អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច​ភូមា​នឹង​កើនឡើង​មួយជាបួន​ប្រសិនបើ​រដ្ឋាភិបាល​បន្ត​ធ្វើ​កំណែទម្រង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភូមា​មាន​សក្តានុពល​អាច​នឹង​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​បាន​រហូតដល់​ទៅ ២០០ពាន់លាន​ដុល្លារ នៅ​ឆ្នាំ​២០៣០ ពោល​គឺ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​ដល់​ទៅ ៤ដង ប្រសិនបើ​រដ្ឋាភិបាល​នៅ​បន្ត​អនុវត្ត​កំណែទម្រង់ ដូចជា​ពេល​បច្ចុប្បន្ន​នេះ។ នេះ​បើ​យោងតាម​ការ​សិក្សា​​របស់​ក្រុម​កុងស៊ុលតង់​ផ្នែក​សេដ្ឋកិច្ច និង​ជំនួញ​ដ៏​ល្បីមួយ ចុះផ្សាយ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ កាលពីប៉ុន្មានថ្ងៃ​មុននេះ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា កំណែទម្រង់​របស់​លោក​ថេន សេន បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ភូមា​មាន​កំណើន​លឿន​រួចស្រេច​ទៅហើយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លុយ Kyat របស់​ភូមា
លុយ Kyat របស់​ភូមា
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ ភូមា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដ៏ក្រីក្រ​បំផុត​មួយ នៅក្នុង​តំបន់​អាស៊ី ជាមួយ​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​ជា ៥២ពាន់លាន​ដុល្លារ (ឆ្នាំ​២០១២) សម្រាប់​ប្រជាជន​សរុប​ប្រមាណ​ជា ៦០លាន​នាក់។ នៅ​​ក្រោម​ការ​ដឹកនាំ​របស់​របបសឹក​ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅនេះ សេដ្ឋកិច្ច​របស់​ភូមា​​ស្ថិត​ក្នុង​ភាព​ត្រដាបត្រដួស រឹតរួត​ដោយ​អំពើ​ពុករលួយ អសមត្ថភាព​ខាង​សេដ្ឋកិច្ច​របស់​មេដឹកនាំ និង​ទណ្ឌកម្ម​ពី​សំណាក់​សហគមន៍​អន្តរជាតិ។

ក៏ប៉ុន្តែ ស្ទើរតែ​គ្រប់​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច នៅ​ទូទាំង​ពិភពលោក​សុទ្ធតែ​យល់ថា ភូមា គឺ​ជា​ប្រទេស​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់។ ក្រុមកុងស៊ុលតង់​ផ្នែក​សេដ្ឋកិច្ច និង​ជំនួញ​របស់ McKinsey Global Institute ដែល​បាន​ធ្វើការ​សិក្សា​ទៅលើ​សេដ្ឋកិច្ចភូមា ក៏​បាន​ទាញ​សេចក្តីសន្និដ្ឋាន​​យ៉ាងច្បាស់​ដែរ កាល​ពី​ម្សិលមិញ​ថា សក្តានុពល​សេដ្ឋកិច្ច​របស់​ភូមា​ អាច​នឹង​ជំរុញ​ឲ្យ​ភូមា​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​ បានរហូតដល់​ទៅ ២០០ពាន់លាន​ដុល្លារ នៅ​ឆ្នាំ​២០៣០។ នេះ​ប្រសិន​បើ​រដ្ឋាភិបាលភូមា បន្ត​ធ្វើ​កំណែទម្រង់ ដូច​ដែល​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន។

ក្រៅពីធនធាន​ធម្មជាតិ​ដ៏សម្បូរបែប ភូមា​មាន​ចំណុច​ខ្លាំង​ដ៏​សំខាន់មួយ គឺ​ទីតាំង​ភូមិសាស្រ្ត ដោយសារ​តែ​ភូមា​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ចិន ឥណ្ឌា និង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​សុទ្ធសឹង​តែ​ជា​ប្រទេស និង​តំបន់ ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់។ បន្ថែម​ពីលើ​ធនធាន និង​ចំណុច​ខ្លាំង ដែល​មាន​ស្រាប់​ពី​កំណើត​នេះ ភូមា​អាច​បង្កើន​សក្តានុពល​សេដ្ឋកិច្ច​របស់​ខ្លួន​តាមរយៈ​ការ​អភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស (ដោយ​បង្កើន​គុណភាព​អប់រំ និង​​ជំរុញ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ និង​ចាប់យក​បច្ចេកវិទ្យាថ្មីៗ), ព្រមទាំង​រៀបចំ​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព ប្រព័ន្ធ​ធនាគារ និង​សេវាកម្ម​ សម្រាប់​ការ​ធ្វើ​ជំនួញ។

ក្រុម​កុងស៊ុលតង់​របស់ McKinsey Global Institute ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ផងដែរ​ថា ភូមា​គួរតែ​​​ផ្តោត​ជាពិសេស​ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ហើយបង្វែរ​ទិសដៅសេដ្ឋកិច្ច ពី​វិស័យ​ជា​ប្រពៃណី គឺ​វិស័យ​កសិកម្ម។

បច្ចុប្បន្ន​នេះ នៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​​ប្រមាណ​ជា ៥២ពាន់​លាន​ដុល្លារ មាន​ជាង ២១ពាន់លាន​ដុល្លារ​បាន​មក​ពី​វិស័យ​កសិកម្ម។ ការសិក្សា​របស់ McKinsey បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០៣០ គឺ​វិស័យ​ឧស្សាហកម្ម ដែល​នឹង​ក្លាយ​ជា​វិស័យ​ឈានមុខ​ក្នុង​សេដ្ឋកិច្ច​ភូមា ដោយ​អាច​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​បាន​ប្រមាណ​ជា ៧០ពានលាន​ដុល្លារ ក្នុងមួយ​ឆ្នាំ។

ក៏ប៉ុន្តែ ដើម្បី​អាច​សម្រេច​បាន​លទ្ធផល​នេះ ភូមា​ត្រូវការ​ជាចាំបាច់​នូវ​ការ​ធ្វើ​វិនិយោគ ជាពិសេស វិនិយោគ​ពី​បរទេស ហើយ​​ក្រុមអ្នកវិនិយោគ​បរទេស ដែល​ចង់​បោះទុនវិនិយោគ​ នៅ​ក្នុង​ប្រទេស​ភូមា គេ​រំពឹង​ចង់​បាន​នូវការ​ធានា​មួយ​ថា រដ្ឋាភិបាល​ភូមា​នឹង​​​មិន​ងាករេ ឬ​ដើរត្រឡប់​ក្រោយ ក្នុងកា​រ​ធ្វើ​កំណែទម្រង់​របស់​ខ្លួន​បច្ចុប្បន្ន ព្រមទាំង​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាតិសាសន៍ ដូចជា ករណី​ជម្លោះ​រវាង​អ្នក​កាន់​ពុទ្ធសាសនា​ និង​សហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម​បច្ចុប្បន្ន ដើម្បី​រក្សា​នូវ​ស្ថិរភាព​ក្នុង​ប្រទេស​អាច​ឲ្យ​អ្នកវិនិយោគ​មាន​ជំនឿទុកចិត្ត​​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ត្រឡប់​មក​ដាក់​ទណ្ឌកម្ម​លើ​ភូមា​ឡើងវិញ ដែល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ទុន​ដែល​គេ​បោះមក​វិនិយោគ ក្នុង​ប្រទេស​ភូមា​ត្រូវ​ខាតបង់។

បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​លោក​ថេន សេន បាន​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច និង​មាន​ការ​ដក ឬ​ព្យួរ​ទណ្ឌកម្ម​អន្តរជាតិ​​មក ក្រុមហ៊ុន​ធំៗ​ជាច្រើន​មក​ពី​បណ្តា​ប្រទេស​លោកខាងលិច បាន​ចាប់ផ្តើម​ប្រជែងគ្នា ដើម្បី​ចូល​មក​កាន់កាប់​ទីផ្សារ​ភូមា​រួចជាស្រេច​ទៅហើយ។

កាលពីថ្ងៃ​ពុធ មូលនិធិរូបិយវត្ថុ​អន្តរជាតិ ហៅកាត់​ថា IMF បាន​ឲ្យដឹង​ថា កាល​ពី​ឆ្នាំ​២០១២​កន្លងទៅនេះ សេដ្ឋកិច្ច​របស់​ភូមា​បាន​កើនឡើង ៦,៥% ហើយ​​អត្រា​កំណើន​នេះ​នឹង​បន្ត​កើនឡើង​កាន់តែ​ខ្ពស់​ថែមទៀត នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ជាពិសេស ដោយសារ​ការផលិត​ឧស្ម័ន​ធម្មជាតិ និង​ការ​កើនឡើង​នៃ​វិស័យ​វិនិយោគ។

ចំណុច​សំខាន់ ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត គឺ​ចាប់តាំង​ពី​របបសឹកភូមា​ត្រូវ​រំលាយ និង​មាន​ការ​រៀបចំ​កំណែទម្រង់​ផ្នែក​អភិបាលកិច្ច ភូមា​បាន​បង្កើន​ចំណូល​ពី​ការ​ប្រមូលពន្ធ​បាន​យ៉ាងច្រើន ដែលអាច​ឲ្យ​ភូមា​យក​ទៅ​ចំណាយ​ ក្នុងការ​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា វិស័យ​​អប់រំ និង​សុខាភិបាល ជាដើម។ ​ជា​វិស័យ​ដែល​​ត្រូវបាន​​​អាជ្ញាធរ​ភូមា​ទុកចោល​មិនរវីរវល់​ជាច្រើន​ទសវត្សរ៍​មកហើយៗ​ជាវិស័យ​គន្លឹះ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ភូមា​ សម្រាប់​រយៈពេល​វែង​ទៅថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ