អានតួអត្ថបទ
អេហ្ស៊ីព្ទ

ក្រោយពី​មូបារ៉ាក់​ធ្លាក់​ពី​តំណែង តើ​អេហ្ស៊ីព្ទ​ធ្វើដំណើរ​ឆ្ពោះទៅ​ទិស​ណា?

អស់រយៈពេល ១៨ថ្ងៃ ដែល​ប្រជាជន​អេហ្ស៊ីព្ទ​រាប់លាន​នាក់​បាន​នាំគ្នា​ចេញ​មកធ្វើ​បាតុកម្ម ដោយ​មិនខ្លាច​ច្បាប់​ស្តីពី​ភាព​អាសន្ន និង​មិនខ្លាច​ការ​បង្រ្កាប​ដោយ​កម្លាំង។ គោលដៅ គឺ​ទម្លាក់​លោក​មូបារ៉ាក់ ហើយ​នាំ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិសេរីភាព​មក​​អេហ្ស៊ីព្ទ។ នៅពេលនេះ លោក​មូបារ៉ាក់​បាន​ធ្លាក់​ពីអំណាច តាម​ការទាមទារ​របស់​បាតុករ។ ក៏ប៉ុន្តែ សំណួរ​មួយទៀត​​ចោទឡើង​ថា តើ​ក្រោយ​ពី​សករាជ​មូបារ៉ាក់​ទៅ តើ​អេហ្ស៊ីព្ទ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅទិស​ណា?

សេនាប្រមុខ​តាន់តាវី (Tantawi) ប្រធាន​ឧត្តមក្រុមប្រឹក្សា​កងទ័ព​ជាតិ​អេហ្ស៊ីព្ទ
សេនាប្រមុខ​តាន់តាវី (Tantawi) ប្រធាន​ឧត្តមក្រុមប្រឹក្សា​កងទ័ព​ជាតិ​អេហ្ស៊ីព្ទ ©AFP
ផ្សាយពាណិជ្ជកម្ម

02:25

បទវិភាគ​របស់ សេង ឌីណា

ចាប់តាំង​ពី​ពេល​ចលនាប្រឆាំង​បាន​ចាប់ផ្តើម រហូត​ដល់​ពេល​​នេះ ស្ថាប័ន​ដែល​បាន​ដើរតួនាទី​សំខាន់​បំផុត ក្នុង​បដិវត្តន៍​អេហ្ស៊ីព្ទ គឺ​កងទ័ព។ កងទ័ព​បាន​បដិសេធ​មិន​ប្រើ​កម្លាំង​លើ​បាតុករ។ កងទ័ព​ប្រកាស​គាំទ្រ​ការទាមទារ​របស់​បាតុករ។ គ្រប់គ្នា​ដឹង​ថា កងទ័ព​ក៏​ជា​អ្នក​ដើរ​តួនាទី​ដ៏សំខាន់​បំផុត ក្នុង​ការ​ជំរុញ​ឲ្យ​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង។

នៅពេលនេះ ក្រោយ​ពី​លោក​មូបារ៉ាក់​ចុះចេញ​តំណែង គឺ​កងទ័ព​ជា​អ្នក​​កាន់អំណាច។ កងទ័ព​គឺ​​ជា​អ្នក​កាន់ចង្កូត​នាវា​អេហ្ស៊ីព្ទ! តើ​នាវា​មួយនេះ​មាន​ទិសដៅ​ទៅខាង​ណា គឺ​ត្រូវ​រង់ចាំមើល​សកម្មភាព​របស់​កងទ័ព។

នៅពេលនេះ សូម្បី​តែ​​ឧត្តមក្រុមប្រឹក្សា​កងទ័ពជាតិ ក៏​​ហាក់​នៅមិនទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ​ថា តើ​គេ​ត្រូវ​ធ្វើ​អ្វី​ជា​បន្តទៅទៀត។ នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រោយ​ពី​​បាន​ឡើង​កាន់អំណាច សេនាប្រមុខ​តាន់តាវី (Tantawi) ដែល​ជា​ប្រធាន​ឧត្តមក្រុមប្រឹក្សា​កងទ័ព​ជាតិ ហាក់ដូចជាមាន​ភាព​ស្ទាក់ស្ទើរ​ច្រើន អំពី​​អ្វី​ដែល​កងទ័ព​​ត្រូវ​ធ្វើ។

បើតាម​មើលទៅ កិច្ចការ​​បន្ទាន់​ដែល​ត្រូវ​ធ្វើ គឺ​ត្រូវ​​នាំស្ថិរភាព​មកវិញ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ចាប់ដំណើរ​ការ​ឡើងវិញ និង​ត្រូវ​រំលាយ​រដ្ឋាភិបាល​ ដែល​តែងតាំង​ដោយ​លោក​មូបារ៉ាក់​ចោលវិញ។ ក៏ប៉ុន្តែ សួរថា ​ក្រោយ​ពី​រំលាយ​រដ្ឋាភិបាល​នេះ តើ​ត្រូវ​ជំនួស​ដោយ​អ្វី​មកវិញ ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ការទាមទារ​របស់ប្រជាជន? តើ​ត្រូវ​ទុក​ឲ្យ​មន្រ្តី​បច្ចេកទេស​ជា​អ្នក​ចាត់ចែង​​កិច្ចការ​រដ្ឋាភិបាល​ជា​បណ្ដោះអាសន្ន ឬ​ក៏ត្រូវ​បង្កើត​ជា​រដ្ឋាភិបាល​រួបរួមជាតិ​មួយ? បើ​បង្កើត​​រដ្ឋាភិបាល​រួបរួម​ជាតិ តើ​ត្រូវ​មាន​សមាសភាព​មក​ពី​ណា​ខ្លះ? ចុះ​ក្រុម Frères Musulman ដែល​​ជា​ចលនា​ប្រឆាំង​ដ៏ធំ​នៅ​អេហ្ស៊ីព្ទ ​ប៉ុន្តែ គេ​ចាត់ទុក​ថា​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយមនោះ គួរ​ឲ្យ​ចូល​ក្នុង​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែរ​ឬទេ?

ការប្រែប្រួល​ដែល​កើតឡើង​ក្នុងរយៈពេ​ល​ដ៏ខ្លី​បែបនេះ ឧត្តម​ក្រុមប្រឹក្សា​កងទ័ព​​ពិត​ជា​នៅ​មិនទាន់​​អាច​​​កំណត់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅឡើយទេ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ គេ​ចង់ដឹង​ថា តើ​​កងទ័ព​ពិត​ជា​​មាន​បំណង​រៀបចំ​​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ ហើយ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ ឬ​ក៏​​ច្បាម​យក​អំណាច​មក​គ្រប់គ្រៀង​ជា​អចិន្រ្តៃយ៍ បង្កើត​ទៅ​ជា​របបផ្តាច់ការ​យោធា​មួយ​ទៀត?

កាលពី​យប់​ថ្ងៃ​សុក្រ ម្សិលមិញ សេនាប្រមុខ​តាន់តាវី បាន​សន្យា​ម្តងទៀត​ថា កងទ័ព​នឹង​មិន​កាន់អំណាច​ជា​រៀងរហូត​នោះទេ។ កងទ័ព​នឹង​ចាត់វិធានការ ធ្វើ​យ៉ាងណា ឆ្លើយតប​ទៅ​នឹង​ការ​ចង់បាន​របស់​ប្រជាជន។

គេមើលឃើញ​មាន​កម្លាំង​ពីរ ដែល​ជំរុញ​ឲ្យ​កងទ័ព​ធ្វើ​តាម​ពាក្យសន្យា​នេះ។ ទីមួយ គឺ​កម្លាំង​ចលនា​មហាជន​អេហ្ស៊ីព្ទ ដែល​បាន​បញ្ជាក់​ច្បាស់​ថា​នឹង​ត្រឡប់​មក​ធ្វើ​បាតុកម្ម​វិញ ប្រសិន​បើ​មិនមាន​ការធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​ពិតប្រាកដ។ ទីពីរ គឺ​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​មេទ័ព​អេហ្ស៊ីព្ទ ហើយ​ដែល​កំពុង​តែ​​ទាមទារ​ឲ្យ​​ពួកគេ​​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ទៅតាម​ការ​ចង់បាន​របស់​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ