រុស្ស៊ី-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 26 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 26 តុលា 2012

ម៉ូស្គូ និង ​វ៉ាស៊ីនតោន​ចោទ​គ្នា​អំពី​រឿង​ផ្តល់​រ៉ុកកែត​បាញ់​យន្តហោះ​ទៅ​ស៊ីរី

រ៉ុកកែត stinger ដែល​រុស្ស៊ី​បាន​ចោទ​ថា អាមេរិក​ជាអ្នកផ្តល់​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី
រ៉ុកកែត stinger ដែល​រុស្ស៊ី​បាន​ចោទ​ថា អាមេរិក​ជាអ្នកផ្តល់​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី

ដោយ កែវ ឆាយា

ពេញមួយ​ថ្ងៃ២៥តុលាម្សិលមិញ ម្ខាងៗ​បាន​បន្លឺ​នូវ​ការបកស្រាយ​របស់​ខ្លួន ​គឺថា តាម​យោបល់​ម៉ូស្គូ បើ​អាមេរិក​មិនមែន​ជា​អ្នកផ្តល់​ត្រង់ៗ​នូវ​រ៉ុកកែត​បែបនេះ​ទៅ​ពួក​ប្រឆាំង នៅ​ស៊ីរីទេ ក៏​យ៉ាងហោច​ណាស់ ក៏​ជាអ្នក​សម្រប​សម្រួល​ដឹកនាំ ការផ្តល់​នេះ​តែម្តង ប៉ុន្តែ អាមេរិក បាន​ច្រានចោល​ការចោទប្រកាន់នេះ ដោយ​ទាមទារ​ពី​រុស្ស៊ី ឲ្យ​លើក​យក​ភស្តុតាង មក​បង្ហាញ។

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពីទីក្រុង​ម៉ូស្គូ
 

26/10/2012 by កែវ ឆាយា

 

សាច់រឿង គឺអំពី រ៉ុកកែតអាមេរិកធុន Stinger ដែល​ចល័ត ងាយ​យកតាមខ្លួន សម្រាប់ បាញ់​បំផ្លាញ​យន្តហោះ ដែល​ហោះ នៅ​កំពស់​ទាបៗ មិនហួស​ពី ៤គ.ម.លើដី។
 
ដើមហេតុ មក​ពី​មុន​ដំបូង នាយ​អគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី ឧត្តមសេនីយ Nicolai Makarov បាន​ថ្លែង​ថា ពួកឧទ្ទាម​ដែល​ច្បាំង​ទល់​នឹង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ឥឡូវ​បំពាក់​ទៅ​ដោយ រ៉ុកកែត សម្រាប់​យកតាម​ខ្លួន​បាន ម៉ាកប្លែកៗ មាន​ទាំង​រ៉ុកកែត​អាមេរិកាំង ម៉ាក Stinger ទៅផង។
 
គ្រាន់តែ​ឮ​ដំណឹង​នេះ​ភ្លាម ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍ ដែល​ថា ទីក្រុង​វ៉ាស៊ីនតោន​មិនដែល​ផ្តល់​អាវុធ Stinger អ្វីណា ទៅ​ស៊ីរី​ឡើយ។ អ្នកនាំពាក្យ​ផ្លូវការ របស់​ក្រសួង​នេះ លោកស្រី Victoria Nuland បាន​ប្រតិកម្ម​ថា រាល់តែ​រូបភាព​វីដេអូ​ជា​ឯកសារ ស្តី​អំពី​ការប្រើ​រ៉ុកកែត​ចល័ត​ប្រឆាំង​យន្តហោះ​ក្នុង​ផ្ទៃមេឃ​ស៊ីរី គឺ​ស​ឲ្យ​ឃើញ​ថា រ៉ុកកែត​ទាំង​នោះ ជា​រ៉ុកកែត​ចាស់ៗ ផលិត​តាំងពី​ជំនាន់​អតីត​សហភាព​សូវៀត។ ជា​ភាសា​រុស្ស៊ី វា​មាន​ឈ្មោះ​ថា Strela-2 ហើយ​ដែល​ត្រូវ​បក្ស​សម្ព័ន្ធ​ឲ្យ​ឈ្មោះថា AS-7។ ភាគី​អាមេរិក​មិន​ដែល​ឃើញ​ពួក​ឧទ្ទាម នៅ​ស៊ីរី​ប្រើ​រ៉ុកកែត​ម៉ាក Stinger ឡើយ។
 
ចំណែក​អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី លោក Alexandre Lukashevich ថ្ងៃ២៥ តុលា ដដែល ឆ្លើយ​ទៅវិញ​ថា ៖ “ ភាគី​រុស្ស៊ី​តែង​តាមដាន​យ៉ាង​ដិតដល់ អំពី​ដំណើរ​វិវឌ្ឍន៍​ទៅ នៃ ស្ថានការណ៍​ជុំវិញ​រឿង​បញ្ជូន ដោយ​លួចលាក់​ខុសច្បាប់ នូវ​អាវុធ និងសម្ភារៈ​យោធា ទៅឲ្យ ពួក​ឧទ្ទាម និង​ពួកភេរវជន នៅ​ស៊ីរី។ ហើយអ្វីៗដែលថ្លែង​ដោយ​លោកស្រី Victoria Nuland គឺ យើង​ធ្លាប់​ឭ​ទៅ​ហើយ។ ទោះបី​អាមេរិក​ខ្លួនឯង មិនមែន ជា​អ្នកផ្តល់​ត្រង់ៗ នូវ​រ៉ុកកែត​បែបនេះ ទៅ​ពួក​ប្រឆាំង​នៅ​ស៊ីរី​ក្តី ក៏​តាម​ការសារភាព​ទទួល​ស្គាល់​នៃ ពួក​អ្នកមុខ​អ្នកការ​អាមេរិក​ហើយ​ដែល​ត្រូវ​ចុះ​ផ្សាយ ដោយ កាសែត​អាមេរិកាំង​ផ្ទាល់ វ៉ាស៊ីនតោន​ដើរ​តួជា អ្នកសម្រប​សម្រួល ជួយ​ជ្រោមជ្រែង​ដល់​ការដឹក​ជញ្ជូន​អាវុធ​នោះ ទៅ​ផ្គត់ផ្គង់​ដល់​ពួក​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់ ដែល​សព្វថ្ងៃ សកម្ម នៅ​ស៊ីរី ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រទេស​នេះ”។
 

អំពី​រ៉ុកកែត Stinger ផ្ទាល់ គឺថា វាមាន​ប្រវែង​១ម៉ែត្រ​កន្លះ ស្រួល​ស្ពាយ​តាមខ្លួន ទម្ងន់វា គឺ ១០ គីឡូក្រាម ពីក្នុងនោះ ក្បាល​រំសេវ​ប្រយុទ្ធ​របស់​វា​មាន​ទម្ងន់ ៣​គីឡូក្រាម អាច​បាញ់​កំទេច យន្តហោះ នៅ​កំពស់​មិន​ហួស​ពី ៤គ.ម. លើដី។ វាបាន​ចូលខ្លួន​ទៅ​បំពាក់​កងទ័ព​អាមេរិក ចំនួន ២.២៥០ ដើម គឺ ក្នុងឆ្នាំ ១៩៨១ ហើយ​តាំង​ពី​ពេល​នោះមក មាន​ផលិត​វាបាន ៧០.០០០ដើម ដែលប្រដាប់​នៅ​នឹង​កងទ័ព ៣០​ប្រទេស។ រ៉ុកកែត​ម៉ាកនេះ ចេះ​កំទេច យន្តហោះ​អស់ ២៧០​គ្រឿង​ទៅហើយ៕

 

tags: រុស្ស៊ី - សព្វាវុធ - សហរដ្ឋអាមេរិក - ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close