ពុធ 24 តុលា 2012
ជំនឿ​លើ​«បុណ្យបារមី»នៅតែ​ពេញនិយម​សម្រាប់​សង្គម​កម្ពុជា
ហ្វូង​មហាជន​មក​ចូល​រួម​គោរព​​ព្រះ​បរមសព​សម្តេច​ឪ​ នរោត្តម សីហនុ
ហ្វូង​មហាជន​មក​ចូល​រួម​គោរព​​ព្រះ​បរមសព​សម្តេច​ឪ​ នរោត្តម សីហនុ
© Reuters
ដោយ ប៉ែន បូណា

រយៈពេល៧ថ្ងៃ​នៃ​ការ​កាន់ទុក្ខ​សម្រាប់​ការ​សោយ​ទិវង្គត​របស់​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បាន​ដល់ទី​បញ្ចប់​ហើយ​ កាលពី​ល្ងាច​ថ្ងៃទី២៣តុលា។ ពិធី​ជួបជុំ​សូត្រធម៌​ដ៏​ធំ​មួយ​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅមុខ​ព្រះបរមរាជវាំង​ដោយមាន​ព្រះសង្ឃ១ម៉ឺន​អង្គ និង​ពលរដ្ឋ​មកពី​គ្រប់ទិសទី​ចំនួន​ជាង ១០ ម៉ឺន​នាក់។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ប្រជាប្រិយភាព​របស់​ស​ម្តេច​ឳ មាន​សភាព​ធំធេង​ខ្លាំងណាស់​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ។ ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លា​នេះ​ត្រូវគេ​មើលឃើញថា បានមកពី​អានុភាព​ពីរ​យ៉ាង គឺ​ភាព​ប៉ិនប្រសប់​ក្នុងការ​ដឹកនាំ និង​ជំនឿ​លើ​បុណ្យ​បារមី​របស់​ព្រះអង្គ។

មាន​ព្រឹត្តិការណ៍​ច្រើនយ៉ាង​ណាស់​ដែល​បាន​កើតឡើង​ចាប់តាំងពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ​សម្តេចព្រះ នរោត្តម សីហនុ ហើយ​ដែល​គេ​អាច​លើកយក​ពន្យល់បាន​អំពី​ប្រជាប្រិយភាព​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។
 
សម្រាប់​ក្រុមអ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម និង​នយោបាយ​ប្រទេស​កម្ពុជា ប្រជាប្រិយភាព​ដល់​កម្រិត​កំពូល​របស់​អ្នកដឹកនាំ (និយាយ​ជារួម) និង​របស់​សម្តេចព្រះ នរោត្តម សីហនុ (និយាយ​ដោយឡែក) កើតឡើង​ដោយសារ​អានុភាព​ពីរ​គឺ ទី១ជា «អានុភាព​ក្នុង​ខ្លួន» គឺ​ទេព​កោសល្យ​ក្នុងការ​ដឹកនាំ​ដែល​អាចឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ។ ទី២គឺជា«អានុភាព​ក្រៅ​ខ្លួន» គឺ​ជំនឿ​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែលថា​ព្រះ​អង្គជា​ក្សត្រ​ដែលមាន«បុណ្យ​បារមី»។
 
ជាការ​ពិតណាស់ សម្តេច​ឳ​ជា​អង្គ​ព្រះមហាក្សត្រ និង​ជា​អ្នកដឹកនាំ​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ដែល​ពិបាក​នឹងមាន​អ្នកណា​ធ្វើ​ដូច។ ទេពកោសល្យ​ពិសេស​របស់​ព្រះអង្គ​គឺ​ការចេះ​ដាក់ខ្លួន​នៅ​កៀក​កិត​ជាមួយ​ប្រជា​រាស្ត្រសាមញ្ញ។ ក្នុងនាម​ជា​មហាក្សត្រ និង​ជា​អ្នកដឹកនាំ ព្រះអង្គ​បានបង្ហាញ​ឲ្យ​ប្រជារាស្ត្រ​បាន​ឃើញថា ទ្រង់​មិន​ប្រកាន់ខ្លួន​ថា​ជា​ក្សត្រ​ដែល​ត្រូវ​នៅ​ពីលើ​ខ្ពស់​ផុតពី​ប្រជារាស្ត្រ​ឡើយ ប៉ុន្តែ ព្រះអង្គ​បានដាក់​ខ្លួន​ឲ្យ​នៅជាប់​នឹង​ប្រជារាស្ត្រ​ជានិច្ច។ ម្យ៉ាងទៀត សមិទ្ធផលធំៗដែល​ព្រះអង្គ​សម្រេចបាន​សម្រាប់​ប្រទេសជាតិ និង​ប្រជារាស្ត្រ គឺ​​ជា​តឹ​កតាង​មិនអាច​ប្រកែក​បាន។ នេះ​ជា​សមត្ថភាព​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះអង្គ​ក្នុងនាម​ជា​អ្នកដឹកនាំ។
 
ប៉ុន្តែ ទន្ទឹមនឹង​នោះដែរ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ជឿថា ជា​អ្នកមាន«បុណ្យ​បារមី»លើសពី​មនុស្ស​ធម្មតា។ ជំនឿ​នេះហើយ​ដែល​បាន​បន្ថែម​ប្រជាប្រិយភាព​ដល់​ព្រះអង្គ​កាន់តែខ្លាំង​ឡើង​ថែមទៀត។មាន​ហេតុការណ៍​ច្រើនយ៉ាង​ណាស់​ដែល​គេ​អាច​លើក​ជា​ឧទាហរណ៍​បញ្ជាក់​ពីនេះ​បាន។ ជាក់ស្តែង តាំងពី​ព្រះអង្គ​ស្ថិតនៅ​ជា​អ្នកដឹកនាំ​សង្គមរាស្ត្រនិយម ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ជឿថា ពេលដែល​ព្រះអង្គ​យាង​ចេញទៅ​ទីណាម្តងៗ មេឃ​ក៏​ចាប់ផ្តើម​ស្រទំគ្មាន​ពន្លឺ​ថ្ងៃ​ដែល​អនុញ្ញាត​ឲ្យ​ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បេសកកម្ម​សួរសុខទុក្ខ​ប្រជារាស្ត្រ​ដោយ​គ្មាន​ការរំខាន​ពី​អាកាសធាតុ។ ហេតុការណ៍​នេះ​ត្រូវបាន​គេ​ជឿថា បណ្តាលមកពី​បុណ្យ​បារមី​របស់​ព្រះអង្គ។
 
ជំនឿ​បែបនេះ​នៅតែ​ដិតដាម​ជាប់​យ៉ាងរឹងមាំ​ក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​រហូតមកទល់​បច្ចុប្បន្នដោយ​ឥត​ប្រែប្រួល​ បើទោះបីជា​សង្គម​មានការ​វិវឌ្ឍន៍​យ៉ាងណាក៏ដោយ។ ជាក់ស្តែង ពេលដែល​បានទទួល​ព័ត៌មាន​ស្តីពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ កាលពី​ថ្ងៃទី១៥តុលា ពលរដ្ឋ​ខ្មែរ​ជាទូទៅ​បាននាំគ្នា​សម្តែង​ក្តី​រន្ធត់​តក់ស្លុត​យ៉ាងខ្លាំង។ មហាជន​រាប់លាន​នាក់​ដែល​ចេញមក​ដង្ហែ​ព្រះ​បរមសព​របស់​សម្តេច​ឳ​កាលពី​ថ្ងៃទី១៧តុលា ​គឺជា​ឧទាហរណ៍​មិនអាច​ប្រកែក​បាន​អំពី​ទឹកចិត្ត​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ​ចំពោះ​អង្គ​សម្តេច​ឳ។
 
លើសពីនេះ មាន​ហេតុការណ៍​មួយចំនួន​ដែល​មហាជន​ខ្មែរ​នៅតែ​ចាត់ទុកជា«អព្ភូតហេតុ»ដ៏​អស្ចារ្យ​ដែល​ភ្ជាប់​ទៅនឹង​បុណ្យ​បារមី​របស់​ព្រះអង្គ។ ឧទាហរណ៍ មហាជន​បាននាំគ្នា​ផ្អើល​និយាយថា មេឃ​បាន​ប្រែក្លាយជា​ស្រទំ​នៅពេលដែល​ព្រះ​បរមសព​របស់​ទ្រង់​បានមក​ដល់​ព្រលានយន្តហោះ។ បន្ទាប់មកទៀត មហាជន​ទូទាំងប្រទេស​បាននាំគ្នា​ផ្អើល​មើល​ព្រះ​ចន្ទ​កាលពី​យប់​ថ្ងៃទី២១តុលា ដោយ​ពួកគេ​អះអាងថា បានឃើញ​ព្រះ​ភ​ក្ត្រ័​សម្តេច​ឳ​នៅក្នុង​ផ្ទៃ​ព្រះ​ចន្ទ។
 
ទោះជា​គ្មានអ្វី​មក​បញ្ជាក់​ឲ្យ​បានច្បាស់លាស់, ទោះជា​រឿង​ពិត​ឬ​មិន​ពិត ? ទោះជា​សម​ហេតុផល​ឬ​មិន​សម? និង ទោះជា​អ្នកខ្លះ​ចាត់ទុកជា​ជំនឿ​ហួស​សម័យ ប៉ុន្តែ នេះ​ជា​អ្វីដែល​មហាជន​ខ្មែរ​ជាទូទៅ​នៅតែ​ជឿ​យ៉ាង​មុតមាំ ហើយ​ជា​ជំនឿ​ចេញពី​បេះដូង។ ដូច្នេះ គេ​ប្រាកដជា​អាច​និយាយបានថា ប្រជាប្រិយភាព​គ្មាន​គូ​ប្រៀប​របស់​អង្គ​សម្តេច​ឳ​ពិតជា​បានមកពី​អានុភាព​ក្នុង​ខ្លួន​ផង និង​ក្រៅ​ខ្លួន​ផង​របស់​ព្រះអង្គ។ ជំនឿ​នេះ​នៅតែមាន​ឥទ្ធិពល​យ៉ាងខ្លាំង​និង​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​ទៅក្នុង​សង្គម​តាំងពី​យូរយា​ណាស់​មកហើយ។
 
ទោះជា​ពិត​ឬ​មិន​ពិត ប៉ុន្តែ មេដឹកនាំ​ណា​ដែល​អាច​ទាញយក​អានុភាព​ទាំងពីរ​យ៉ាងនេះ​បាន គឺជា​អ្នក​ដែលមាន​ប្រជាប្រិយភាព​គ្មាន​គូ​ប្រដូច។ នេះ​មានន័យថា សង្គម​កម្ពុជា​ក្នុង​សតវត្សរ៍​ទី ២១ នេះ នៅតែ​ផ្តល់​តម្លៃ​ដល់​ជំនឿ​លើ​បុណ្យ​បារមី​យ៉ាងខ្លាំង​ដដែល៕

ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close