អានតួអត្ថបទ
កម្ពុជា

លោក​ស្រី​ មួរ​ សុខ​ហួរ​នៅ​តែ​បរាជ័យ​ដើម្បី​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​

តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​មណ្ឌល​​បាត់​ដំបង​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​ លោក​ ស្រី​ មួរ​ សុខហួរ​ ​បាន​​ព្យាយាម​​ចូល​ទៅ​​កាន់​​ទីលាន​​ប្រជាធិបតេយ្យ​​សា​​ជា​ថ្មី​​ នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​ទី២០មេសា​​​នេះ​។​ តំណាង​រាស្ត្រ​​ជា​​ស្ត្រី​​រូប​នេះ​​ត្រូវ​បាន​​ក្រុម​​កង​សន្តិសុខ​​សាលា​ខណ្ឌ​​ដូនពេញ​ និង​ អាជ្ញាធរ​​ជា​ច្រើន​​នាក់​​ផ្សេង​ទៀត​​បាន​​រា​រាំង​​មិន​​អោយ​ចូល​។​គោល​បំណង​​ដែល​​លោក​ស្រី​ មួរ សុខ​​ហួរ​ ធ្វើ​ដំណើរ​​ទៅ​កាន់​​ទីលាន​​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃ​នេះ​ គឺ​​ដើម្បី​​ថ្លែង​​ទាមទារ​​រក​​យុត្តិធម៌​ និង​អោយ​មាន​ការ​​ដំឡើង​​ប្រាក់​បៀរ​វត្ស​​ដល់​ក​ម្មករ​។ ​ប៉ុន្តែ​​អាជ្ញាធរ​​លើក​ឡើង​ថា​ ទង្វើ​​របស់​​អ្នក​តំណាង​រាស្ត្រ​​រូប​នេះ​​គ្រាន់​តែ​​ជា​ឆាក​សម្តែង​​ប៉ុណ្ណោះ​។​ 

លោកស្រីមួរ សុខហួរ ត្រូវបានកងសន្តិសុខរារាំងមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ។
លោកស្រីមួរ សុខហួរ ត្រូវបានកងសន្តិសុខរារាំងមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ។ RFI
ផ្សាយពាណិជ្ជកម្ម

នេះជា​បរាជ័យ​លើក​ទី​៥ហើយ​របស់​លោកស្រី មួរ សុខ​ហួរ ដែល​បាន​ព្យាយាម​ធ្វើដំណើរ​ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ។ ​តំណាងរាស្ត្រ​ជា​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ព្យាយាម​ជាច្រើនលើក​ច្រើនសា​ ដើម្បី​ចូលទៅ​កាន់​ទីលាន​បញ្ចេញ​មតិ​មួយ​នេះ ក៏ប៉ុន្តែ​នៅតែ​មិនអាច​ចូលទៅ​បាន ​ដោយសារ​កងសន្តិសុខ​ជាច្រើន​នាក់​បាន​រារាំង និង​រុញ​ច្រាន​​មកវិញ។ កុំថាឡើយ​តែ​ជាន់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ សូម្បីតែ​នៅ​ជិត​ទីនោះ​ក៏​អា​ជ្ញា​ធរ​ហាមឃាត់​ផងដែរ។ មិន​សំដៅ​តែ​ទៅលើ​តំណាងរាស្ត្រ​នោះទេ សូម្បី​អ្នករត់ម៉ូតូឌុប និង អ្នកកាសែត​​ដែល​ចុះ​ទៅយក​ព័ត៌មាន​ ក៏​អាជ្ញាធរ​ដេញ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ និង​មិន​ឲ្យ​មានការ​ជួបជុំ​ទៀតផង។

លោកស្រី មួរ សុខ​ហួរ ក្នុង​សំលៀកបំពាក់​អាវយឺត​ព​ណ៌​ខៀវ ​រំលេច​ដោយ​រូបភាព​កម្មករ​រងគ្រោះ​ដោយ​ការបង្ក្រាប​នៅ​ផ្នែក​ខាងមុខ និង​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល១៦០ ដុល្លារ​នៅ​ផ្នែក​ខាងក្រោយ​ផង​នោះ បាន​ថ្លែងថា លោកស្រី​មក​ទីនេះ​ដើម្បី​ថ្លែង​ទាមទារ​រក​យុត្តិធម៌ និង​ដំឡើង​ប្រាក់​ឈ្នួល១៦០ ដុល្លារ​ដល់ក​ម្មករ។ ​ប្រឈមមុខ​នឹង​កងសន្តិសុខ​ដែល​កំពុង​រា​រាំង​​យ៉ាងច្រើន​នោះ តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​បាត់ដំបង​រូបនេះ​បាន​ចោទ​សួរថា លោក​ស្រី​ខុសច្បាប់​ត្រង់ណា ហើយ​ជម្រុញ​ឲ្យ​កងសន្តិសុខ​ទាំងនោះ​ចាប់ខ្លួន​លោកស្រី។ ប៉ុន្តែ​បើ​មិន​ខុសច្បាប់​ទេ ឲ្យ​លោកស្រី​ចូលទៅ​ទីលាន​ប្រជាធិបតេយ្យ។

មិនមាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ ចេញមក​បកស្រាយ​ពី​មូល​ហេតុដែល​ហាមឃាត់​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​នោះទេ។ ប៉ុន្តែ​មន្ត្រី​សាលាខណ្ឌដូនពេញ​មួយរូប​ ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ និង​មិន​ព្រមផ្តល់​សម្ភាសន៍​ដល់​​​អ្នកកា​សែត ​បាន​លើក​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់។ តាមរយៈ​ឧគ្ឃោសនស័ព្ទ ​មន្ត្រី​រូបនេះ​បាន​លើកឡើងថា សកម្មភាព​របស់លោក​ស្រី មួរ សុខ​ហួរ ជាការ​សម្តែង​​ឆាកល្ខោន និង​​ជម្រុញ​ឲ្យ​លោកស្រី​ចូល​សភា។

នៅថ្ងៃនេះ​ ​ក៏មាន​ការចួលរួម​ផងដែរ​ពី លោក​លោក រៀល ខេមរិន្ទ និង លោក ឡុង ប៊ុ​តា ​ដែល​ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​សុទ្ធតែ​ត្រូវ​អាជ្ញាធរ​រារាំង​ដូចគ្នា។ លោកស្រី មួរ សុខ​ហួរ នៅតែ​អះអាងថា លោកស្រី​នឹង​នៅតែ​មកកាន់​ទីលាន​ប្រជាធិបតេយ្យ​នេះ​ជា​រៀងរាល់ថ្ងៃ ​រហូត​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​លោកស្រី​ចូល​បាន​ដោយ​សេរី។

គួររម្លឹកថា ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​ជា​កម្មករ និង​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​​​កាលពីដើម​ខែម​ករាក​ន្ល​ង​ទៅ អាជ្ញាធរ​បានដាក់​ទីលាន​ប្រជាធិបតេយ្យ​ស្ថិតក្នុង​ការ​​ស៊ើប​អង្កេត​ដោយ​មិន​ឲ្យ​មានការ​ជួន​ជុំ ឬ​រៀប​ពិធី​អ្វី​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ