រុស្ស៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 20 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 20 កញ្ញា 2012

បណ្តាជន​ម៉ូស្គូ​ប្រឆាំង​នឹង​ការ​សង់​វិហារ​អ៊ីស្លាម

ដោយ កែវ ឆាយា

គឺពេញមួយយប់មិញ ដែល​បណ្តាជន​ក្នុង​សង្កាត់មួយ នៅប៉ែកខាងលិច​ក្រុងម៉ូស្គូ ឈ្មោះ សង្កាត់ Mitino បានធ្វើមិទ្ទិញ​យ៉ាងគគ្រឹកគគ្រេង ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​សាលាក្រុង​ម៉ូស្គូ ដែលអនុញ្ញាតឲ្យ​សហគមន៍​អ៊ីស្លាម សង់​នៅក្នុង​សង្កាត់នេះ ជា​វិហារអ៊ីស្លាម សម្រាប់​តម្រូវការ​របស់គេ។

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ
 

20/09/2012

មុនដំបូង នៅវេលាម៉ោង៨យប់ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥០០នាក់ ដែល​រស់នៅ តាម​អគារលំនៅ នៅជុំវិញ បានទៅជួបជុំគ្នា​នៅលើ​ទីលាន ដែល​ទុកសម្រាប់​សង់វិហារ​នេះ។ ប៉ុន្តែ កន្លះម៉ោង​ក្រោយមក ចំនួន​អ្នក​ដែលចូលរួម​ក្នុង​មិទ្ទិញ​តវ៉ានោះ ស្រាប់តែ​កើនឡើង​ដល់ទៅ ជាង៣ដង លុះរហូតដល់​២.០០០នាក់ ទាល់តែ​បំពេញ​ណែនក្តន់ ទីលាន​ដែល​ស្ថិតនៅ​ត្រង់ចន្លោះ​រវាង​អគារលំនៅ និង​វិថីនានា។ ក្នុងមិទ្ទិញនេះ គេសង្កេតឃើញ ទាំង​យាយតាចាស់ៗ ដែល​ចូលរ៉ឺត្រែត​ទៅហើយ ទាំង​អ្នកស្រុក​វ័យក្មេង​ជាង នាំ​ទាំង​ប្រពន្ធ​និង​កូនៗ​ទៅ​ជាមួយផង ទាំង​យុវជន​ដែល​ប្រើ​ទូរសព្ទដៃ​ខ្លួន ថត​គ្មាន​ឈប់​ព្រឹត្តិការណ៍​នោះ។
 
ការទាមទាររបស់គេ កុំឲ្យសង់​នៅលើ​ទីលាននេះ ជា​វិហារអ៊ីស្លាម គឺ​មកពីគេ​ព្រួយបារម្ភ​ថា វិហារនេះ មុខជា​នឹង​ទាក់ទាញ​សាសនិក​អ៊ីស្លាម​ទាំងពាន់ៗ​នាក់ ឲ្យ​សម្រុកគ្នា​មកកាន់ទីនេះ ហេតុ ដែល​នឹង រំខាន​ដល់​ចរាចរណ៍ ហើយនឹង​បង្កជា​ស្ថានការណ៍ អាច​ពាំនាំមក​ទាំង ជម្ងឺឆ្លង ទៅផង ព្រមទាំង​នឹង​បង្ខូចដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់ អ្នក​ដែល​រស់នៅ​ទីនេះ។
 
តាមការកត់សម្គាល់នៃកាសែតមួយ លេខថ្ងៃនេះ ពួកអ្នក​ចូលរួម ក្នុង​មិទ្ទិញ ចេះ​ទប់ខ្លួន មិនបន្លឺ ឡើយ នូវឃ្លា​ដែល​បង្កប់ដោយ​ន័យ​ស្អប់​សាសនា​អ៊ីស្លាម។ គេថែមទាំង គូសបញ្ជាក់​ថា ៖ “អ្នក​កាន់​សាសនាអ៊ីស្លាម ជា​បងប្អូន​របស់គេ” ទេតើ ប៉ុន្តែ សង្កាត់ Mitino របស់គេ មាន​បញ្ហា​ផ្សេងៗ​ជាច្រើន ដែល​ត្រូវដោះស្រាយ​ជាបន្ទាន់ មិនមែន​បញ្ហា​សង់​វិហារ​នោះឡើយ។
 
ស្របនឹងការស្ទង់មតិ បណ្តាជនសង្កាត់ Mitino នៃរដ្ឋធានីម៉ូស្គូ ក្នុង​ចំនួន​ដល់ទៅ​៩០% នាំគ្នា ប្រឆាំងនឹង​កា​រសង់វិហារ​អ៊ីស្លាម នៅក្នុងសង្កាត់នេះ។
 
សាច់រឿងនៃសេចក្តីសម្រេច​របស់​សាលាក្រុងម៉ូស្គូ គឺ​សុខចិត្ត​យល់ព្រម ប្រគល់ដី មាន​ផ្ទៃក្រឡា ៣.៥០០ម៉ែត្រការ៉េ ក្នុង សង្កាត់ Mitino ទៅ​សហគមន៍​អ៊ីស្លាម​ សម្រាប់​សង់ឡើង​ជា “មជ្ឈមណ្ឌល​មនុស្សធម៌​អ៊ីស្លាម” ប្រកប​ទៅដោយ វិហារ​មូស្លីម ដែល​មិនត្រូវ​មាន​កម្ពស់ លើសពី ៣៥ម៉ែត្រឡើយ។ ៣៥ ម៉ែត្រនេះ គឺ​ស្មើនឹង​អគារ​ដែលមាន ១៣ជាន់។
 
បច្ចុប្បន្ន ក្នុងក្រុងម៉ូស្គូ មានវិហារ​មូស្លីម ចំនួន​ទើបតែ​៥ប៉ុណ្ណោះ ដំណើរការ សម្រាប់​បំពេញ​ដល់ តម្រូវការ នៃ​សាសនិក​អ៊ីស្លាម ចំនួន២លាន៦សែននាក់ ឬសឹង ១/៤ នៃ​បណ្តាជន​១១លាន ៧សែននាក់ ក្នុង​រដ្ឋធានី​រុស្ស៊ី ម៉្លោះហើយ​បានជា​ឆ្លើយតបនឹង ពាក្យ​ត្អូញត្អែរ​គ្មានឈប់ ពីខាង​សហគមន៍​អ៊ីស្លាម សាលាក្រុងម៉ូស្គូ​សុខចិត្ត ចេញ​សេចក្តី​អនុញ្ញាត​នោះ៕​

tags: រុស្ស៊ី
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close