អានតួអត្ថបទ
ភូមា-ស.រ.អា

ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​ភូមា​នៅ​អាមេរិក​

ប្រធានាធិបតី​ភូមាលោក ថេន​សេន​នឹង​​ត្រូវ​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​​នៅ​​អំឡុង​​ខែ​​ឧសភា​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ​ ជា​​សញ្ញា​គាំទ្រ​​មួយ​​របស់​​សហរដ្ឋ​អាមេរិក​ចំពោះ​លោកប្រធានាធិបតី​ថេនសេនក្នុង​​ការបន្ត​​ធ្វើ​កំណែ​ទម្រង់​នានា​នៅ​ក្នុង​ប្រទេស។

ប្រធានាធិបតីភូមា​ថេនសេន(Thein Sein)
ប្រធានាធិបតីភូមា​ថេនសេន(Thein Sein) Reuters/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

លោក​ថេនសេន ​ជា​ប្រមុខ​ដឹកនាំ​​ភូមាទីមួយ​ដែល​​នឹ​ងត្រូវ​​​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ចនៅ​សហរដ្ឋអាមេរិកចាប់តាំង​ពី​ជាង​កន្លះ​សតវត្សរ៍មកហើយ​​។ លោក​ថេនសេន​នឹង​អញ្ជើញ​ទៅ​ដល់​​ទីក្រុងវ៉ាស៊ីនតោននៅ​​ថ្ងៃ​ទី​២០​ឬ​​២១​ឧសភា​ខាង​មុខ-នេះ​បើ​យោង​តាម​ប្រភព​សភា​អាមេរិក​​​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោកប្រធានាធិបតីភូមា​នឹង​ត្រូវ​ជួបសន្ទនា​ជាមួយ​​លោក​បារ៉ាកអូបាម៉ានៅ​សេតវិមាន។ សេតវិមានដែល​​​​ពុំ​ចង់​ធ្វើ​អត្ថាធិប្បាយ​​នៅ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​ភូមាទេ​ ដោយ​ គ្រាន់​​តែ​​​គូសបញ្ជាក់​​នា​ពេលថ្មីៗនេះ ​ថាខ្លួន​បាន​សិក្សា​​រួចហើយ​ពី​​បញ្ហា​​នេះ​។

ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​​របស់​ប្រមុខ​ដឹកនាំ​ភូមា​ម្នាក់​​នៅ​ទីក្រុង​វ៉ាស៊ីនតោន ចាប់​តាំង​​ពីជំនាន់​លោកប្រធានាធិបតី ​Ne Win ដែលបានអញ្ជើញ​មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ១៩៦៦​ តាមការអញ្ជើញរបស់​លោក​ប្រធានាធិបតី​ Lyndon Johnson​ មក។​

​លោក​ប្រធានាធិបតី អូបាម៉ា​វិញ ធ្លាប់​បាន​អញ្ជើញ​ទៅ​​ប្រទេស​ភូមា​នៅ​ខែ​វិច្ឆិកា​មុន​គឺ​ក្រោយពី​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ថ្មី។ នៅ​ឱកាសនោះ ​លោក​​អូបាម៉ា បាន​សំដែង​ការ​អបអរ​​សាទរចំពោះ​​នយោបាយ​អន្តរកាល​មួយ​ដែល​របប​ភូមា​ថ្មី ​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​លោកអូបាម៉ា បាន​អំពាវ​នាវ​​សុំ​ ភូមាបន្តធ្វើ​​កំណែ​ទម្រង់បន្ថែម​​​ទៀត ជា​អាទិ៍​នៅ​​លើ​សំណុំរឿង​ជនជាតិ​ភាគតិច។

លោក​ថេនសេនវិញ ក៏ធ្លាប់​បាន​អញ្ជើញ​មក​កាន់​សហរដ្ឋ​អាមេរិក​ដែរ​ តែ​ក្នុង​ក្របខណ្ឌ​​មហា​សន្និបាត​​អ.ស.ប. នៅទីក្រុង ញូវយក​តែ​ប៉ុណ្ណោះ។

គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ភូមានៅអាមេរិក​នៅ​​រក្សា​ទុក​ដូច​តាម​ការ​សន្យា ទោះបី​ជា​មាន​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ច្រើន​ក៏ដោយ ​ក្រោយពី​មាន​អំពើ​ហិង្សា​ប្រឆាំង​ទៅ​លើ​ជនជាតិ​ភាគ​តិច  Rohinghas​ ដែល​​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។

​ថ្មីៗនេះ  អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Wacth ដែល​មាន​ទីស្នាក់ការ​នៅ​ញូវយក ​បាន​ចោទ​​ភូមាថា ​​​បាន​”ដឹក​នាំ​​យុទ្ធនាការ​បោស​សំអាត​​ជនជាតិភាគតិចមួយ​” ដែល​បាន​បណ្តាល ​ឲ្យ​​ជន​ជាតិ​ភាគ​តិច Rohinghas ស្លាប់យ៉ាងហោចចំនួន២១១ នាក់​​ ​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១២។​មិនតែ​ប៉ុណ្ណោះ ​​ពួក​គេ​រាប់​សិប​ពាន់​នាក់​ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​ភូមា​ ​​បណ្តេញចេញទាំងបង្ខំ ពីលំនៅឋាន​របស់ពួកគេទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ