អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Unicef៖កំណើត​ទារក​ថ្មី​ជាង ៤០% នៅ​ក្នុង​ពិភពលោក​នា​ឆ្នំា ២០៥០ នឹង​ស្ថិត​ក្នុង​ទ្វីប​អាហ្រិ្វក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី១២ សីហា​កន្លង​ទៅ អង្គការ Unicef បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ប្រជាសាស្រ្ត​នៅ​ក្នុង​ពិភពលោក។ Unicef បាន​គូស​បញ្ជាក់​ពី​កំណើន​ប្រជាជន និង​ពី​បញ្ហា​មួយ​ចំនួន​ដែល​ដែល​ពិភពលោក​ត្រូវ​ប្រឈម​នា​ប៉ុន្មាន​ទសវត្ស​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ របាយការណ៍ Unicef បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នំា ២០៥០ កំណើត​ទារក​ថ្មី​ជាង ៤០% ក្នុង​លោក​នឹង​ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ ម្យ៉ាង​ទៀត របាយការណ៍​ក៏​បាន​ប្រាប់​ពី​កំណើន​ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​ដែរ។

Unicef៖កំណើត​ទារក​ថ្មី​ជាង ៤០% នៅ​ក្នុង​ពិភពលោក​នា​ឆ្នំា ២០៥០ នឹង​ស្ថិត​ក្នុង​ទ្វីប​អាហ្រិ្វក
Unicef៖កំណើត​ទារក​ថ្មី​ជាង ៤០% នៅ​ក្នុង​ពិភពលោក​នា​ឆ្នំា ២០៥០ នឹង​ស្ថិត​ក្នុង​ទ្វីប​អាហ្រិ្វក RFI/Léa Lisa Westerhoff
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង​ធំ​ដុំ​នៅ​ក្នុង​លោក​យើង​នេះ​ទេ ចំនួន​ប្រជាជន​សរុប​នៅ​ទូទំាង​ពិភពលោក​គិត​ក្នុង​ឆ្នំា ២០១៤ នឹង​មាន​ជាង ៧ ២០០លាននាក់​ដែល​ក្នុង​នោះ ៥៩,៩% នៅ​ក្នុង​ទ្វីប​អាស៊ី ១៥,៧% ក្នុង​ទី្វប​អាហ្រ្វិក ១០,៣% ក្នុង​ទ្វីប​អឺរ៉ុប ៨,៦% ក្នុង​ទ្វីប​អាមេរិកឡានទីន ការ៉ាអ៊ីប ៤,៩% ក្នុង​ទ្វីប​អាមេរិកខាងជើង និង ០,៥% នៅ​ជុំវិញ​មហាសមុទ្រ​អូសេអានី។ តាម​រយៈ​តួលេខ​ខាង​លើ​បាន​បង្ហាញ​ថា ទ្វីបអាហ្រ្វិក​ស្ថិត​លំដាប់​ទី២ បន្ទាប់​ពី​អាស៊ី​ស្តីពី​ចំនួន​ប្រជាជន។ តែ​បើ​យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ Unicef អាហ្រ្វិក​ជា​ទ្វីប​មួយ​ដែល​នឹង​មាន​កំណើន​ប្រជាជន​ខ្លំាង​ជាង​ទ្វីប​ផ្សេង​ទៀត​នៅ​ដំណាច់​សតវត្ស​ទី២១ យើង​នេះ។ កាល​ពី​ឆ្នំា ១៩៥០ ចំនួន​ប្រជាជន​អាហ្រ្វិក​មាន​ប្រមាណ​តែ ៩% ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​លោក។ តែ​សព្វថ្ងៃ ទ្វីបអាហ្រ្វិក​មាន​ប្រជាជន​ចំនួន ១ ២០០លាននាក់ និង​កើន​ឡើង​ទ្វេដង ពោល ២ ៤០០លាន​នាក់​នៅ​ក្នុង​ឆ្នំា ២០៥០ បន្ទាប់​មក នឹង​កើន​ឡើង​ទ្វេដង​ទៀត ពោល ៤ ២០០លាននាក់​នៅ​ដំណាច់​សតវត្ស​ទី២១ យើង​នេះ។ បើ​និយាយ​ឲ្យ​ស្រួលយល់​ដោយ​មិន​បាច់​ផ្តល់​តួលេខ ក្នុង​ឆ្នំា ២០៥០ មនុស្សជាតិ​ក្នុង​លោក​ចំនួន ១ភាគ៤ ជា​ពួក​អាហ្រ្វិក​ស្បែកខ្មៅ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នំា ២១០០ ពិភពលោក​នឹង​មាន​ប្រជាជន​អាហ្រ្វិក​រហូត​ដល់​ទៅ ៤០% ឯណោះ។

ក្រៅ​ពី​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​ទ្វីប​ផ្សេង​នា​ពេល​ខាង​មុខ របាយការណ៍​របស់​អង្គការ Unicef ក៏​បាន​លើក​ឡើង​អំពី​កំណើន​នៃ​ការ​បន្លាស់ទី​របស់​ប្រជាជន​អាហ្រ្វិក​ក្នុង​ប្រទេស​ដែរ ពិសេស​ការ​រត់​ពី​ទីជនបទ​ទៅ​រស់នៅ​ក្នុង​ទីក្រុង។ ក្នុង​ឆ្នំា ១៩៥០ មាន​ប្រជាជន​អាហ្រ្វិក​តែ ១៤% ប៉ុណ្ណោះ​ដែល​រស់​ក្នុង​ទីក្រុង។ តែ​សព្វថ្ងៃ​មាន ៤០% និង​ត្រូវ​កើន​រហូត​ដល់​ទៅ ៦០% នៅ​ក្នុង​ឆ្នំា ២០៥០។ របាយការណ៍​របស់ Unicef ដដែល​ឲ្យ​ដឹង​ថា នៅ​ដំណាច់​ឆ្នំា ២០៣០ និង​ជា​លើក​ទី១ អ្នករស់នៅ​ក្នុង​ទីក្រុង​នឹង​មាន​ចំនួន​ច្រើន​ជាង​អ្នករស់នៅ​តាម​ទីជនបទ​ដាច់ស្រយាល។ ជាក់ស្តែង​ក្នុង​ទីក្រុង​ឡាហ្កូស​នៃ​ប្រទេស​នីហ្សេរីយ៉ា ចំនួន​ប្រជាជន​នឹង​កើន​ទ្វេដង​ពី ១២លាននាក់​នា​ពេល​សព្វថ្ងៃ ទៅ ២៤លាននាក់​នៅ​ឆ្នំា ២០៣០។ ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប​នឹង​កើន​ពី ១៩ ទៅ ២៥លាននាក់​នៅ​ឆ្នំា ២០៣០។

 

ចាប់​ពី​ពេល​នេះ ទៅ​ដល់​ឆ្នំា ២០៥០ និង​ចំ​ពេល​ដែល​អត្រា​នៃ​កំណើត​ទារក​នឹង​ត្រូវ​ថយ​ចុះ​នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នោះ កណើត​ទារក​ជិត ២ ០០០លាននាក់​នឹង​កើត​មាន​នៅ​ក្នុង​ទ្វីបអាហ្រ្វិក ពោល​ស្មើ​នឹង ៤១% នៃ​កំណើត​ទារក​នៅ​ទូទំាង​ពិភពលោក។ កាល​ពី​ស្ថិតិ​ក្នុង​ឆ្នំា ២០១២ អង្គការ Unicef បាន​ប្រមើលមើល​ថា នៅ​ក្នុង​ឆ្នំា ២០៥០ កំណើត​ទារក​ម្នាក់​ក្នុង​ចំណោម ៣នាក់ ជា​អាហ្រ្វិកស្បែកខ្មៅ។ តែ​ស្ថិតិ​ថ្មី​ថ្ងៃ​នេះ​បាន​បង្ហាញ​ថា នៅ​ឆ្នំា ២០៥០ នឹង​មាន​កូនក្មេង​ក្រោម​អាយុ ៥ឆ្នំា​ប្រមាណ​ជា ៤០% រស់នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ ចំណែក​អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ឆ្នំា​នឹង​កើន​ពី ៥៤៧លាននាក់​ក្នុង​ឆ្នំា ២០១៥ ទៅ​ជិត ១ ០០០លាននាក់​នៅ​ឆ្នំា ២០៥០។ ប្រទេស​អាហ្រ្វិក​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លំាង​ជាង​គេ គឺ​នីហ្សេរីយ៉ា ព្រោះ​ជា​ប្រទេស​ដែល​មាន​កំណើន​កំណើត​ទារក​ច្រើន​ជាង​គេ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ ចាប់​ពី​ពេល​នេះ ដល់​ឆ្នំា ២០៥០ ចំនួន​ប្រជាជន​នីហ្សេរីយ៉ា​នឹង​គុណ​ជា ២ដងកន្លះ ពោល​នឹង​មាន​ចំនួន ៤៤០លាននាក់​ក្នុង​ឆ្នំា ២០៥០។

 

ដោយឡែក ទន្ទឹម​នឹង​កំណើន​ប្រជាសាស្រ្ត​នៅ​ក្នុង​ពិភពលោក​គួរ​ឲ្យ​ចាប់​អារម្មណ៍ អង្គការ Unicef ក៏​បាន​ទាញ​សញ្ញា​អាសន្ន​ជុំវិញ​អត្រា​នៃ​ភាព​ក្រីក្រ​ដែល​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ទ្វីបអាហ្រ្វិក ពោល​គឺ​មាន​ប្រជាជន​អាហ្រ្វិក​ប្រមាណ​ជា ៦០% កំពុង​រស់នៅ​ជាមួយ​នឹង​ចំណូល​តិច​ជាង ២ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ អ៊ីចឹង​ហើយ​បាន​ជា Unicef បាន​អំពាវនាវ​ឲ្យ​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សុខភាព អប់រំ ពិសេស​សម្រាប់​ស្រ្តីភេទ។ យោង​តាម Unicef ទោះ​បី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​តំាង​ពី​ឆ្នំា ២០០០ ក៏​ដោយ ក៏​អត្រា​នៃ​ចំនួន​មនុស្ស​ស្លាប់​ពាក់កណ្តាល​នៅ​ក្នុង​ទ្វីបអាហ្រ្វិក ជា​កូនក្មេង ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នំា ២០៥០។

 

ក្រោម​ភ្នែក ច្រមុះ​របស់​អង្គការ Unicef គឺ​មាន​តែ​ការ​ផ្តល់​អាទិភាព​លើ​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​វិស័យ​សុខភាព និង​អប់រំ​ទេ​ដែល​គេ​អាច​កាត់​បន្ថយ​នូវ​ហានិភ័យ​ខាង​លើ​នេះ​បាន បើ​មិន​ដូច្នោះ​ទេ នោះ​អាហ្រ្វិក​នឹង​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​ជាមួយ​នឹង​កំណើន​ប្រជាជន​របស់​ខ្លួន​នា​ពេល​ខាង​មុខ។ តែ​ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន ក៏​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​ថ្នាក់ដឹកនំា​នៃ​ប្រទេស​នីមួយៗ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ