អានតួអត្ថបទ
ម៉ាឡេស៊ី-អូស្រ្តាលី

ការស្វែង​រក​យន្តហោះ​MH៣៧០ ត្រូវ​ការ​ពេល​យូរ និង​កាន់​តែ​ស្មុគស្មាញ

នាវា យន្តហោះ បន្ត​ធ្វើ​ប្រតិបត្តិការ ក្នុង​មហា​សមុទ្ទ​ឥណ្ឌា ​ស្វែង​រក​យកបំណែក​​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ បាត់​ខ្លួន​ តាំង​ពី​ថ្ងៃ​ទី ៨មីនា។ បច្ចេកទេស​ស្វែង​រកកាន់​តែ​ទំនើប មធ្យោបាយ​ក៏​សម្បើម ប៉ុន្តែ​គេ​ត្រូវ​ការ​​ពេលវេលា​ ​ច្រើន និង​យូរ​ទៀត ទម្រាំ​បាន​លទ្ធផល។ ​ពេល​វេលា​កាន់​យូរ ការ​បំបោង​និង​បំផ្លែង​ព័ត៌មាន​ក៏អាច​មាន​គ្រប់​បែប​យ៉ាង។

ក្រុមគ្រួសារ​​អ្នក​ដំណើរ​ជិះ​យន្តហោះ​MH៣៧០ ជួប​ជុំ​គ្នា​នៅទីក្រុង​ប៉េកាំង​ថ្ងៃទី​៨​មេសា​២០១៤ មួយ​ខែ​ក្រោយ​បាត់​យន្តហោះ
ក្រុមគ្រួសារ​​អ្នក​ដំណើរ​ជិះ​យន្តហោះ​MH៣៧០ ជួប​ជុំ​គ្នា​នៅទីក្រុង​ប៉េកាំង​ថ្ងៃទី​៨​មេសា​២០១៤ មួយ​ខែ​ក្រោយ​បាត់​យន្តហោះ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

“ស្វែង​រក​វត្ថុ​អ្វី​មួយ​ នៅ ជម្រៅ បួន​គីឡូម៉ែត្រ​កន្លះ​ក្រោម​ទឹក​ គឺ​ពិត​ជា​កិច្ចការ​ដ៏​សម្បើម និង​ត្រូវប្រើ​ពេលវេលា​យូរទៀត​ណាស់” ! ថ្វី​បើ​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ថា​សំឡេង​ចាប់​បាន​ទាំង​បួន​លើក ថា​ផ្តល់​ដោយ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ម៉ាឡេស៊ី​ក៏​ដោយ។​  នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ក្នុង​សន្និសីទ​កាសែត​ នាទីក្រុង​សៀង​ហៃ​ នៅ​ថ្ងៃ​សៅរ៍​នេះ មុន​នឹង​ចូល​ជួប​ប្រធានាធិបតី​ស៊ីជិនពីង។

នៅ​ពេល​នេះ បរិវេណ​នៃ​ការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​MH៣៧០ ត្រូវ​បាន​បង្រួញ​​មកត្រឹម​ជាង​៤១០០០​គីឡូម៉ែត្រ​ការ៉េ ដោ​យ​មាន​យន្តហោះ​ជាង​១០ និង​នាវា​១៤​គ្រឿង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​មហាសាគរ។

ទន្ទឹម​នឹង​យុទ្ធ​នាការ​ស្វែង​រក​នៅ​ក្នុង​មហា​សមុទ្ទ​ ក្រុម​អ្នក​អង្កេត​វិញ កំពុង​សិក្សា​លើ​គ្រប់​សេណារីយូ​ និង​ដាន​ទាំង​អស់ មាន​ជាអាទិ៍​ការ​បង្វែរ​ទិស ការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម សកម្មភាព​​ផ្តេសផ្តាស​អស់​សង្ឃឹម​របស់​អ្នក​ដំណើរ អ្នកបើក​បរ ឬ​បុគ្គលិក​យន្តហោះ ប៉ុន្តែ​គ្មាន​ចំណុច​ណា​មួយ​ជា​អាទិភាព​​សម្រាប់​ដឹកនាំ​ទិស​នៃ​ការ​អង្កេត​សោះ។

ភាព​ស្ងប់ស្ងាត់​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ថ្ងៃ​ ស្រាប់​តែ​នៅ​ថ្ងៃ​សៅរ៍​នេះ សារព័ត៌មាន​ម៉ាឡេស៊ី​បាន​ទម្លាយ​ព័ត៌មាន​ថា អ្នក​បើក​បរ​យន្តហោះ​វ័យ​ក្មេង បាន​សាក​ល្បង​ប្រើ​ទូរស័ព្ទដៃ ហៅ​មក​ដី មុន​ពេល​យន្តហោះ​បាត់​ទាំងស្រុង​ពី​កញ្ចក់​រ៉ាដា។ អ្នក​អង្កេត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ (នេះ​បើ​តាម​កាសែត​ម៉ាឡេស៊ី​ដដែល) ​បាន​បញ្ជាក់ថា​ ទូរស័ព្ទ​ត្រូវ​កាត់​ផ្តាច់​ទៅ​វិញ មិន​ដឹង​ជា​ដោយ​ហេតុ​យន្តហោះ​ទៅ​លឿន​ពេក​ ងាក​ផុត​ពី​អង់តែន​ទូរគមនាគមន៍​​ឬ​យ៉ាង​ណា​ទេ ហើយ​ក៏​មិន​ដឹង​​​ហៅ​ទៅ​នរណា​ដែរ។

ប្រភព​ព័ត៌មាន​មួយ​ទៀត បាន​អះអាង​ថា​ទូរស័ព្ទ​ដៃ​របស់​អ្នក​បើកយន្តហោះ​ Fariq Abdul Hamid ត្រូវ​បាន​ភ្ជាប់​ប្រព័ន្ធ​ឡើង​វិញ​ តែ​មិន​ប្រាកដ​ថា​ជា​ចុច​ហៅ​ទេ។ បន្ទាប់​ពី​ដំណឹង​នេះ ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​បានប្រកាស​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​នឹង​សិក្សា​ព័ត៌មាន​នេះ ហើយ​នឹង​ផ្តល់​ចម្លើយ​នៅ​ពេល​ក្រោយ។ ភាព​យឺត​យ៉ាវ និង​ការ​ផ្តល់​ព័ត៌មាន​ដ៏​រអាក់​រអួល បាន​ធ្វើ​ក្រុម​គ្រួសារ​អ្នក​ដំនើរ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ចោទ​ប្រកាន់​ម៉ាឡេស៊ី​ថា​បាន​បិទ​ខ្ទប់​ និង​លាក់​បាំង​ព័ត៌មាន​ រហូត​ធ្វើ​ប៉េកាំង​និង​កូឡាឡាំពួរ​តាន​តឹង​ដាក់​គ្នា​យ៉ាង​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ