អានតួអត្ថបទ
កម្ពុជា

ម្ចាស់​​ពាន​​រង្វាន់​​អន្តរ​​ជាតិ​​ផ្នែក​​សិទ្ធិ​​មនុស្ស ​ដាក់​​ញត្តិ​ សុំ​ការ​​ឃ្លាំ​​មើល​​ពេល​​តុលា​ការ​​កាត់​​ទោស​

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​វិច្ឆិការ​នេះ ព្រះ​តេជ​គុណ លួន សុ​វ៉ាត ​ម្ចាស់​ពាន​រង្វាន់​អន្តរ​ជាតិ​ផ្នែក​ការ​ពារ​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១២​ពី​ទី​ក្រុង​សឺ​ណែវ​ប្រទេស​ស្វីស បាន​និមន្ត​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​បណ្តា​ស្ថាន​ទូត​ប្រទេស​មហា​អំណាច​នានា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ព្រះ​អង្គ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ​។

ព្រះតេជគុណ លួន ​សុវ៉ាត​( រូប​កណ្តាល)​​ កំពុង​ចាក​ចេញ​ពី​​ទី​ស្នាក់​ការ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បន្ទាប់​ពី​បាន​ដាក់​ញត្តិ​រួចរា​ល់​មក ​នៅ​ថ្ងៃ​ទី ​១៨​ វិច្ឆិកា​ ២០១៤​។
ព្រះតេជគុណ លួន ​សុវ៉ាត​( រូប​កណ្តាល)​​ កំពុង​ចាក​ចេញ​ពី​​ទី​ស្នាក់​ការ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បន្ទាប់​ពី​បាន​ដាក់​ញត្តិ​រួចរា​ល់​មក ​នៅ​ថ្ងៃ​ទី ​១៨​ វិច្ឆិកា​ ២០១៤​។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ផ្តើម​ចេញ​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក នៅ​ប្រមាណ​ជា​ម៉ោង​៨​ព្រឹក ព្រះ​តេជ​គុណ លួន សុវ៉ាត ដែល​អម​ដំណើរ​ដោយ​ព្រះ​សង្ឃ និង​សកម្ម​ជន​ដីធ្លី​មក​ពី​សហគមន៍​បឹង​កក់ បូរី​កីឡា និង​សហគមន៍​រង​គ្រោះ​ជា​ច្រើន​ទៀត បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អាមេរិក បន្ទាប់​មក​គឺ​ស្ថាន​ទូត​អង់​គ្លេស បារាំង កូរ៉េ​ខាងត្បូង សហ​ភាព​អឺរ៉ុប អង្គ​ការ​សហ​ប្រជាជាតិ ជប៉ុន និង​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ជា​ដើម​។ គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ស្នើ​សុំ​អោយ​មន្ត្រី​ស្ថាន​ទូត​ប្រទេស​មហា​អំណាច​ទាំង​អស់​នេះ ចូល​រួម​តាម​ដាន​ស្តាប់ និង​ឃ្លាំ​មើល​អង្គ​សវនាការ​កាត់​ទោស​លើ​ព្រះ​អង្គ ដែល​នឹង​ធ្វើ​ឡើង​ដោយ​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៥​ខែ​វិច្ឆិការ​ខាង​មុខ​នេះ​។

ព្រះ​អង្គ លួន សុវ៉ាត គឺ​ជា​សកម្មជន​ព្រះ​សង្ឃ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក៍​ជា​ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ពី​ទី​ក្រុង​សឺណែវ​ប្រទេស​ស្វីស​កាល​ពី​ឆ្នាំ​២០១២ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ និង​ញុះ​ញង់​ឲ្យ​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ប៉ុន្តែ​ព្រះ​តេជ​គុណ លួន សុវ៉ាត បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ប្រៀប​បាន​នឹង​ការ​ប្រើ​ដាវ​អាជ្ញា​សឹក​មក​ប្រហារ ដោយ​ចោទ​ប្រកាន់ និង​កាត់​ទោស​លើ​ព្រះអង្គ ដោយ​រំលោភ​លើ​ច្បាប់​ព្រះពុទ្ធ​សាសនា និង ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។

អ្វី​ជា​ការ​កត់​សំគាល់ នៅ​ក្នុង​ការ​និមន្ត​និង​ដើរ​ដាក់​ញត្តិ​កាល​ពី​ព្រឹក​ម៉ិ​ញ មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ទី​ក្រុង​ភ្នំពេញ​នោះ​ទេ តែ​សកម្មភាព​នេះ ក៍​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​របស់​អាជ្ញាធរ និង​កំលាំង​សន្តិ​សុខ​ខណ្ឌ ដែល​ល្បី​ល្បាញ​ខាង​ការ​បង្ក្រាប់​ឥត​សំចៃ​ដៃ​ផង​ដែរ​។ ជា​មួយ​នឹង​ការ​ដើរ​ដង្ហែរ​ញត្តិ នៅ​ថ្ងៃ​នេះ អ្នក​ចូល​រួម មាន​សកម្ម​ជន​ដីធ្លី​ប្រមាណ​ជាង​១០០​នាក់​ហើយ​និង​ព្រះ​សង្ឃ​ផង​នោះ ក៍បាន​ស្រែក​ទាម​ទារ​អោយ​អាជ្ញាធរ​ដោះ​លែង​សកម្មជន​ដីធ្លី ព្រះ​សង្ឃ និង​អ្នក​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគា​ព្រៃ​សរ​ផងដែរ។ ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​ឡើង​វិញ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១០​ខែ​វិច្ឆិកា​មក មាន​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​បក្ស​នយោបាយ​សរុប​១៧​នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ