អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូតង់​ចង់​បង្ហាញ​វត្តមាន​និង​សមត្ថភាព​ប្រយុទ្ធ​​ដាក់​រុស្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អូតង់​មិន​លេង​សើច​នឹង​វិបត្តិ​នៅភាគ​ខាង​កើត​អ៊ុយក្រែនទេ ! អូតង់គ្រោង​ពង្រឹងវត្តមាន​កងទ័ព នៅ​តាម​បណ្តា​ប្រទេស​សមាជិក ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​នឹង​រុស្ស៊ី ព្រមទាំង​គម្រោង​បង្កើត​កម្លាំង​ប្រតិកម្ម​រហ័ស ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី។ គម្រោង​នេះ​នឹង​ត្រូវ​គេ​លើកយក​ទៅ​ជជែក​គ្នា នៅ​ក្នុង​ជំនួបកំពូល​អូតង់ នៅថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ឆាប់ៗ​នេះ។ បើ​តាម​ប្រសាសន៍​​លោក អង់ដ្រេ រ៉ាស្មូសិន អគ្គលេខាធិការ​អង្គការ​អូតង់ សម្ព័ន្ធ​អាត្លង់ទិក នឹង​បញ្ជូន​កម្លាំង​រាប់​​​ពាន់​នាក់​ទៅ​ដាក់​ពង្រាយ​នៅ​តាម​ភាគ​ខាង​កើត​អឺរ៉ុប ។

លោក​អគ្គលេខាធិការ​អង្គការ​អូតង់  Anders Fogh Rasmussen ប្រកាស​ពង្រឹង​វត្តមាន​យោធា​នៅ​ភាគ​ខាង​កើត​អឺរ៉ុប
លោក​អគ្គលេខាធិការ​អង្គការ​អូតង់ Anders Fogh Rasmussen ប្រកាស​ពង្រឹង​វត្តមាន​យោធា​នៅ​ភាគ​ខាង​កើត​អឺរ៉ុប REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួបកំពូល​​ពីរ​​ថ្ងៃ​ទី ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ទាំង​២៨​ ត្រូវ​អនុម័ត​លើ​​ផែនការត្រៀម​សកម្មភាព​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងឥរិយាបថ​រុស្ស៊ី​​ក្នុង​វិបត្តិ​អ៊ុយក្រែន ​ដែល​ ​ការ​គំរាម​កំហែង​ផ្ទាល់​ដល់​ ប្រទេស​ជា​សមាជិក​​អូតង់​មាន​ព្រំដែន​ជាប់​រុស្ស៊ី។ ផែនការ​សកម្មភាព Nato Response Force ​ ដែល​នឹង​អនុញ្ញាត​ឱ្យ​អូតង់​អាច​បញ្ចេញ​និង​ពង្រាយ​ទ័ព ​នៅ​ផ្ទាល់​កន្លែង​រង​ការ​គំរាម​កំហែង​បាន​យ៉ាង​​​ឆាប់​រហ័ស ក្នុង​រយៈ​ពេល​តែ​ពីរ​បី​ថ្ងៃ។ នេះ​បើ​តាម​ការ​ប្រកាសឱ្យ​ដឹង​​របស់​លោកអគ្គលេខា​ធិការ​អង្គការ​អូតង់។

គ្មាន​សង្គ្រាម គ្មាន​អាវុធ

 
ចំណែក​អន្តរាគមន៍​យោធា​ មិន​មែន​ជា​ជម្រើស​និង​ជា​ប្រធានបទ​ដែល​អូតង់​ត្រូវ​លើក​យក​មិន​ពិភាក្សា​វែក​ញែក​គ្នា​ទេ ! ហើយ​ក៏​គ្មាន​ប្រទេស​ជា​សមាជិក​អូតង់ណាគាំទ្រគំនិត​​នេះ​ និង​ក៏​គ្មាន​ប្រទេស​ណា​សមាជិក​ណា​មួយ​ស្ម័គ្រ​ចិត្ត​ចេញទៅ​ប្រយុទ្ធ​តែ​ម្នាក់​ឯងដែរ។

ម្យ៉ាង​វិញ​ទៀត​ បើ​តាម​ច្បាប់ ​អូតង់​គ្មាន​កាតព្វកិច្ច​អ្វី​សោះ​នឹង​ចេញ​​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ុយក្រែន​នោះ ! អ៊ុយក្រែន​មិន​មែន​ជា​សមាជិក​អង្គការ​អូតង់​ ដូច្នេះ​អ៊ុយក្រែន​មិន​អាច​ទទួល​ប្រយោជន៍ និង​ការ​ពារ​អ្វី​ពី​អូតង់​ឡើយ ! បើ​តាម​មាត្រា​៥​​របស់​អូតង់ សមាជិក​ទាំង​អស់​មាន​ភារកិច្ច​​រួម​ ចេញ​ប្រយុទ្ធប្រសិន​បើ​មាន​សមាជិក​ណា​មួយ​រង​ការ​វាយប្រហារ​ពី​សត្រូវ។ សម្រាប់​ពេល​នេះ ​ប្រទេស​ជា​អតីត​សហភាព​សូវៀត និង​ជា​​សមាជិក​អូតង់​  មាន​ជាអាទិ៍​ក្រុម​ប្រទេស​តំបន់​បាល់កង់ ប៉ូឡូញ រ៉ូមានី ឬ​ប៊ុលហ្ការី កំពុង​​ព្រួយ​បារម្ភខ្លាំង​​ខ្លាច​ក្រែង​រង​គ្រោះ​ដូច​អ៊ុយក្រែន​ដែរ ​ប្រសិន​បើ​អូតង់​មិន​បញ្ចេញ​សកម្មភាព​អ្វី​ជាក់​ស្តែង​​ម៉ឺងម៉ាត់​ពេល​នេះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អូតង់​ត្រូវ​សើរើ​មើល​យុទ្ធសាស្ត្រ​ និង​បេសកកម្ម​របស់​ខ្លួន ដោយ​ងាកមក​ការពារ​អឺរ៉ុប។

សូម​បញ្ជាក់​ថា​ ក្រោយ​ពេល​របប​សហភាព​សូវៀត​ និង​ជញ្ជាំង​ប៊ែរឡាំង​ដួល​រលំ​ទៅ អូតង់​មាន​​​បេសកកម្មបន្ត​​ជាប់​ឥត​ដាច់​ នៅ​តំបន់​បាល់កង់ នៅ​សូម៉ាលី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ចោរ​សមុទ្ទ និង​ធ្លាយ​រហូត​ដល់​ប្រទេស​អាហ្វហ្កានិស្ថាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម​ ដែល​លទ្ធផល​ដូច​ជា​ចម្រូង​ចម្រាស​បន្តិច ឃ្លាត​ឆ្ងាយ​ពីឬសគល់។ ប៉ុន្តែ​ ការ​ចាប់​យក​តំបន់​គ្រីមេ​អ៊ុយក្រែន​មក​ធ្វើ​ជារណប​ពី​សំណាក់​រុស្ស៊ី​កាលពី​ខែ​មីនា និង​ការ​គំរាម​កំហែង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន គឺ​ដូច​ជា​ទៅជា​​ដាស់​អូតង់​ឱ្យ​ងាក​មកពី​គិត​គូរ​អំពីស្ថិរភាព​ក្នុង​តំបន់​។

ពង្រឹង​វត្តមាន​នៅ​ភាគ​ខាង​កើតអឺរ៉ុប

ទាហាន​​រាប់​សិប​ពាន់​នាក់​ ជា​កង​ទ័ព​អាកាស​ កងទ័ព​ថ្មើរ​ជើង និង​ជើង​ទឹក សហការ​ជំនួយ​ដោយ​កង​កម្លាំង​ពិសេស​ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ភាគ​ខាងកើត​អឺរ៉ុប ក្នុង​រវាង​ពីរ​បី​ថ្ងៃ​ទៀត និង​សម្រាប់​រយៈ​ពេលយូរ​ តាម​សភាព​ការណ៍​តម្រូវ ​ក្នុង​ទឹក​ដី​​របស់​ប្រទេស​ជា​សមាជិកអូតង់ ច្រើន​កន្លែង និង​អាច​ធ្វើ​លំហាត់​អនុវត្ត​មាន​ញយ​ដង។ វត្តមាន​ទ័ព​នៅ​ភាគ​ខាងកើត​អឺរ៉ុប​នេះ មិន​តម្រូវ​ឱ្យ​បង្កើត​​​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​ឡើយ​ ព្រោះ​វា​ផ្ទុយ​ទៅ​នឹង​ការ​ព្រមព្រៀង​គ្នា​រវាង​អូតង់​និង​រុស្ស៊ី​កាលពី​ឆ្នាំ​១៩៩៧ គឺ​មាន​តែ​ការ​តាំង​ទី​បញ្ជួនទ័ព អ្នក​ឯកទេស​ផ្នែក​បញ្ជាការ ចាត់​ចែង​​ សម្ភារៈ​អាវុធ​យុទ្ធភ័ណ្ឌ​ បញ្ឈរ​លើ​ទីតាំង​ណា​មួយរួច​ជា​ស្រេច​ត្រៀម​ចាំ​តែ​ប្រយុទ្ធ​ប្រសិន​បើ​សភាពការណ៍​តម្រូវ និង​ចាំបាច់។ ពោល​គឺ​កម្លាំង​អូតង់​មាន​វត្តមាន​ខ្លាំង​ជាង​មុន​នៅអឺរ៉ុប​ភាគ​ខាង​កើត។

​​សូម​បញ្ជាក់​ថា​​ វត្តមាន​កងទ័ព​អូតង់​នេះ មិន​មែន​ដាក់​ពង្រាយ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​ទេ។ ព្រោះ​អូតង់​គ្មាន​អាវុធ គ្មាន​កម្លាំង​ទ័ព​ ដោយ​ផ្ទាល់​ជា​របស់​អង្គការ​ឡើយ។ រាល់​​កម្លាំង​និង​សម្ភារៈ​ជា​សេចក្តី​ត្រូវ​ការ​របស់​អង្គការ ត្រូវ​ផ្តល់​ដោយ​គឺ​រដ្ឋ​ជា​សមាជិក​ ​​ តាម​រយៈ​គោលការណ៍​ព្រមព្រៀម​រួម ឬ​តាម​ការ​ស្ម័គ្រ​ចិត្ត។ ប្រសិន​បើ​អ៊ុយក្រែន​ចង់​បាន​អាវុធ​ឬ​អ្វី​ផ្សេង​ មិនមែន​ត្រូវ​មក​សុំ​អូតង់​ឡើយ។ ក្នុង​ដំណាក់​កាល​នេះ​អ៊ុយក្រែនបាន​​ត្រឹម​ស្នើ​សុំ​ជំនួយ​ពី​ក្រុម​សម្ព័ន្ធមិត្ត​ ជា​ជាងរង់​ចាំ​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ផ្ទាល់​ជាមួយ​អូតង់។ បើ​អ៊ុយក្រែន​ចង់​បានអន្តរាគមន៍​ពី អូតង់​ទាល់​ក្លាយ​ខ្លួន​ជា​សមាជិក​អង្គការ ប៉ុន្តែ​ការ​ចរចា​ត្រូវ​បាន​អាក់​ខាន​​អស់​ជា​ច្រើន​ឆ្នាំ ដូច្នេះ​ផ្លូវដើរ​​នៅវែង​ឆ្ងាយ​ទៀតណាស់។

សម្រាប់​​វិបត្តិ​អ៊ុយក្រែន អូតង់​នៅ​តែ​ជ្រើស​រើស​ដំណោះ​ស្រាយ​នយោបាយ និង​សេដ្ឋកិច្ច​ជាជាង​ប្រើ​កម្លាំង​យោធា​ ព្រោះអូតង់​ជា​អង្គការ​ដែល​មាន​គោលការណ៍ការពារ​ ! ​ការពារ​ប្រសើរ​ជា​ព្យាបាល ព្រោះ​ទំនាក់ទំនង​​​ជាមួយ​រុស្ស៊ីអាច​នឹង​បន្ត​អូស​បន្លាយ​តាន​តឹង​យូរ ! នេះ​បើ​តាម​​តំណាង​ការ​ទូត​អូតង់ ដែល​ទំនង​ជា​ចង់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អំពាវនាវ​របស់​លោក​បាន​គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​រំលឹក​ថា​គ្មាន​ដំណោះស្រាយ​យោធា​ឱ្យ​វិបត្តិ​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ