អានតួអត្ថបទ
កម្ពុជា

សមា​ជិក គ.ជ.ប ហាម​យក​ការ​ឃោសនា​បោះ​ឆ្នោត ធ្វើ​ជា​បាតុ​កម្ម

សមា​ជិក​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) បាន​រំលឹក​ដល់​តំ​ណាង​គណបក្ស ​នយោបាយ​​ទាំង​​អស់ ​មិន​ត្រូវ​យក ការ​ឃោសនាបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ខែឧសភា​ខាង​មុខ​នេះ ធ្វើជា​បាតុកម្ម​នោះ​ទេ។ ការ​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ រវាង គ.ជ.ប ជា​មូ​យ​តំណាង​គណបក្ស​នយោ​បាយ និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​នីតិវិធី​នៃ​ការ​ឃោសនា​បោះ​ឆ្នោត នៅ​ព្រឹក​ថ្ងៃទី ២១ មេ​សា​នេះ នៅ​គជប។

សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សមា​ជិក គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប លោក មាន ​សា​ទិ បាន​រំលឹក​ដល់​គណបក្ស​នយោបាយ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៨​ឧសភា​ខាង​មុខ​នេះ មិន​ត្រូវយក​ការ​ឃោសនា​បោះ​ឆ្នោត ធ្វើ​ជា​បាតុ​កម្ម​អ្វី​នោះ​ទេ។ លោក មាន សា​ទិ បាន​រំលឹក​ហើយ​រំលឹក​ទៀត នៅ​ក្នុង​ឱកាស​ប្រជុំ រវាង​គ.ជ.ប ជា​មួយ​នឹង​តំណាង​គណ​បក្សនយោ​បាយ និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​នី​តិវិធី​នៃ​ការ​ឃោស​នាបោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី ២ ដល់ ១៦ឧសភា ថា ការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​តែ​ចែក​ឲ្យ​ដាច់ ពី​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​តវ៉ា ឬ​ទាមទារ​អ្វី​មួយ ដែល​ផ្ទុយ​ពី​គោល​ការណ៍​នៃ​ការឃោសនា​បោះ​ឆ្នោត​ឡើយ​។

នៅ​ក្នុង​កិច្ច​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី ២១​មេសា​នេះ គណៈកម្មា​ធិការ​រៀបចំ​ការ​បោះ​ឆ្នោត ក៏​បាន​ណែនាំ​​ដល់​គណបក្ស​នយោបាយ ដែល​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី ២ ឆ្នាំ ២០១៤នេះ អំពី​ខ្លឹមសារ​មួយ​ចំនួន​ដែល​មាន​ដូច​ជា មិន​ត្រូវ​ប្រើ​ពាក្យ​មើល​ងាយ ឬ​ប្រមាថ​ដល់​គណបក្ស​នយោបាយ បេក្ខ​ជន និង​តំណាង​របស់​គណបក្ស​ណាមួយ​ឡើយ នឹង​មិន​ត្រូវ​លើក​យក​ពី​ព្រឹត្តិ​ការណ៍​គួរ​ឲ្យ​តក់ស្លុត​ពី​អតីត​កាល យក​មក​ដំណាល​ក្នុងពេល​ឃោសនា​បោះឆ្នោត​នោះ​ទេ។

ប៉ុន្តែ​លោក គុយ ប៊ុន​រឿន តំណាង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ បាន​រិះ​គន់​ថា នីតិ​វិធី​នៃ​ការ​ឃោស​នា​បោះ​ឆ្នោត របស់​គ.ជ.ប មាន​លក្ខណៈ​ចង្អៀត ហើយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​រៀប​ចំ​ការ​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​ហាម​មិន​ឲ្យ​គណ​បក្ស​នយោបាយ យក​ទីសាធារ​ណៈ ឬ​សាល​សាធារណៈ ធ្វើជា​កន្លែង​ឃោសនា​បោះឆ្នោត​​អចិន្ត្រៃយ៍។

លោក គុយ ប៊ុន​រឿន ក៏បាន​ស្នើ​សុំ​ដល់គ.ជ.ប ជួយ​អន្តរាគមន៍​ចំពោះ​ការរំខាន​នានា នៅ​ពេល​ដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​ការ​ជួប​ជុំ​ផង​ដែរ​។

សូប​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នោះ ធ្វើ​ឡើង​តាម​បែប​អសកល ពោល​គឺ​មាន​តែ​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​តំណែង សរុប​ចំនួន ១១.៤៥៩ នាក់ ដែល​មកពី​គណបក្ស​ចំនួន ៧ ប៉ុណ្ណោះ ជា​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ដើម្បី​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ សរុប​ចំនួន ៣.៣២៤ នាក់ ដែល​ក្នុង​នោះ មាន​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ចំនួន ៣៩៣ នាក់ និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ២៩៣១ នាក់។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​គណ​បក្ស ៥ ចូល​រួម​ប្រកួត​ប្រជែង ដាក់​បេក្ខ​ជន ចូល​រួម​បោះ​ឆ្នោត រួម​មាន៖ គណ​បក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណបក្ស​សាធា​រណរដ្ឋ​ប្រជា​ធិប​តេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ