អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង៖កាពីទែន​ត្រូវ​បាន​ចាប់ខ្លួន ក្តីសង្ឃឹម​ស្វែង​រក​អ្នករស់រាន​មាន​ជីវិត​កាន់​តែ​ស្តួចស្តើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ៣ថ្ងៃ ក្រោយ​ពី​គ្រោះថ្នាក់​លិច​សាឡាង​មក ក្រុម​អ្នកជួយសង្រ្គោះ​បាន និង​កំពុង​បន្ត​ការងារ​របស់​ខ្លួន​យ៉ាង​សកម្ម​ដើម្បី​ស្វែង​រក​អ្នក​រស់រាន​មាន​ជីវិត។ តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​អ្នក​រួច​ជីវិត​ចំនួន ១៧៤នាក់ អ្នកស្លាប់​ចំនួន ២៩នាក់ និង​នៅ​បាត់ខ្លួន​ចំនួន ២៧៣នាក់​ផ្សេង​ទៀត។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា នៅ​ពេល​មាន​គ្រោះថ្នាក់ សាឡាង​កំពុង​ដឹក​អ្នក​ដំណើរ​ចំនួន ៤៧៥នាក់ ក្នុង​នោះ​មាន​សិស្សសាលា ៣៥២​នាក់។ ពេល​វេលា​កាន់​តែ​រំកិល​ទៅ​មុខ ក្តី​សង្ឃឹម​ថា​នឹង​រក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ក៏​កាន់​តិច​ទៅៗ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​កាពីទែន លី យ៉ុនសឺក (Lee Joon-Seok) ដែល​បើក​សាឡាង​នោះ​ទើប​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​រាត្រី​យប់​ថ្ងៃ​សុក្រ ទី១៨ មេសា។

លោក​កាពីទែន លី យ៉ុនសឺក (Lee Joon-Seok)
លោក​កាពីទែន លី យ៉ុនសឺក (Lee Joon-Seok)
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ចាប់​ខ្លួន​រូប​លោក​កាពីទែន លី យ៉ុនសឺក ប៉ូលិស​ក៏​បាន​ឃាត់​ខ្លួន​បុគ្គលិក ២នាក់​ផ្សេង​ទៀត​ដែល​ជា​ដៃស្តំា​របស់​លោក​កាពីទែន។ មាន​អាយុ ៦៩ឆ្នំា លោក​កាពីទែន លី យ៉ុនសឺក​បាន​ជាប់​ចោទ​ចំនួន ៥ករណី ពិសេស​ពី​បទ​ធ្វេសប្រហែស និង​ការ​រំលោភបំពាន​ច្បាប់​សមុទ្រ​ដោយ​រត់ចោល​សាឡាង។ សូម​ជម្រាប​ជូន​ថា នៅ​ពេល​ដែល​សាឡាង​កំពុង​ជួប​គ្រោះថ្នាក់ លោក​កាទែន​លី យ៉ុនសឺក​មិន​បាន​នៅ​នឹង​ចង្កូត​សាឡាង​ទេ គឺ​កំពុង​ស្ថិត​នៅ​កន្ទុយ​សាឡាង​ដោយ​ទុក​ឲ្យ​ដៃស្តំា​របស់​លោក​ជា​អ្នក​បើកបរជំនួស។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​ដឹង​ថា សាឡាង​នោះ​ត្រូវ​លិច​ចូល​សមុទ្រ​ហើយ លោក​កាពីទែន​បែរ​ជា​បាន​អំពាវនាវ​ឲ្យ​អ្នកដំណើរ​កុំ​ជ្រួលច្របល់ ព្រម​ទំាង​រារំាង​មិន​ឲ្យ​អ្នកដំណើរ​ងើប​ពី​កៅអី​ចេញ​ពី​បន្ទប់​មក​ខាង​ក្រៅ​ទៅ​វិញ។

លោក​កាពីទែន​បាន​ហាម​ឃាត់​គេ​ឯង​មិន​ឲ្យ​ជ្រួលច្របល់ តែ​រូប​លោក និង​បុគ្គលិក​មួយ​ចំនួន​ដែល​បម្រើការ​នៅ​ក្នុង​សាឡាង​នោះ​បែរ​ជា​បាន​នំា​គ្នា​រត់​យក​រួច​ខ្លួន​ទៅ​វិញ។ អ៊ីចឹង​សួរ​ថា បើ​មេកើយ និង​អ្នក​ចាត់ចែង​នំា​គ្នា​រត់​យក​តែ​ព្រះអាយូស​​អស់​ហើយ​នោះ តើ​មាន​អ្នក​ណា​ជា​អ្នក​មើលការ​ខុស​ត្រូវ​ជួយ​រំដោះ​កូនចៅ?។ ក្រុមហ៊ុន​សាឡាង​នោះ​បាន​បញ្ជាក់​ថា លោក លី យ៉ុនសឺក ជា​កាពីទែន​ដែល​មាន​បទពិសោធន៍​អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ និង​ដែល​លោក​បាន​បើក​សាឡាង​ឆ្លង​ពី​កោះ​អ៊ីនឆុន ទៅ​កោះ​យីយូ​តំាង​ពី ៨ឆ្នំា​កន្លង​មក។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​ទម្លាក់​កំហុស​លើ​លោក​កាពីទែន​ពេល​នេះ មិនមែន​​បទពិសោធន៍​ទុំជោរ​របស់​គាត់​ទេ តែ​រឿង​ដែល​គាត់​មិន​បាន​ស្ថិត​ជាប់​នឹង​ចង្កូត​សាឡាង និង​មិន​បាន​ចេញ​មុខ​ចាត់ចែង​នៅ​ពេល​មាន​គ្រោះថ្នាក់។

ឆ្លើយ​នឹង​សំណួរ​អ្នក​កាសែត​ដែល​សួរ​ថា តើ​លោក​មាន​បាន​ចេញ​បញ្ជា​ឲ្យ​រំដោះ​អ្នកដំណើរ​ចេញ​ពី​សាឡាង ពិសេស​ចេញ​ពី​បន្ទប់​ក្នុង​សាឡាង​នោះ​ដែរ​ឬ​ទេ?, លោក​កាពីទែន​បាន​ឆ្លើយ​ថា មាន និង​ថែម​ទំាង​បាន​ធ្វើ​ការ​សុំ​ទោស​ក្រុម​គ្រួសារ​ជន​រងគ្រោះ។

អាថ៌កំបំាង​នៅ​បន្ត​មាន​ជុំវិញ​គ្រោះថ្នាក់​លិច​សាឡាង

ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​ដែល​រហូត​មក​ដល់​ម៉ោង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ។ បើ​យោង​តាម​សាក្សី​ដែល​ជិះ​នៅ​ក្នុង​សាឡាង​នោះ និង​ដែល​បាន​រួច​ជីវិត​ឲ្យ​ដឹង​ថា មុន​នឹង​សាឡាង​នោះ​ឈប់​នឹង​ថ្កល់​មួយ​កន្លែង ពួក​គេ​បាន​ឮ​សូរ​សម្លេង​បុក​ទង្គិច​យ៉ាង​ខ្លំាង។ តាម​រយៈ​សម្មតិកម្ម​នេះ​នំា​ឲ្យ​គេ​សន្និដ្ឋាន​ថា ប្រហែល​ជា​សាឡាង​នោះ​បាន​បើក​បុក​នឹង​ថ្ម ឬ​មួយ​ក៏​វត្ថុ​អ្វី​មួយ​ដែល​លិច​ក្នុង​ទឹក។ តែ​នៅ​មាន​សម្មតិកម្ម​មួយ​ចំនួន​ទៀត​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុមអ្នកស៊ើបអង្កេត ទី១ អាច​មក​ពី​កំហុស​របស់​អ្នកបើកបរ ទី២ អាច​មក​ពី​បញ្ហា​នៃ​ការ​រៀបចំ​ផ្ទុក​អីវ៉ាន់​មិន​បាន​ត្រឹមត្រូវ និង​ទី៣ អាច​មក​ពី​រចនាសម្ព័ន្ធ និង​បញ្ហា​បច្ចេកទេស​របស់​សាឡាង​ដែល​មាន​អាយុ ២០ផ្លាយ​ឆ្នំា​មក​ហើយ។

ការ​លើក​ឡើង​ពី​ការ​រៀបចំ​ផ្ទុក​អីវ៉ាន់​មិន​បាន​ត្រឹមត្រូវ​នៅ​ក្នុង​សាឡាង​ត្រូវ​បាន​គេ​ផ្តោត​សំខាន់​លើ​ចំនួន​រថយន្ត​ទំាង ១៥០គ្រឿង​ដែល​មាន​នៅ​ក្នុង​សាឡាង​នោះ ពិសេស​គឺ​រថយន្ត​ទំាង​នោះ​ប្រហែល​ជា​បាន​រអិល​ទៅ​តែ​ម្ខាង​ដែល​នំា​ឲ្យ​សាឡាង​បាត់​លំនឹង រួច​ក៏​ផ្អៀង​លិច​ចូល​ក្នុង​សមុទ្រ​តែ​ម្តង។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចំា​នៅ​ពេល​ខាង​មុខ ទើប​អាច​ដឹង​ពី​មូលហេតុ​ច្បាស់លាស់។

ប្រតិបត្តិការ​ជួយ​សង្រ្គោះ​កំពុង​បន្ត​ដោយ​គ្មាន​សង្ឃឹម​នឹង​រក​ឃើញ​អ្នក​នៅ​ជីវិត

ប្រតិបត្តិការ​ជួយ​សង្រ្គោះ​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម ដោយ​រដ្ឋអំណាច​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់ ពិសេស​ក្រុម​អ្នកជួយសង្រ្គោះ​មុជទឹក។ ក្រុម​អ្នកជួយសង្រ្គោះ​មុជទឹក​បាន និង​កំពុង​ព្យាយាម​ស្វែង​រក​អ្នករស់រាន​មាន​ជីវិត​ដែល​កំពុង​ជាប់​គំាង​នៅ​ក្នុង​បន្ទប់​សាឡាង។ សូម​ជម្រាប​ជូន​ថា នៅ​ពេល​សាឡាង​កំពុង​លិច​ចូល​ក្នុង​សមុទ្រ អ្នក​ដំណើរ​នៅ​ក្នុង​បន្ទប់​សាឡាង​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ងើប​ចាក​ចេញ​ពី​បន្ទប់​ទេ។ ក្រុមអ្នក​ជួយ​សង្រ្គោះ​សង្ឃឹម​ថា ទឹក​មិន​អាច​ជ្រាប​ចូល​ដោយ​គំហុក​ទៅ​ក្នុង​បន្ទប់​ទំាង​នោះ និង​ប្រហែល​ជា​មាន​អ្នក​ខ្លះ​កំពុង​មាន​ដង្ហើម​នៅ​ឡើយ។ នៅ​ថ្ងៃ​សុក្រ ទី១៨ មេសា​ម្សិលមិញ ក្រុមអ្នកជួយ​សង្រ្គោះ​ថែម​ទំាង​បាន​បាញ់​បញ្ចូល​ខ្យល់អុកស៊ីសែន​ទៅ​ក្នុង​បន្ទប់​មួយ​ចំនួន។

តែ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៩ មេសា​នេះ ក្រុមអ្នកជួយសង្រ្គោះ​មុជទឹក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​តាម​បង្អូច​សាឡាង​នូវ​សាកសព​ចំនួន ៣នាក់​កំពុង​អណ្តែត​នៅ​ខាង​ក្នុង​សាឡាង​នោះ។ ទន្ទឹម​គ្នា​នេះ ក្រុមអ្នកជួយសង្រ្គោះ​ក៏​បាន​បញ្ជាក់​ពី​ការ​លំបាក​បង្ក​ឡើង​ដោយ​អាកាសធាតុ និង​ការ​មើល​មិន​ច្បាស់​នៅ​ពេល​ដែល​គេ​ទៅ​ដល់​តួសាឡាង​នោះ។ យ៉ាង​ណា​ក៏​ដោយ ពេល​វេលា​កាន់​តែ​ខិត​ទៅ​មុខ សាឡាង​នោះ​ក៏​កាន់​តែ​បន្ត​ធ្លាក់​ខ្លួន​ដោយ​សន្សឹមៗ​ទៅ​បាត​សមុទ្រ នោះ​បើ​ទោះ​បី​ជា​គេ​បាន​ប្រើ​ពោង​ចង​ដើម្បី​ទប់​វា​ក៏​ដោយ។ ពេល​វេលា​កាន់​តែ​រំកិល​ទៅ​មុខ ក្តីសង្ឃឹម​ស្វែង​រក​អ្នក​នៅ​មាន​ជីវិត​ក៏​កាន់​តែ​ស្តួចស្តើង​ទៅៗ។

ទន្ទឹម​គ្នា​នេះ កំហឹង​ក្តៅក្រហាយ លាយឡំ​នឹង​ក្តី​ទុក្ខសោក​ក៏​បាន និង​កំពុង​ផ្ទុះ​ចេញ​កាន់​តែ​ខ្លំាង​ឡើង​ពី​សំណាក់​ក្រុមគ្រួសារ​ជនរងគ្រោះ។ កំហឹង​ប្រឆំាង​នឹង​រដ្ឋាភិបាល​ពី​ការ​ភូតភរ និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្រ្គោះ។ សម្រាប់​ប្រជាជន​កូរ៉េខាត្បូង​ទំាង​អស់ នេះ​ពិត​ជា​មហាសោកនាដកម្ម​មួយ​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ថា​អាច​កើត​មាន​នៅ​ក្នុង​សម័យ​នេះ​ទេ។ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ គ្រប់​មធ្យោបាយ​ឃោសនា​មហាជន​នៅ​កូរ៉េខាងត្បូង​បាន​ផ្លាស់​ប្តូរ​កម្មវិធី​របស់​ខ្លួន​ដោយ​នំា​គ្នា​ផ្តោត​សំខាន់​លើ​តែ​ព្រឹត្តិការណ៍​មួយ​នេះ និង​ដែល​ជា​ទូទៅ មិន​មាន​ដំណឹង​ល្អ​ទេ​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ