អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​បញ្ចប់ នៃ​ការ​ដាក់​ញត្តិ​ជូន​ទូត​បរទេស​មាន​ការ​រារាំង​បន្តិច​បន្តួច​ពី​សមត្ថកិច្ច​

នៅ​ថ្ងៃទី ២៩មករានេះ គឺជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ដើរ​ហែរ​ក្បួន​ដាក់​ញត្តិរបស់​អង្គការ​សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ ប្រមាណជា ១៩០​ស្ថាប័ន ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​សិទ្ធ​មនុស្ស ចំនួន ២៣នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី ៣មករា។ ​ ក្បួនដង្ហែ​​របដែល​មាន​មនុស្ស​ប្រមាណជា ២០០នាក់ ក៏​មាន​ការ​រារាំងពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្លះដែរ ប៉ុន្តែ​ គ្មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើងទេ។ ទីបំផុត ពួកគេបាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​​និងស្ថាប័នអន្តរជាតិជាច្រើន។

អង្គការសង្គមស៊ីវិល​ដាក់ញត្តិ​ជូនទូត​បរទេស​ព្រឹក​ថ្ងៃទី​២៣ មករាឆ្នាំ ២០១៣
អង្គការសង្គមស៊ីវិល​ដាក់ញត្តិ​ជូនទូត​បរទេស​ព្រឹក​ថ្ងៃទី​២៣ មករាឆ្នាំ ២០១៣ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

តំណាង​អង្គការ​សង្គម​ស៊ីវិលជាតិ​និង​អង្គជាតិប្រមាណ ២០០​នាក់ ​តំណាង​ឲ្យ​ ១៩៦​ស្ថាប័ន នៅ​ព្រឹក​ថ្ងៃ​ពុធនេះ បាន​នាំគ្នា ដើរ​ហែក្បូន​យក​ញតិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​មួយ​ចំនួន​ជា​បន្ត​ទៀត​។ នេះគឺ​ជា​ថ្ងៃ​ចុងក្រោយនៃ​ការ​​​ដាក់​ញតិ​បន្ទាប់ពី​បានចាប់ផ្តើមធ្វើ​កាលពី​ថ្ងៃទី ២១មករា។ ជា​ការ​ដាក់ញត្តិ​នេះគឺដើម្បី​ទាមទារ​ឲ្យ​ស្ថានទូត​នានាជួយ​អន្តរាគមន៍​ឲ្យ​រដ្ឋា​ភិបាល​​ដោះលែង​សកម្មជន ​ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ កាលពី​ថ្ងៃទី២និងទី៣មករា និង​សុំ​ឲ្យ​បញ្ឈប់​អំពើហិង្សា។

 
នៅ​ព្រឹក​ថ្ងៃពុធនេះ ក្បួន​ហែ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​យក​ញត្តិ ទៅ​ដាក់​នៅ​ស្ថានទូត សិង្ហបុរី ប្រុយ​ណេ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងបញ្ចប់​នៅ​ស្ថានទូ​ត​​​ចិន។ ស្ថាប័ន​អង្គការ​សហប្រជាជាតិក៏ត្រូវបានពួកគេយកញត្តិទៅដាក់ជូនដែរ។  យ៉ាងណាក៏​ដោយ ក្រុមសកម្មជន​បាន​ជួប​នឹង​ការ​រារាំងពី​អាជ្ញាធរ​សមត្ថកិច្ច ក្នុង​អំឡុង​ពេល​កំពុង​ ធ្វើ​ដំណើរ​​ចេញពី​ស្ថានទូត​សិង្ហបុរី។

លោក រ៉ាត់ រត្នមុនី អគ្គលេខាធិការរង​សហភាព​សហជីពកម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​ការ​ដើរដាក់​ញត្តិនោះ បាន​ប្រាប់វិទ្យុបារាំងថា សមត្ថកិច្ច​បាន​រារាំង​ការ​ដើរ​ហែក្បួន​របស់​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស ហើយ​ស្រែក​ប្រកាស​តាម​មេក្រូ ឲ្យ​ក្រុម​របស់​លោក​ឈប់​ដើរ ដោយ​ជើង និង​រក​យានជំនិះជិះ​វិញ។​ ដើម្បីចៀសវាងការប្រឈមមុខ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​​យល់​ព្រម​តាម​សំណើរ​របស់​សមត្ថកិច្ច ដោយ​​នាំគ្នា​ជិះ​យានជំនិះ មាន​ដូចជាម៉ូតូ​កង់បី និង​ម៉ូតូ ដើម្បី​យកញត្តិ ទៅ​ដាក់​ស្ថាន​ទូត​ផ្សេងៗជាបន្តទៀត។ នេះ​បើ​តាម​លោក រ៉ាត់​ រត្នមុនី។

យ៉ាងណាក៏ដោយ មន្ត្រីព័ត៌មាន នៅក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន កញ្ញា ឡុង គឹ​ម​ហៀង បាន​និយាយ​ថា សមត្ថកិច្ច​ ក៏​នៅ​តែបន្ត​ឃ្លាំមើល​ការ​ដាក់ញត្តិ​របស់​សង្គម​ស៊ីវិល​ រហូត​ទាល់តែចប់ ជា​ពិសេស​គឺ​នៅ​ជុំវិញស្ថានទូតវៀតណាម។ ប៉ុន្តែ​ ដំណើរ​ការ​ដាក់ញតិ្តនៅ​ព្រឹក​ថ្ងៃទី២៩មករានេះ ត្រូវ​បាន​កញ្ញា គឹម​ហៀង អះអាង​ថា​មាន​សញ្ញា​វិជ្ជមាន​ច្រើន ព្រោះថា​តំណាងស្ថានទូតមួយ​ចំនួនដែល​ចេញ​មក​ទទួល​ញត្តិបាន​សម្តែងការ​ពេញចិត្ត​ចំពោះ​សកម្មភាព​​ទាម​ទារសិទ្ធិមនុស្ស​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

សូម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី ២១​មករាមក ក្រុម​អង្គការ​សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ បាន​យក​ញត្តិ​ទៅ​ដាក់ជូនស្ថានទូតបរទេស​ចំនួន២០ស្ថានទូត​ហើយ។ នេះ​បើ​តាម​កញ្ញា ឡុង​ គឹម​ហៀង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ