អ៊ុយក្រែន សម្រេចថា ប្រគល់មកឲ្យរុស្ស៊ី នូវជនដែលគ្រោងធ្វើឃាត លោកពូទីន

ការសម្រេចចិត្តនេះត្រូវបានចេញរសៀលម្សិលមិញដោយសាលាឧទ្ធរណ៍ក្រុងOdessa ប្រទេសអ៊ុយក្រែនជាទីដែលជននោះនៅជាប់ឃុំឃាំង។ជននោះដែលត្រូវសមត្ថកិច្ច អ៊ុយក្រែនឃាត់ខ្លួនកាលពីដើមឆ្នាំនេះឈ្មោះAdam Osmaievជាជាតិឆេឆេនីបានសារភាពថាក្រុមរបស់គាត់មានគ្នាប្រមាណ១០នាក់បានរៀបចំមែនឃាតកម្មរូបលោកពូទីនគឺក្រោយពី ការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ីកាលពីខែមិនាចប់ទៅភ្លាម។ចំណែកលោកពូទីនផ្ទាល់តែងថ្លែងថាគាត់មិនដែលខ្លាចនរណាប៉ុនប៉ងលួចសម្លាប់រូបគាត់ឡើយ។
ការសម្រេចចិត្តធ្វើបត្យាប័ននោះដែលម្សិលមិញអនុម័តដោយភាគីអ៊ុយក្រែនគឺទៅតាមសំណូមពរពីខាងស្ថាប័នរដ្ឋអាជ្ញារុស្ស៊ីតាំងពីខែមិនាម៉្លេះ។
ដើមហេតុនៃសាច់រឿងគឺថាកាលពីថ្ងៃទី៤មករាឆ្នាំនេះក្នុងលំនៅមួយនៃក្រុងផែOdessa អ៊ុយក្រែនស្រាប់តែមានថ្លោះការផ្ទុះគ្ឌាំងតែម្តងពេលពួកគេបានសាកល្បងផ្សំធាតុរំសេវផ្ទុះ។
ពេលផ្ទុះនោះមានខ្លះធ្លាក់ខ្លួនស្លាប់ខ្លះត្រូវរបួសហើយទោះបីឈ្មោះAdam Osmaievផ្ទាល់ ចេះគេចខ្លួនរត់រួចក្តីក៏១ខែក្រោយមកនៅថ្ងៃ៤កុម្ភៈគឺត្រូវបានសមត្ថកិច្ចអ៊ុយក្រែនចាប់បានហើយ ដំណឹងនេះថែមទាំងលើកយកទៅផ្សាយដោយកាណាល់ទូរទស្សន័រុស្ស៊ីនៅថ្ងៃ២៧កុម្ភៈគឺ មួយសប្តាហ៍មុនដល់ថ្ងៃបោះឆ្នោតទី៤មិនាផ្ទាល់។
ពេលសួរចម្លើយជននោះដំណាលថាគាត់ជាអ្នកដឹកនាំសាខាអង្គការភេរវនិយម“Imarat Caucase”ប្រចាំក្រុងOdessaនៅអ៊ុយក្រែន។ក្រុមគាត់មានគ្នាប្រមាណ១០នាក់បានទទួលការផ្ទុកផ្តាក់ពីមេភេរវជនឆេឆេនីដ៏ល្បីឈ្មោះDoku Oumarovឲ្យធ្វើឃាតរូបលោកពូទីនជាប្រមុខរដ្ឋរុស្ស៊ី។សក្ខីកម្មនៃគម្រោងធ្វើឃាតលោកពូទីនត្រូវបានគេរកឃើញនៅក្នុងComputerរបស់ជនជាប់សង្ស័យនោះតែម្តង។
ត្រង់ចំណុចនេះគួរដកឃ្លារំលឹកថាពិតជាលោកពូទីនដែលតាំងពីក្នុងអាណត្តិទី១របស់គាត់ ជាប្រធានាធិបតីពីឆ្នាំ២០០០ដល់២០០៤ម៉្លេះចេះបង្ក្រាបឲ្យលឹបទៅចលនាពួកឧទ្ទាមដែលចង់ផ្តាច់ទឹកដីឆេឆេនីចេញពីសហព័ន្ធរុស្ស៊ីទៅបង្កើតជា”រដ្ឋអ៊ីស្លាម”ប្រចាំនៅតំបន់ភ្នំកូកាស។ រួចតាំងពីពេលនោះមកលោកពូទីនបានទទួលរហ័សនាមជា”បុរសខ្លាំង”នៅរុស្ស៊ី។
តាមដែលអ្នកនាំពាក្យផ្លូវការរបស់ស្ថាប័នរដ្ឋអាជ្ញាអ៊ុយក្រែនលោកYuri Boichenkoថ្លែងឲ្យដឹង ៖ ប្រតិបត្តិការខាងប្រគល់មកឲ្យរុស្ស៊ីនូវជនជាប់ចោទក្នុងការប៉ុនប៉ងធ្វើឃាតរូបលោកពូទីន នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខទៅហើយ។
ជុំវិញដំណឹងខាងលើប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៊ីថ្ងៃនេះរំលឹកថាក្នុងអំឡុង១២ឆ្នាំនៃអំណាច លោកពូទីនក្រសួងសន្តិសុខរុស្ស៊ីចេះទប់ស្កាត់បានយ៉ាងហោចណាស់៦លើកនូវការប៉ុនប៉ង ធ្វើឃាតលើរូបគាត់។ចំណែកលោកពូទីនផ្ទាល់តែងថ្លែងថាគាត់មិនដែលខ្លាចនរណាប៉ុនប៉ង លួចសម្លាប់រូបគាត់ឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ