​មាន​ចេតនា​រាំងខ្ទប់​ដំណើរ​កាត់ទោស​ខ្មែរក្រហម​មិនឲ្យ​ចេញរួច ដែល​ជា​ល្បិចកល ដើម្បី​ការពារ​អតីត​មេដឹកនាំ​ខ្មែរក្រហម ហើយ​ថា បើទោះជា​អ.ស.ប.​​ដកខ្លួន ក៏​កម្ពុជា​នឹង​នៅតែ​រៀបចំ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែរ។ ក៏ប៉ុន្តែ លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ដែលជា​ប្រធាន​ក្រុមការងារ​តុលាការ​ខ្មែរក្រហម ​បាន​លើកឡើង​ថា កម្ពុជា​នឹង​នៅតែ​បើកទ្វារ​ចំហ​ ប្រសិន​បើ​អ.ស.ប.​​វិលមក​តុ​ចរចា​វិញ។
 
ជិត​មួយ​ឆ្នាំ​ក្រោយ​មក ក្រោយពី​មាន​ការ​ចរចា​ក្រៅ​ផ្លូវការ ជាពិសេស ការ​ជួប​សន្ទនាគ្នា​តាម​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​អគ្គលេខាធិការ​អ.ស.ប.​កូហ្វ៊ី អាណាន់ កិច្ចចរចា​ផ្លូវការ​ក៏​បាន​ចាប់បើក​ឡើងវិញ នៅថ្ងៃទី៦ ខែ​មករា ឆ្នាំ២០០៣។ ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ថា ការ​យក អៀង សារី ទៅ​កាត់ទោស ឬ​មិនយក គឺ​ត្រូវ​ទុកឲ្យ​ព្រះរាជអាជ្ញា​ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ជា​អ្នក​សម្រេច។
 
កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អ.ស.ប.​ត្រូវបាន​ចុះ​ហត្ថលេខា នៅ​ថ្ងៃទី៦ មិថុនា ២០០៣។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បញ្ជូន​ទៅ​រដ្ឋសភា​កម្ពុជា ដើម្បី​ផ្តល់​សច្ចាប័ន។ ក៏ប៉ុន្តែ ការប្រជុំ​ផ្តល់​សច្ចាប័ន​មិនអាច​ធ្វើទៅបាន ​ដោយ​រដ្ឋសភា​នីតិកាលទី២ ត្រូវ​ផុត​អាណត្តិ។
 
នៅថ្ងៃទី២៧ កក្កដា ២០០៣ កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោតជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​នាំមុខគេ តែ​មិនគ្រប់​២ ភាគ៣ ដើម្បី​រៀបចំ​រដ្ឋាភិបាល​តែម្នាក់ឯង​បាន ធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​ត្រូវ​ជាប់គាំង​អស់​រយៈពេល​ប្រមាណ​ជិត១ឆ្នាំ។
 
រហូតដល់​ថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៤ ទើប​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​បង្កើតឡើង។ ថ្ងៃទី៥ តុលា ឆ្នាំ​ដដែល រដ្ឋសភា​ថ្មី​បាន​បើក​កិច្ចប្រជុំ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ ដែល​​បាន​អនុម័ត កាលពី​ឆ្នាំ២០០១។ នៅ​ក្នុង​មាត្រា ៤០ នៃ​ច្បាប់​ថ្មីនេះ ចែង​ថា “វិសាលភាព​នៃ​ការ​លើកលែង​ទោស ឬ​អនុគ្រោះ​ទោស ដែលអាច​ត្រូវបាន​ផ្តល់ឲ្យ​មុន​ការ​អនុម័ត​ច្បាប់​នេះ គឺ​ត្រូវ​សម្រេច​ដោយ​អង្គជំនុំជម្រះ​វិសាមញ្ញ”។ នេះ​មានន័យ​ថា សហព្រះរាជអាជ្ញា និង​សហចៅក្រម​ស៊ើបអង្កេត​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​គឺ​ជាអ្នក​មាន​សិទ្ធិ​សម្រេច​ថា​ តើ​ត្រូវ​នាំ​ អៀង សារី មក​កាត់ទោស​ដែរ ឬ​ក៏អត់។
 
ច្បាប់​ស្តីពី​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​នេះ បាន​ចូល​ជា​ធរមាន នៅ​ក្រោយពេល​ដែល ព្រះមហាក្សត្រ​កម្ពុជា​បាន​ឡាយ​ព្រះហស្ថលេខា​ប្រកាស​ឲ្យប្រើ​ នៅ​ថ្ងៃទី​២៧ ខែតុលា ២០០៤។ ក្រោយពី​ការ​ចរចា​​អស់​រយៈពេល​ជិត​៥ឆ្នាំ អង្គជំនុំជម្រះ​វិសាមញ្ញ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ក៏បាន​កើតចេញ​ជា​រូបរាង​ឡើង​ជា​ផ្លូវការ៕
tags: កម្ពុជា - តុលាការខ្មែរក្រហម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

តាមខ្ញុំសង្កេតមើលទៅតុលាការនេះ

តាមខ្ញុំសង្កេតមើលទៅតុលាការនេះដូចជាគ្មានប្រយោជន៍ធំដុំសំរាប់ខ្មែរសោះ! តើតុលាការនេះបង្កើត​ឡើងដើម្បីតែសុំជំនួយបរទេសដើម្បីបំរើដល់បុគ្គលិកតុលាការនោះព្រមទាំងមន្ត្រីពុករលួយមួយចំនួន​រឺយ៉ាងណា? ព្រោះមួយឆ្នាំៗខ្ញុំឃើញទទួលជំនួយរាប់រយលានដុល្លា តែដំណើរការក្តីយឺតជាងសត្វ​អណ្តើកវារទៅទៀត រឺមួយចង់អង្គៀមជំនួយ? បើសិនជាយកជំនួយនោះមកធ្វើ​ក៏សាងហេដ្ឋារចនា​សម្ព័ន្ធ​​ប្រទេសជាតិ ដូចជាស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យផ្សេងៗមិនដឹងជាស្រុកទេសឃើញការ​រីកចំរើនយ៉ាងណាមិនដឹងទេ។ ពី យោធាម្នាក់

ជួយគិតគ្នា មើលអោយគ្រប់ជ្រុងណាបង

បងយោធា​ ខ្ញុំឃើញឆន្ទះបង់ពេញទៅដោយសេចក្តីស្រឡាញ់និងស្នេហាជាតិណាស់ បុន្តែយើងមិនអាចនិយាយថាវាយឺតឬអង្គៀមយកជំនួយនោះទេ នេះគឺជាការកាត់ក្តី ដោយប្រើប្រពន្ធតុលាការយ៉ាងមិញមានមិនមានប្រយោជន៌វានៅលើអ្នកមើលឃើញតែប៉ុណ្ណោះ ការស្វែងយល់ បទពិសោធន៌និងចំណេះដឹង ផលប្រយោជន៌អ្នកគិតទើបដឹង យើងមិនអាចមើលកាកតែម្នាងទេ មួយមានរូបគួរស្រូវ មួយទៀតមានរូបអង្គរវត្តតើបងមើលឃើញ រូបផ្នែកណា ហើយតើយើងអនុមានបែបម្តេចថាម្ខាងទៀតគ្មានប្រយោជន៌

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close