អានតួអត្ថបទ
រុស្ស៊ី-អូតង់

រុស្ស៊ី​ចាប់ផ្តើម​តេស្ត​សមត្ថភាព​ប្រទេស​លោកខាងលិច ដូចកាល​សម័យ​សង្រ្គាម​ត្រជាក់

វត្តមាន​លេចមុខ​កាន់តែច្រើន​របស់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ក្នុង​ដែន​អាកាស​របស់​អឺរ៉ុប​កំពុង​ជា​ក្តីកង្វល់​ព្រួយ​របស់​អង្គការ​សម្ព័ន្ធ​អាត្លង់ទិក អូតង់។ នៅក្នុង​សប្តាហ៍នេះ យន្តហោះ​ចម្បាំង​របស់​ប្រទេស​សមាជិក​អូតង់​ត្រូវ​តម្រូវ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ ដើម្បី បណ្តេញ​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ដែល​រំលោភ ហោះ​ចូល​ទៅក្នុង​ដែន​អាកាស​របស់​សហភាព​អឺរ៉ុប។  

យន្តហោះ​ចម្បាំង​ន័រវែស​ហោះ​អម​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ដែល​ហោះ​ចូលក្នុង​ដែន​អាកាស​ន័រវែស
យន្តហោះ​ចម្បាំង​ន័រវែស​ហោះ​អម​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ដែល​ហោះ​ចូលក្នុង​ដែន​អាកាស​ន័រវែស ©REUTERS/Norwegian NATO
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឲ្យ​នៅ​ឯកោរ​ពី​សំណាក់​ប្រទេស​លោកខាងលិច ដោយសារ​តែ​វិបត្តិ​នៅ​អ៊ុយក្រែន រុស្ស៊ី​លែង​ចង់​លាក់កំបាំង​យុទ្ធសាស្រ្ត​យោធា​របស់ខ្លួន​ទៀតហើយ។ ទីក្រុង​ម៉ូស្គូ​បាន​ធ្វើ​តេស្ត​កម្លាំង​យោធា​របស់​ប្រទេស​លោកខាងលិច ដោយ​បាន​បញ្ជូន​យន្តហោះ​ចម្បំាង​របស់ខ្លួន ទៅ​ហោះ​ក្រវែល មិនចេះ​ឈប់ នៅក្នុង​ដែន​អាកាស​អឺរ៉ុប។ នេះ​បើ​តាម​ការប្រសាសន៍​របស់​លោក​Jens Stoltenberg អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​អូតង់ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់លោក ទៅក្នុង​ប្រទេស​ប៉ូឡូញ។

 
កាលពី​ថ្ងៃ​ពុធ អង្គការ​អូតង់​បាន​ទាញ​សញ្ញា ប្រកាស​អាសន្ន បន្ទាប់ពី​គេ​ចាប់​បាន​សញ្ញា​យន្តហោះ​ចម្បាំង​រុស្ស៊ី​ជាច្រើន​គ្រឿង នៅ​ក្នុង​ដែនអាកាស​អឺរ៉ុប។ យន្តហោះ​រុស្ស៊ី​៨​គ្រឿង ដែល​នៅក្នុង​នោះ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចំនួន ៤ ត្រូវបាន យន្តហោះ​ចម្បាំង​របស់​អង់គ្លេស ន័រវែស ហោះ​ចេញ ទៅ​អមដំណើរ ​បណ្តេញ​យន្តហោះ​រុស្ស៊ី ចេញ​ពី​ដែន​អាកាស​របស់ខ្លួន នៅ​មហាសមុទ្រ​អាត្លង់ទិក។ នៅ​ពីលើ​សមុទ្រ​ខ្មៅ​ឯណោះ​វិញ យន្តហោះ​ចម្បាំង​តួកគី ហោះ​តាមដាន​មើល​ យន្តហោះ​រុស្ស៊ី​៤គ្រឿង ដែលនៅក្នុង​នោះ​មាន​ពីរគ្រឿង​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក។ ចំណែក​អាល្លឺម៉ង់ បាន​បញ្ជូន​យន្តហោះ​ទៅ​តាមដាន​សកម្មភាព​យន្តហោះ​រុស្ស៊ី​៧​គ្រឿង​ដែល​ហោះ​នៅ​ពីលើ​សមុទ្រ​បាល់ទិក។

តាម​អង្គការ​អូតង់ ការបញ្ជូន​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់គ្រាប់បែក និង​យន្តហោះ​សម្រាប់​ចាក់សាំង ឲ្យ​ទៅ​ហោះ​សំញ៉ែង នៅក្នុង​ដែន​អាកាស​អឺរ៉ុប ត្រូវ​បាន​រុស្ស៊ី​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ និង​មិន​ដែល​ធ្លាប់​មាន​ពីមុនមក។ តាម​ទីប្រឹក្សា​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី កងទ័ព​រុស្ស៊ី​កំពុង​ហ្វឹកហ្វឺន​នៅក្នុង​ក្របខ័ណ្ឌ​សមយុទ្ធ​ ដែល​រុស្ស៊ី​ត្រូវ​ធ្វើ។ ម្យ៉ាងទៀត វត្តមាន​របស់​យន្តហោះ​រុស្ស៊ី នៅ​ក្នុង​ដែន​អាកាស​អឺរ៉ុប​ធ្វើឡើង ដើម្បី​រុស្ស៊ី អាច​តាមដាន​ដឹង​រាល់​ចេតនា របស់​អង្គការ​អូតង់។

យោង​ទៅតាម​សេចក្តី​ប្រកាស​ពត៌មាន​របស់​អូតង់ ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៤ គេ​ចាប់​បាន​សញ្ញា​យន្តហោះ​រុស្ស៊ី​កាន់តែច្រើន​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​ប្រទេស​សម្ព័ន្ធមិត្ត​អូតង់ ច្រើន​ជាង​១០០​លើក។ ចំនួន​នេះ​បាន​កើន​ឡើង​បីដង បើប្រៀបធៀប​នឹង​ឆ្នាំមុន។

តាមអ្នកជំនាញ នេះ​មិនមែន​ជា​រឿង​ថ្មីទេ ដែល​រុស្ស៊ី​ប្រើ​យន្តហោះ​ចម្បាំង​ទៅ​បង្អួតខ្លួន ឬ​ស៊ើបការណ៍​ក្នុង​ដែន​អាកាស​របស់​អឺរ៉ុប។ ចាប់តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់ គេ​តែង​ឧស្សាហ៍​ឃើញ​យន្តហោះ​រុស្ស៊ី​ ដែល​ហោះ​ទៅ​យកការណ៍​នៅ ដែន​អាកាស​អឺរ៉ុប។

ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់ និង​គួរ​ឲ្យ​បារម្ភ​នៅពេលនេះ គឺ​រុស្ស៊ី​បាន​បញ្ជូន​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក ឲ្យ​ទៅហោះ​នៅពីលើ​ទីក្រុង​ទីប្រជុំជន​របស់​ប្រទេស​អឺរ៉ុប ពោល​គឺ​ខុសពីពេល​មុន ដែល​យន្តហោះ​រុស្ស៊ី​ធ្លាប់​តែ​​ហោះ​ចូល​ទៅក្នុង​ដែន​អាកាស​អឺរ៉ុប​ពិតមែន ប៉ុន្តែ ទៅលើ​តំបន់​ដែល​ជា​សមុទ្រ​គ្មាន​មនុស្ស​រស់នៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ