អាជ្ញាធរភូមាដោះលែងអ្នកទោសនយោបាយល្បីៗជាច្រើននាក់

អ្នកទោសនយោបាយល្បីៗឈ្មោះជាច្រើនរូប ត្រូវបានអាជ្ញាធរភូមាដោះលែងឲ្យមានមានសេរីភាព នៅថ្ងៃសុក្រនេះ។ ចាប់តាំងពីខែតុលាមុនមក នេះគឺជាលើកទី៣ហើយ ដែលរដ្ឋាភិបាលស៊ីវិលភូមាដោះលែងអ្នកទោសនយោបាយ។ ការដោះលែងអ្នកទោសនយោបាយ នៅថ្ងៃនេះបានទទួលនូវការអបអរសាទរភ្លាមៗ ពីសំណាក់គណបក្សប្រឆាំងរបស់លោកស្រីអ៊ុង សានស៊ូជី។
តាមការប្រកាសរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលភូមា កាលពីម្សិលមិញ អ្នកទោសចំនួន ៦៥១នាក់ ត្រូវបានលើកលែងទោស និងដោះលែងឲ្យមានសេរីភាព នៅថ្ងៃសុក្រនេះ។ ក្នុងចំណោមអ្នកទោសដែលត្រូវដោះលែងទាំងនេះ គេឃើញមានមេដឹកនាំក្រុមជនជាតិភាគតិច អ្នកកាសែតប្រឆាំង និង ជាពិសេស អ្នកទោសនយោបាយដ៏ល្បីឈ្មោះពីររូប ដែលជាមេដឹកនាំការបះបោររបស់និស្សិត កាលពីឆ្នាំ១៩៨៨។
គួររំឭកថា បាតុកម្មរបស់ក្រុមនិស្សិតភូមា កាលពីឆ្នាំ១៩៨៨ ត្រូវអាជ្ញាធរយោធាភូមាធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ទៅប្រមាណ ៣ពាន់នាក់។ មេដឹកនាំបាតុករជាច្រើននាក់ត្រូវបានអាជ្ញាធរចាប់ដាក់គុក។
អតីតនាយករដ្ឋមន្រ្តីម្នាក់ ដែលត្រូវបានមេដឹកនាំយោធាទម្លាក់ពីមុខតំណែង កាលពីឆ្នាំ២០០៤ ហើយចាប់ដាក់ឃុំក្នុងផ្ទះ ដោយចោទប្រកាន់ពីបទពុករលួយ ក៏ត្រូវបានដោះលែងវិញដែរ។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រីអ៊ុង សានស៊ូជី បានប្រកាសអបអរសាទរការដោះលែងអ្នកទោសនយោបាយនេះ ដោយបានធ្វើការកត់សម្គាល់ថា កាយវិការរបស់រដ្ឋាភិបាលភូមានេះ គឺជាសញ្ញាវិជ្ជមានសម្រាប់គ្រប់ភាគីទាំងអស់។ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ផងដែរថា នៅពេលនេះ អ្នកទោសនយោបាយខ្លះ បានចេញពីពន្ធនាគារ ហើយកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ។
យោងតាមការផ្សាយរបស់បណ្តាញទូរទស្សន៍រដ្ឋ ការដោះលែងអ្នកទោសនៅពេលនេះ គឺធ្វើឡើង ក្នុងគោលដៅផ្សះផ្សាជាតិ និងដើម្បីឲ្យពួកគេអាចចូលរួមក្នុងឆាកនយោបាយភូមាឡើងវិញ។
ក្នុងរយៈពេលប្រមាណជាកន្លះឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលស៊ីវិលភូមាបានរៀបចំធ្វើកំណែទម្រង់នយោបាយជាច្រើន ដែលមិនមានអ្នកណានឹកស្មានដល់។ កំណែទម្រង់ ដែលបានទាក់ទាញដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក និងអង់គ្លេស។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចរួមគ្នានៅភូមាដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ