អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ចេញ​លិខិត​ស្រប​តាម​ការ​ស្នើ​សុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ

អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប លោក ទេព នីថា ថ្លែងថា​គ.ជ.ប បាន​ចេញ​លិខិត​មួយ​កាល​ពី​ម្សិល​មិញ ទៅ​កាន់​អភិបាល និង​គណ​បញ្ជា​ការ​ឯកភាព​រាជធានី ខេត្ត បង្ក​លក្ខណៈ​សម​ស្រប ដល់​គណបក្ស​នយោបាយ​និង​បេក្ខ​ជន​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ស្រុក ខណ្ឌ។ ការ​ប្រកាស​របស់​គ.ជ.ប នា​ពេលនេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ស្នើ​សុំ​ដោយ​អាជ្ញាធរ ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នេះ កុំ​អនុញ្ញាត​រាល់​ការ​ហែរ​ក្បួន ឬ​ជួប​ជុំ​នៅ​ទី​កន្លែង​សាធារណៈ ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​ក៏បាន​ស្នើ​ឲ្យ​គ.ជ.ប ចាត់​វិធាន​ការ​លើ​ការ​រំខាន​ការ​ឃោសនា​របស់​ពួក​គេ​ផង​ដែរ ដោយ​ចាត់​ទុក​ថា​ជាការ​រំលោភ​លើ​ច្បាប់​បោះ​ឆ្នោត​។

លោក​ទេព នីថា អគ្គលេខាធិការ​ គជប នៅ​ក្នុង​សន្និសីទ​កាសែត ឯ​ទី​ស្ដីការ គជប កាល​ពី​ថ្ងៃ​ទី២៧​កក្កដា ឆ្នាំ​២០១៣
លោក​ទេព នីថា អគ្គលេខាធិការ​ គជប នៅ​ក្នុង​សន្និសីទ​កាសែត ឯ​ទី​ស្ដីការ គជប កាល​ពី​ថ្ងៃ​ទី២៧​កក្កដា ឆ្នាំ​២០១៣ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អភិបាល និង​គណៈ​បញ្ជាការ​គ្រប់​ខេត្ត រាជ​ធានី​ដើម្បី​សម្រួល​ដល់​ការ​ការ​ឃោសនា​របស់​គណ​បក្ស​នយោបាយ​នានា​នៅ​ក្នុង​ឱកាស​នៃ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​១៦​ខែ​ឧសភា​។

លោក ទេព នីថា អគ្គ​លេខា​ធិការ គ.ជ.ប បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ចេញ​លិខិត​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស្នើ​សុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​មានការ​ពិ​គ្រោះ​យោបល់​ជា​មួយ​គណៈ​បញ្ជាការ​សន្តិ​សុខ​អចិន្ត្រៃយ៍​នៃ​ការ​បោះ​ឆ្នោត​ស្តី​ពី​ស្ថានភាព​សន្តិសុខ​ជាក់​ស្តែង​នៅ​តាម​បណ្តា​ខេត្ត រាជ​ធានី​។

សូម​រំលឹកថា​សាលា​រាជធានី​ភ្នំពេញ កាលពី​ការចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្លាប់បាន​ផ្ញើរ​លិខិត​ទៅកាន់​គណៈកម្មាធិការ រៀបចំ​ការបោះឆ្នោត​រាជ​ធានី ដោយ​ស្នើសុំ​កុំ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ហែរ​ក្បួន​ឃោសនា តាម​ដង​ផ្លូវ តែ​អាច​ជួបជុំ​ធ្វើការ​ឃោសនា​តាម​ទីស្នាក់ការ​ឬ​កន្លែង​ឯកជន។ការលើកឡើង​ដូច្នេះ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​គឺ ដោយ​យោង​ទៅ​លើ​ហេតុ​ផល​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធារណៈ។

លោក យ៉ែម បុញ្ញ​រិទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ​ដែរ​មិន​បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​គ.ជ.ប​ទេ។ លោក​ថ្លែង​ថា សូម​ឲ្យ​គ.ជ.ប ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ដែល​បានកំណត់។

សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី៣០ ខែមេសា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សី បាន​សរសេរ លិខិត​មួយ​ទៅកាន់ លោក អ៊ឹម សួស្តី ប្រធាន​គ.ជ.ប ស្នើ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​អាជ្ញាធរ​ដែល​បាន​រំលោភច្បាប់ បទបញ្ជា និង​នីតិវិធី ដោយ​រារាំង​សិទ្ធិ​បេក្ខជន និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ។ 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ