អានតួអត្ថបទ
ភូមា

ភូមា​សន្យា​លើកលែង​ពន្ធ​៨ឆ្នាំ​ដល់​វិនិយោគិន​បរទេស

បន្ទាប់​ពី​បាន​ធ្វើ​កំណែទម្រង់​នយោបាយ និង​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​​ពី​សហគមន៍​អន្តរជាតិ នៅពេលនេះ រដ្ឋាភិបាល​ភូមា​​​កំពុង​​រកវិធី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស។ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ Davos (ប្រទេស​ស្វ៊ីស) មន្រ្តី​រដ្ឋាភិបាល​ភូមា​បាន​សន្យាថា ភូមា​នឹង​លើកលែងពន្ធ​រយៈពេល ៨​ឆ្នាំ ដល់​វិនិយោគិន​បរទេស ដែល​ចូល​ទៅ​បោះទុន​រកស៊ី នៅ​ក្នុង​ប្រទេស​ភូមា។

សណ្ឋាគារ​ទំនើបៗ​​ខ្នាត​អន្តរជាតិ​កំពុង​ចង់​បង្កើត​សណ្ឋាគារ​​នៅភូមា
សណ្ឋាគារ​ទំនើបៗ​​ខ្នាត​អន្តរជាតិ​កំពុង​ចង់​បង្កើត​សណ្ឋាគារ​​នៅភូមា REUTERS/Soe Zeya Tun/Files
ផ្សាយពាណិជ្ជកម្ម

ភូមា​ ដែល​ធ្លាប់តែ​​ស្ថិត​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ កំពុង​តែ​ព្យាយាម​​​ប្រែក្លាយខ្លួន​​ជា​ទិសដៅ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ក្រោយ​ពីរដ្ឋាភិបាល​ស៊ីវិល​ភូមា​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ ដែល​គេ​រំពឹង​ថា​អាច​នឹង​នាំ​ទៅ​ដល់​ការ​លុប​ទណ្ឌកម្ម​អន្តរជាតិ​។

កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ នៅ Davos (ស្វ៊ីស) មន្រ្តី​រដ្ឋាភិបាល​ភូមា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ភូមា​បាន​ស្វះស្វែង​រក​ជំនួយ​ពី​កុងស៊ុលតង់​បរទេស ដើម្បី​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី ដែល​មាន​លក្ខណៈទាក់ទាញ​ជាង​ប្រទេស​ជិតខាង។ ច្បាប់​វិនិយោគថ្មីនេះ​អាច​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត នៅ​ចុង​ខែ​កុម្ភៈ​ខាងមុខ ហើយ​មាន​ចែង​អំពី​ការ​លើកលែង​ពន្ធ​​ដល់​វិនិយោគិន​បរទេស ​រយៈពេល ៨ឆ្នាំ។ រយៈពេល​លើកលែង​ពន្ធ​នេះ​អាច​នឹង​ត្រូវ​ពន្យារពេល​លើស​ពី ៨​ឆ្នាំ​ ចំពោះ​គម្រោង​វិនិយោគ​ណា ដែល​ផ្តល់​ផលចំណេញ​ដល់​ប្រទេស​ភូមា។

រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ភូមា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​បាន​ពន្យល់​រដ្ឋមន្រ្តី និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បរទេស​ ដែល​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច នៅ Davos អំពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​ភូមា ជាពិសេស ក្នុង​វិស័យ​វារីអគ្គិសនី និង​ការ​នេសាទ។ ចំណុច​វិជ្ជមាន​សំខាន់​មួយទៀត គឺ​ភូមា ដែល​ជា​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស មាន​អ្នក​ចេះ​ភាសា​អង់គ្លេស​ច្រើន ដែល​អាច​ផ្តល់​ភាព​ងាយស្រួល​ចំពោះ​ក្រុមហ៊ុន​បរទេស ដែល​ចូល​មក​រកស៊ី នៅ​ក្នុង​ប្រទេស​ភូមា។

គួរ​រំឭកឡើងវិញ​ថា នៅក្រោយ​ពេល​ដែល​របបសឹកភូមា​សុខចិត្ត​រំលាយ​ខ្លួន បង្កើត​ជា​រដ្ឋាភិបាល​ស៊ីវិល​ រដ្ឋាភិបាល​ថ្មីនេះ​បាន​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ​ជា​ច្រើន ដែល​​គ្មាន​អ្នកណា​នឹកស្មាន​ដល់។ មន្រ្តី​ជាន់ខ្ពស់​លោកខាងលិច ដូចជា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក អង់គ្លេស និង​បារាំង ក៏​បាន​នាំគ្នា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា​ជា​បន្តបន្ទាប់។ កាលពីថ្ងៃ​ទី២៣ មករា កន្លងទៅ​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​​ភូមា ដើម្បី​លើក​ទឹកចិត្ត​ដល់​ការ​ធ្វើ​កំណែទម្រង់នយោបាយ​នៅភូមានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ