អានតួអត្ថបទ
កម្ពុជា

លោក​ម៉ឹក ដារ៉ា​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥​មករា​នេះ អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី លោក ម៉ឹក ដា​រ៉ា អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​ជា​អតីត​ប្រធាន​មន្ទីរ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន របស់​ក្រសួង​មហាផ្ទៃ ត្រូវបាន​ចៅក្រម​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត​ ព្រមទាំង​​​រឹបអូស​ទ្រព្យសម្បត្តិ​​​ជាច្រើន។ ក្នុង​សំណុំរឿង​ពុករលួយ តាមរយៈ​ការបង្ក្រាប​គ្រឿងញៀន​នោះ តុលាការ​ក៏​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​លោក ជា ឡេង អតីត​ប្រធាន​ការិយាល័យ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ​។ រីឯ​អតីត​មន្ត្រីប៉ូលិស ឈ្មោះ ម៉ន ឌឿ​ន ដែល​បាន​រត់គេចខ្លួន ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​កំបាំងមុខ ដាក់ពន្ធនាគារ ២៥ ឆ្នាំ​។

លោក​ម៉ឹកដារ៉ា ផ្តល់​សម្ភាសន៍​ដល់​អ្នកកាសែត ក្រោយពី​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត។
លោក​ម៉ឹកដារ៉ា ផ្តល់​សម្ភាសន៍​ដល់​អ្នកកាសែត ក្រោយពី​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត។ CEN
ផ្សាយពាណិជ្ជកម្ម

​លោក​ចៅក្រម អ៊ិត សម្ផស្ស ប្រធាន​ចៅក្រម​ជំនុំជម្រះ​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​សាលក្រម​ចំពោះ​មុខ​លោក ម៉ឹក ដា​រ៉ា និង​លោក ជា ឡេង ដោយ​សម្រេច​ផ្តន្ទាទោស​អតីត​​មេ​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន​ទាំងពីរ ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។ ចំណែក​អតីត​ប៉ូលិស​​ម្នាក់​ទៀត​ឈ្មោះ ម៉ន ឌឿ​ន ដែល​កំពុង​គេចខ្លួន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២៥​ឆ្នាំ​។​

​ក្នុង​សាលក្រម​ដែល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៥​មករា​នេះ ចៅក្រម​ក៏បាន​សម្រេច​ដក​ហូត​ដី​មួយកន្លែង នៅ​ក្រុង​សួង ខេត្ត​កំពង់ចាម របស់លោក ម៉ឹក ដា​រ៉ា ព្រមទាំង​ដកហូត​ប្រាក់​សរុប ១៨ ម៉ឺន​ដុល្លារ ក្នុង​គណនី​ធនាគារ​របស់​លោក​ម៉ឹក​ដា​រ៉ា​។ ចំណែក​លោក ជា ឡេង អតីត​ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោមបង្គាប់​របស់​លោក​អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី ម៉ឹក​ដា​រ៉ា ក៏ត្រូវ​តុលាការ​សម្រេច​ដក​ហូត​ដី​មួយ​កន្លែង​នៅ​ចោមចៅ និង​ផ្ទះមួយ​ល្វែង នៅ​ភ្នំពេញ ព្រមទាំង​លុយ​ជាង ១០ ម៉ឺន​ដុល្លារ​។ រីឯ​ប៉ូលិស​ឈ្មោះ ម៉ន ឌឿ​ន ត្រូវបាន​តុលាការ សម្រេច​ដក​ហូត​លុយ​ជាង ១០ ម៉ឺន​ដុល្លារ​ផងដែរ​។​

​លោក​ចៅក្រម អ៊ិត សម្ផស្ស បានប្រកាសថា លោក ម៉ឹក ដា​រ៉ា លោក​ជា​ឡេង និង​លោក ម៉ន ឌឿ​ន ជា​អ្នក​ផ្តើម​សមគំនិត និង​ប្រព្រឹត្ត​ទទួល​សំណូក​ដោយ​ចេតនា និង​យក​មុខនាទី និង​កន្លែងធ្វើការ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ ធ្វើជា​កន្លែង​រកស៊ី​គ្រឿងញៀន​ខុសច្បាប់​។ សំណុំរឿង​នេះ មាន ៣៨ករណី ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១០។​

​ចំពោះ​ការសម្រេច​របស់​តុលាការ​ដូច្នេះ ត្រូវបាន​លោក រ៉ា​យ ប៊ុនធឿន មេធាវី​ការពារ​ក្តី​របស់​លោក ម៉ឹក ដា​រ៉ា ថ្លែងប្រាប់​អ្នកកាសែត​ថា ជា​ការសម្រេច​ដ៏​អយុត្តិធម៌ ដោយសារតែ​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​។ ម្យ៉ាងទៀត​ការ​កំណត់​ដាក់ទោស និង​ផាកពិន័យ​លើ​លោក ម៉ឹក​ដា​រ៉ា និង​ប៉ូលិស​២​នាក់​ទៀត​នោះ ជា​ការដាក់ទោស​ដ៏​ធ្ងន់ធ្ងរ ដែល​មិន​អាច​ទទួលយក​បាន​ទេ​។​

​ចំណែក​លោក ម៉ឹក ដា​រ៉ា បាន​ថ្លែង​ទៅកាន់​អ្នកកាសែត ដោយ​លើកយក​គុណសម្បត្តិ​របស់​លោក​ក្នុង​ការបង្ក្រាប​គ្រឿងញៀ​ន​នា​ពេលកន្លងមក​។ លោក ម៉ឹក ដា​រ៉ា ក៏​បាន​សម្តែង​ការ​តូចចិត្ត ដោយ​ថា តុលាការ​មិន​គួរ​ដាក់​ទោស​លោក​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ ព្រោះ​លោក​បាន​ចូលរួម​តាក់តែង និង​បង្កើត​ច្បាប់​ប្រឆាំង​គ្រឿងញៀន តែ​ពេល​នេះ បែរ​ជា​តុលាការ​យក​ច្បាប់​គ្រឿងញៀន​នោះ មក​ដាក់ទោស​លើ​រូប​លោក​ទៅ​វិញ​។​

​លោក​អតីត​ឧត្តមសេនីយ៍ឯក ម៉ឹក ដា​រ៉ា បាន​បន្ថែមថា ទ្រព្យសម្បត្តិ​របស់​លោក ដែល​តុលាការ​សម្រេច​រឹបអូស​នោះ មិនមែន​ជា​ប្រាក់​សំណូក ដែល​លោក​ទទួលបាន ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​មន្ទីរ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​​ឡើយ​។​

​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​បើកសវនាការ​កាត់ទោស​លោក ម៉ឹក ដា​រ៉ា និង​កូនចៅ​២​នាក់ អស់​រយៈពេល ១២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ ក្នុង​សំណុំរឿង​ពុករលួយ តាម​រយៈ​​ការបង្ក្រាប​គ្រឿងញៀន​។ កាលពីដើម​ខែ​វិច្ឆិកា តុលាការ​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ផ្តន្ទាទោស​អតីត​ស្នងការ​-ស្នងការរងប៉ូលិសខេត្តបន្ទាយមានជ័យ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត ដាក់ពន្ធនាគារ ៤ ឆ្នាំ ក្នុង​រឿង​ស៊ីសំណូក តាមរយៈ​ការបង្ក្រាប​គ្រឿងញៀន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ