អានតួអត្ថបទ
កម្ពុជា

ចៅក្រម៖ ជនជាតិ​បារាំង​និង​កូន៤នាក់​ដែល​ស្លាប់​ក្នុង​ខេត្តកំពង់ស្ពឺ​គឺជា​អំពើ​ឃាតកម្ម

បន្ទាប់ពី​ការស៊ើបអង្កេត​ជាច្រើន​ខែ ក្រុម​អ្នកជំនាញការ​ខ្មែរ​និង​បារាំង​បាន​សន្និដ្ឋានថា បុរស​ជនជាតិ​បារាំង​លោក Laurent Vallier និង​កូន​ទាំង៤នាក់​ដែល​បាន​ស្លាប់​ក្នុង​ទឹក​ត្រពាំង​ក្រោយ​ផ្ទះ​កាលពី​ឆ្នាំ ២០១២ គឺជា​អំពើ​ឃាតកម្ម​ គឺ​មិនមែនជា​អំពើ​អត្តឃាត​ទេ។ នេះ​បើតាម​ការអះអាង​របស់​​ចៅក្រម​ស៊ើបអង្កេត​ខេត្តកំពង់ស្ពឺ ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Laurent Vallier និង​កូន​ទាំង​៤​នាក់​ដែល​បាន​ស្លាប់​ក្នុង​ទឹក​ត្រពាំង​ក្រោយ​ផ្ទះ​កាល​ពីឆ្នាំ ២០១២។
លោក Laurent Vallier និង​កូន​ទាំង​៤​នាក់​ដែល​បាន​ស្លាប់​ក្នុង​ទឹក​ត្រពាំង​ក្រោយ​ផ្ទះ​កាល​ពីឆ្នាំ ២០១២។ @rfi
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​ដ៏​អាថ៌កំបាំង​នៃ​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​បារាំង​និង​កូន៤នាក់ ​ក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ចុងឆ្នាំ ២០១១ មាន​ពន្លឺ​ហើយ។ លោក ឈឹម រិទ្ធី ចៅក្រម​ស៊ើបអង្កេត តុលាការខេត្ត​កំពង់ស្ពឺ​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ស្រង់​សម្តី​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នោះ​គឺជា​អំពើ​ឃាតកម្ម​យ៉ាងពិត​ប្រាកដ។

បើតាម​លោក​ចៅក្រម ការធ្វើ​កោសល្យ​ពិច័យ​ដែលមាន​ការចូលរួម​ពី​ក្រុម​អ្នកជំនាញ​បារាំង​បាន​បង្ហាញថា លោក Laurent Vallier និង​កូន៣នាក់​បាន​ស្លាប់​នៅមុន​ពេលដែល​គេ​យកទៅ​ដាក់​​ក្នុង​ឡាន​ ហើយ​រុញ​ទម្លាក់​ចូលក្នុង​ទឹកស្រះ។ មានតែ​កូនពៅ​របស់គាត់​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​ក្រោយពេល​ទម្លាក់​ចូលក្នុង​ទឹក។ ហេតុផល​នេះហើយ ​​ដែល​បណ្តាល​ឲ្យ​ក្រុម​អ្នកស៊ើប​​អង្កេត​សន្និដ្ឋានថា ជា​អំពើ​ឃាតកម្ម។

សូមបញ្ជាក់ថា បុរស​ជនជាតិ​បារាំង លោក Laurent Vallier អាយុ៤២ឆ្នាំ​ដែលមាន​ភរិយា​ជនជាតិខ្មែរ​និង​មានកូន៤នាក់​ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាលពី​ចុងឆ្នាំ ២០១១ ក្រោយពី​ភរិយា​របស់លោក​បាន​ស្លាប់ទៅ។ ជាច្រើន​ខែក្រោយ​មក​ ពោលគឺ​ក្នុងអំឡុង​ខែមករា​ឆ្នាំ២០១២ គេ​បាន​រកឃើញ​សព​របស់លោក Vallier និង​កូន​ទាំង៤នៅក្នុង​រថយន្ត​ដែល​លិច​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ។

មានការ​សន្និដ្ឋាន​ពីដំបូង​ថា បុរស​ជនជាតិ​បារាំង​អាចធ្វើ​អត្តឃាត​ជាមួយ​កូន​ទាំង៤។ ប៉ុន្តែ ក្រុម​អ្នកជំនាញការ​បារាំង​ត្រូវបាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​កាលពីដើមឆ្នាំ ២០១៣ ដើម្បី​បើក​ការ​ស៊ើប​អង្កេត។ លទ្ធផល​ចុងក្រោយ​បង្ហាញថា ការស្លាប់​របស់​បុរស​ជនជាតិ​បារាំង​និង​កូន​ទាំង៤​ជា​​អំពើ​ឃាតកម្ម។

លោក​ចៅក្រម ឈឹម រិទ្ធី អះអាងថា លោក វ៉ា​លី​យេ ធ្លាប់មាន​ជម្លោះ​ជាមួយ​គ្រួសារ​ខាង​ប្រពន្ធ​ដោយសារ​បញ្ហាដីធ្លី។ ប្អូនថ្លៃ​របស់លោក វ៉ា​លី​យេ ម្នាក់​ធ្លាប់​ត្រូវបាន​តុលាការ​សាកសួរ​កាលពី​ឆ្នាំទៅ។ យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​ទេ។ ការស៊ើបអង្កេត​កំពុងតែ​បន្តធ្វើ​ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ