ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 14 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 14 តុលា 2012

គណបក្ស​កាន់អំណាច​ភូមា​បើកធ្វើ​សមាជ​ដើម្បី​កំណត់​យុទ្ធសាស្រ្ត​ថ្មី

រូបសញ្ញា​របស់​គណបក្ស​ USDP ដែល​កំពុង​កាន់អំណាច​នៅ​ភូមា
រូបសញ្ញា​របស់​គណបក្ស​ USDP ដែល​កំពុង​កាន់អំណាច​នៅ​ភូមា
wikipedia

ដោយ សេង ឌីណា

នៅថ្ងៃ​អាទិត្យ​នេះ គណបក្ស​​ដែល​កំពុង​កាន់អំណាច​នៅ​​ភូមា បាន​ចាប់ផ្តើម​បើក​ធ្វើ​សមាជ​របស់​ខ្លួន ជាលើកដំបូង ដើម្បី​​កំណត់​យុទ្ធសាស្រ្ត​បក្ស សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៥។ គណបក្ស​ក៏​ត្រូវ​បោះឆ្នោត​រើស​ប្រធានថ្មី​ផងដែរ ដើម្បី​ជំនួស​លោក​ ថេន សេន ដែល​បាន​លាឈប់ ដើម្បី​ទៅកាន់​តំណែង​ជា​ប្រធានាធិបតី។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

14/10/2012

គណបក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព (ហៅកាត់​តាមភាសា​អង់គ្លេស​ថា USDP) ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​មេដឹកនាំ​របបសឹកភូមា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០ ដើម្បី​ត្រៀម​ប្រែក្លាយ​របបដឹកនាំ​ភូមា ពី​របបសឹក ទៅជា​របបនយោបាយ​ស៊ីវិល។
 
គណបក្ស USDP ដែល​មាន​លោក ថេន សេន ជា​ប្រធាន បាន​ទទួល​ជោគជ័យ នៅ​ក្នុង​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១០ ដោយ​ទទួល​បាន​សំឡេង​ភាគច្រើន ទាំង​នៅ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា។ ក៏ប៉ុន្តែ ការបោះឆ្នោត​នោះ​​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​ថា​ មិនបាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ដោយសារ​តែ​មាន​ការ​លួចបន្លំ​សន្លឹកឆ្នោត​ផង និង​ការ​រារាំង​មិន​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី ចូលរួម​ផង។
 
នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១១ លោក ថេន សេន បាន​លាលែង​ពីតំណែង​ជា​ប្រធាន​បក្ស ដើម្បី​ទៅកាន់​តំណែង​ជា​ប្រធានាធិបតី ហើយ​តំណែង​ប្រធានគណបក្ស USDP ក៏​នៅ​ទំនេរ​ចាប់ពី​ពេលនោះមក ដែល​គេ​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានបក្ស​ថ្មី នៅ​ក្នុង​សមាជ ដែល​បើក​ធ្វើ នៅ​ថ្ងៃ​អាទិត្យ​នេះ។ ជាទូទៅ គេ​នាំគ្នា​ប្រមើល​មើលថា លោក ស្វេ ម៉ាន់ (Shwe Mann) ដែល​បច្ចុប្បន្ន​ជា​អនុប្រធានបក្ស និង​ជា​ប្រធាន​រដ្ឋសភា ទំនង​ជា​នឹង​ត្រូវ​​​ជាប់ឆ្នោត​ជា​ប្រធាន​បក្ស​ថ្មីនេះ។
 
នៅ​ក្នុង​សុន្ទរកថា​បើក​សមាជ​បក្ស នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​ស្វេ ម៉ាន់ បាន​ថ្លែង​អំពាវនាវ​ដល់​សមាជិក​បក្ស​ទាំងអស់​​​ឲ្យ​ចូលរួម​យ៉ាងសកម្ម នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន និង​ទៅតាម​នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល។ លោក​ក៏​បាន​ថ្លែង​ផងដែរ​ សមាជ​នៅ​ពេលនេះ គឺ​ជា​ឱកាស​មួយ ដើម្បី​ឲ្យ​គណបក្ស USDP រៀបចំ​ធ្វើ​កំណែទម្រង់​ កំណត់​យុទ្ធសាស្រ្ត​ថ្មី សម្រាប់​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ។
 
អ្នក​សង្កេតការណ៍​នយោបាយ​ភូមា​ជាច្រើន​យល់ថា គណបក្ស USDP កំពុង​តែ​បារម្ភ​​ចំពោះ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៥​​ខាងមុខ គឺ​បារម្ភ​នឹង​ប្រជាប្រិយភាព​របស់​គណបក្ស NLD របស់​លោកស្រី អ៊ុង សានស៊ូជី។ ហើយ​គេ​គិតថា ក្រោយ​ពី​បាន​ធ្វើ​កំណែទម្រង់​​នយោបាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ រហូត​បាន​ស្តារមុខមាត់ នាំ​ភូមា​ចេញ​​​ពី​ភាព​ឯកោ​ក្នុង​ឆាក​អន្តរជាតិ​ដូច​សព្វថ្ងៃ​នេះ​ គណបក្ស​ USDP ទំនង​ជា​មិន​ចង់ ឬ​មិន​អាច ត្រឡប់​ទៅ​ប្រើ​យុទ្ធសាស្រ្ត​ចាស់ គឺ​ការ​គំរាមកំហែង និង​ការ​លួចបន្លំ​សន្លឹកឆ្នោត​ ដូច​ពីមុន​ទៀត​ទេ។ ដូច្នេះ​ហើយ​បាន​ជា​លោក ស្វេ ម៉ាន់ លើកឡើង​ពី​ការ​ធ្វើ​កំណែទម្រង់​​​បក្ស និង​កំណត់​យុទ្ធសាស្រ្ត​ថ្មី នៅ​ក្នុង​សមាជបក្ស​ពេលនេះ។
 
កាល​ពីពេលថ្មីៗ​នេះ អគ្គលេខាគណបក្ស USDP បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា គណបក្ស​ NLD របស់​លោកស្រី​អ៊ុង សានស៊ូជី មាន​ប្រជាប្រិយភាព គឺ​ប្រហែល​ជា​មក​ពី​ប្រជាជន​ភូមា​គិត​ថា គណបក្ស​នេះ​អាច​ធ្វើការ​បាន​ល្អ​ជាង ក្នុង​ការ​បម្រើ​ប្រជាជន។ ដូច្នេះ ដើម្បី​យក​ឈ្នះ​​គណបក្ស NLD សមាជិក​បក្ស USDP ចាំបាច់​ត្រូវ​តែ​ខិតខំ​ធ្វើការ​តាម​មូលដ្ឋាន ដើម្បី​បង្ហាញ​ឲ្យ​ប្រជាជន​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែកថា​តើ​អ្នកណា​សម្រេចបាន​សមិទ្ធផល​ជាក់ស្តែង​ច្រើន​ជាង?
 
ប្រសិនបើ​គណបក្ស​កាន់អំណាច​ពិតជា​ជ្រើសរើស​យក​យុទ្ធសាស្រ្ត​បែបនេះ​ពិតប្រាកដ​មែន វា​គឺ​ជា​រឿង​ល្អ​មួយសម្រាប់​ភូមា ពីព្រោះ​ថា គណបក្ស​ដែល​បង្កើតឡើង​ដោយ​អតីត​មេដឹកនាំ​របបសឹក កំពុងតែ​ចាប់យក​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ៕

tags: ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close