អានតួអត្ថបទ
កូរ៉េខាង​ត្បូង

ជប៉ុន​ចែក​រំលែក​ទុក្ខ​សោក ជាមួយ​កូរ៉េ​ខាង​ត្បូង​ក្នុង​​គ្រោះ​លិច​សាឡាង

ក្រុម​សង្គ្រោះ​កំពុង​បង្កើន​​ការ​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ទ្វេ​ជា​ពីរ ក្រែង​អាច​រក​អ្នក​នៅមាន​ជីវិត​ ពី​ការ​លិច​សាឡាង​ម្សិលមិញ។ ប្រទេស​កូរ៉េ​ខាង​ត្បូង​ទាំង​មូល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តក់​ស្លុត​ខ្លាំង​ ដ្បិត​ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ក្មេង​សិស្ស​សាលា​។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ជាតិ​និយម និង​យោធានិយម បាន​ថ្លែង​សារ​​​បង្ហញ​ពី​សមានចិត្តចែក​​រំលែក​ទុក្ខ​​ព្រួយដល់គ្រួសារ​ជន​រងគ្រោះ​ទាំង​អស់។

សាឡាង​​​ចម្លង​​លិច​អស់​នៅ​សល់​តែ​កន្ទុុយ
សាឡាង​​​ចម្លង​​លិច​អស់​នៅ​សល់​តែ​កន្ទុុយ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទ​ព្រឹក​មិញ ពី​ទីក្រុង​តូក្យូ​ ដែល​លោក​នាយក​រដ្ឋមន្ត្រីជប៉ុន​លោក ស៊ីនហ្សូ​ អាបេ ល្បី​ខាង​ជាតិ​និយម​និង​យោធា​និយម​ប្រឆាំង​ប្រទេស​ជិត​ខាង​ចិន​និង​កូរ៉េខាង​ត្បូង បាន​សម្តែង​សមានចិត្ត​អស់​ពី​បេះ​ដូង ចែក​​រំលែក​ទុក្ខសោក​ជាមួយ​នឹង​គ្រួសារ​ជន​រងគ្រោះ​កូរ៉េខាង​ត្បូង ក្នុង​ហេតុការណ៍​លិច​សាឡាង។ ​លោក​នាយក​រដ្ឋមន្ត្រី​កូរ៉េខាង​ត្បូងវិញ បាន​អញ្ជើញ​ទៅដល់​ផ្ទាល់​កន្លែង​ដែល​ទទួល​គ្រួសារ​រងគ្រោះ​ ដើម្បី​លើក​ទឹក​ចិត្ត​ តែ​ត្រូវ​បាន​ស្វាគមន៍​ដោយ​សម្រែក​យំ ខឹង​។ ឯ​ចំណែក​លោក​ស្រី​ប្រធានាធិបតី​ ប៉ាក់ គុនហេ​ វិញ​បាន​ផ្ញើ​សារ​ចែក​រំលែក​ការ​ទុក្ខ​សោក និង​ស្នើ​ឱ្យ​ក្រុម​សង្គ្រោះ​ធ្វើ​ការ​រហូត​ដល់​នាទី​ចុង​ក្រោយ។

គ្រោះ​ថ្នាក់​លិច​សាឡាង​នេះ មាន​ទំហំ​ធំធេង​និង​ឃោរឃៅ​ខ្លាំងណាស់ ព្រោះ​ជន​រង​គ្រោះ​ភាគ​ច្រើន ជា​ក្មេង​សិស្ស​សាលា​ ! សាឡាងចម្លង មាន​ច្រើន​ជាន់​ ទម្ងន់ ៦៨២៥​តោន ដែលបាន​លិច​ ក្នុង​សមុទ្ទ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ឆ្នេរ។ នាវា​​សន្ទូចយក្ស​បី​បាន បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​​ដើម្បី​សាក​ល្បងបង្ហើប​សាឡាង ឱ្យ​ផុត​ពី​ទឹក។​

ក្រុម​អ្នក​សង្គ្រោះ បាន​ធ្វើ​ការ​ធ្វើ​មួយ​យប់​ និង​បន្ត​រហូត​មក​ទល់​នឹង​ម៉ោង​នេះទៀត ទោះ​បី​ជា​មានទឹក​ហូរ​ខ្លាំង​ និង​គ្មាន​ពន្លឺ​ពិបាក​ធ្វើ​ការ​យ៉ាង​ណា​ក៏ដោយ ព្រោះ​ពេលវេលា​កាន់​តែ​បន្ទាន់​ណាស់ សំណាង​រក​ឃើញ​អ្នក​ដែល​អាច​​មាន​ជីវិតមាន​តែ​២៤​ម៉ោង​ក្រោយ​ការ​លិច​លង់​ប៉ុណ្ណោះ​។ ជន​រងគ្រោះបាត់​ខ្លួន ២៨៧​នាក់​​ដែល​ភាគ​ច្រើន​ជា​សិស្ស​សាលា​ ទំនង​ជា​ត្រូវ​ជាប់​កុន​ក្នុង​បន្ទប់​​សាឡាង​ចេញ​មិន​រួច​ ពេល​ទឹក​ចូល​សាឡាង។  ​សិស្ស​រួច​ពី​ស្លាប់​ម្នាក់​បាន​អះអាង​ថា​ប្រសិន​បើ​ពួក​គេ​អាច​ចេញ​ពីបន្ទប់​ស្នាក់​ក្នុង​សាឡាង​បាន នោះ​សិស្ស​ច្រើន​គ្នា​នឹង​អាច​លោត​ទឹក​ដើម្បី​រក្សា​ជីវិត​បាន។ ប៉ុន្តែ​នៅ​កូរ៉េខាង​ត្បូង សិស្ស​មាន​វិន័យ​ណាស់ ស្តាប់​បញ្ជា​មិន​ហ៊ាន​ល្មើស​ទេ ជាពិសេស​បញ្ជា​សុវត្ថិភាព​ដែល​ឱ្យ​សិស្ស​នៅអង្គុយ​​ស្ងៀម មិន​រើ។

កាពីទែន អ្នក​បើក​សាឡាង​ដែល​បាន​រួច​ជីវិត​ ត្រូវ​បាន​ឆ្មាំ​សមុទ្ទ​សួរ​ចម្លើយ​ដើម្បី​រក​ហេតុ​ផង​ ដែល​នាំ​ដល់​ការ​លិច​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ