កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 30 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 30 តុលា 2012

លោក​មឿង សុន​ស្វែងរក​ព្រះរាជ​អន្តរាគមន៍​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

លោក​មឿង សុន​រធាន អង្គការ​មូលនិធិ​ទ្រទ្រង់​​អរិយធម៌​ខ្មែរ
លោក​មឿង សុន​រធាន អង្គការ​មូលនិធិ​ទ្រទ្រង់​​អរិយធម៌​ខ្មែរ
©បណ្ណសារ

ដោយ គីន ហត្ថារ៉ូ

បន្ទាប់​ពី​និរទេស​ខ្លួននៅ​ឯ​បរទេស​អស់​រយៈពេលជា​ច្រើន​ឆ្នាំ​ដោយ​គេច​ពី​ការជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំពី​បទ​ចោទ​ញុះញង់​លោក ​មឿង សុន ប្រធាន ​​អង្គ​ការ​​មូល​និ​ធិ​ទ្រ​ទ្រង់​​អរិយធម៌​ខ្មែរបាន​ដាក់​លិខិត​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ធ្វើការ​លើកលែង​ទោស​ដល់​រូប​លោក​ក៍​ដូចជា​ អ្នក​នយោបាយ​ សកម្ម​ជន​សិទ្ធិមនុស្ស សកម្មជន​ដី​ធ្លី​និង​ប្រ​ជា​ពលរដ្ឋ​មួយ​ចំនួន​ដើម្បី​បាន​ចូល​​រួម​​គោរព​ព្រះបរម​សព​សម្តេច​​ព្រះមហាវីរក្សត្រ។

សេចក្តី​រាយការណ៍​របស់​ គីនហត្ថារ៉ូ​ពីទីក្រុង​ភ្នំពេញ
 

30/10/2012 by គីន ហត្ថារ៉ូ

ប្រធាន អង្គការ​មូលនិធិ​ទ្រទ្រង់​​អរិយធម៌​ខ្មែរ​លោក មឿង សុន​ដែល​កំពុង​រស់នៅ​និរទេស​នៅ​ឯ​ក្រៅ​ប្រទេសក្រោយ​ពី​​ជាប់​ចោទ​ពី​បទ​ញុះញង់ ​បាន​ដាក់​លិខិត​ស្នើ​សុំ​ព្រះ​រាជ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ ព្រះរាជ​​ទាន​លើកលែងទោស​ដល់​រូប​លោក​ ក៍​ដូចជា​អ្នកនយោបាយ​ សកម្មជន​សិទ្ធិមនុស្ស​មួយ​ចំនួននិង​សកម្មជន​ដីធ្លី​​ដើម្បី​បាន​ចូល​​រួម​​គោរព​​ព្រះបរមសព​សម្តេច​​ព្រះមហាវីរក្សត្រ។
 
នៅ​ក្នុង​លិខិត​ស្នើ​សុំ​របស់​លោក​មឿង ស៊ុន​ដែល​បាន​ដាក់​ថ្វាយជូន​ព្រះមហាក្សត្រ​សម្តេច​ព្រះបាទ​ព្រះបរមនាថ នរោត្តម​ សីហមុនី នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ ស្នើរ​សុំ​ព្រះរាជទាន​អន្តរាគមន៍​ដល់​​ប្រមុខរដ្ឋាភិបាល​លើកលែង​ទោស​មាន​ដូចជា​រូបលោក​​ផ្ទាល់ ​លោក សម ​រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះជាតិ លោក​ម៉ម សូណង់​ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​នាយក​វិទ្យុ​សំបុក​​ឃ្មុំ​ ប្រជាសហគមន៍​បឹងកក់ បូរីកីឡា​ សមាជិក​សមាគម​អ្នកប្រជាធិបតេយ្យ និង​ប្រជាពលរដ្ឋ​មាន​ទោស​កំហុស​​បន្តិច​បន្តួច​ដែល​កំពុង​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ និង​អ្នក​ខ្លះ​ទៀត​រត់​គេច​ចេញ​ពី​ប្រទេស ឲ្យ​មាន​ឱកាស​បាន​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះបរម​សព និង​ឃើញ​ព្រះ​ភ័ក្រ្ត​សម្តេចឪ។
 
លោក​បាន​ទូល​ថ្វាយ​នៅ​ក្នុង​លិខិត​នោះ​ទៀត​ថា​ ៖យើង​ខ្ញុំ​ទាំង​អស់​គ្នា​ពុំ​មាន​ចេតនាប្រឆាំង​​ប្រយោជន៍​ជាតិ​ឡើយ ហើយ​ការស្នើ​សុំ​នេះគឺ​យោង​តាម​ព្រះរាជបណ្តាំ​ និង បំណង​របស់​សម្តេច​ឪ​លើ​ចំណុច​ បង្រួប​បង្រួម​ជាតិ​ យុត្តិធម៌​សង្គម និង​យុត្តិធម៌​សេដ្ឋកិច្ច។
 
លោក ​​មឿង សុន បាន​បញ្ជាក់​នៅ​ក្នុង​លិខិតនោះ​ទៀត​ថា​​ រហូតមក​ដល់​ពេល​​នេះ​ អង្គ​ការ​របស់​លោក​មិន​​ទាន់​បានចាប់​​ផ្តើម​កសាង​​មន្ទីរពេទ្យ​ព្រះនាម សម្តេចឪ ​ព្រះនរោត្តម ​សីហនុ​ នៅ​ក្បែ​រ​ប្រាសាទ​ព្រះវិហារ​តាម​ការអនុ​ញ្ញាត​របស់​អាជ្ញាធរ​ព្រះ​​វិហារ ​ដើម្បី​​ទុក​​ជា​​អនុស្សាវរីយ៍​​របស់​ព្រះបិតា​​បូរណភាព​ទឹកដី ​នៅ​ឡើយ​ទេ ​ដោយ​ហេតុ​តែ​​នៅ​ពេល​នេះ ​លោក​កំពុង​គេចចេញ​ពី​ប្រទេស​ ​ដើម្បី​ចៀសវាង​ការចាប់​​ខ្លួន​លោក​ដាក់​ពន្ធនាគារ​ដោយ ​តុលាការ។
 
កាល​ឆ្នាំ​២០០៩ លោក មឿង សុន ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំងមុខ ដាក់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៥ លាន​រៀល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ពាក្យបណ្តឹង​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​បាន​ប្តឹង​លោក បន្ទាប់ពី​បាន​ថ្លែង​តាម​កាសែត​ចំពោះ​ការដាក់​អំពូល​ភ្លើង លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ពេលយប់។ នៅ​ខែ​​ឧសភា​ ឆ្នាំ​២០១១​ ​សាលាឧទ្ធរណ៍ បាន​ប្រកាស​តម្កល់​សេចក្តីសម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​ដោយ​រក្សា​ការផ្តន្ទា​ទោសឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំដដែល ក៏​ប៉ុន្តែ​បាន​សម្រេច​បន្ធូរបន្ថយ​លើ​ការពិន័យ​បង់​ប្រាក់​​ពី ១៥ លាន​រៀល មក​នៅត្រឹម ៤ លាន​រៀល និង​កែប្រែ​បទ​ចោទប្រកាន់ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​ជា​បទ​ញុះញង់ ស្របតាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី៕

tags: កម្ពុជា - ទេសចរណ៍ - នរោត្តម សីហនុ - នរោត្តម សីហមុនី - សិទ្ធិមនុស្ស - សិទ្ធិសេរីភាព
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close