កម្ពុជា-អាស៊ាន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 27 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 27 សីហា 2012

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជួបប្រជុំ​នៅ​ខេត្ត​សៀមរាប

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជួបប្រជុំ​នៅ​ខេត្ត​សៀមរាប
រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជួបប្រជុំ​នៅ​ខេត្ត​សៀមរាប
© លាងដឺលុច

ដោយ លី ម៉េងហួរ

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន​ចាប់​ផ្តើម នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​សីហា​នេះ នៅ​ខេត្ត​សៀមរាប​។ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​តំបន់ នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ជំរុញ​អោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ធ្វើយ៉ាងណា សម្រេច​អោយបាន​នូវ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥​។ ក្នុងនោះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ក៏​ត្រូវ​រិះរក​វិធី​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​ទាំង ១០ ជា​សមាជិក​អាស៊ាន​ផងដែរ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

27/08/2012 by លី ម៉េងហួរ

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ បាន​បើក​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧​សីហា​នេះ នៅ​សណ្ឋាគារ អប្សរា​អង្គរ ក្នុង​ទី​រួម​ខេត្តសៀមរាប​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​អាន​សន្ទរកថា បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន មុន​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង​ទៀត បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ រយៈពេល​ពេញ​មួយ​សប្តាហ៍​នេះ​។​

 
កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នៅ​ខេត្ត​សៀមរាប ដែល​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១​សីហា ផ្តោត​សំខាន់​លើ​ការ​ជំរុញ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥​។
 
ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​ប្រទេស​សមាជិក​ថ្មី ៤ ប្រទេស​របស់​អាស៊ាន រួមមាន​៖ កម្ពុជា ភូមា ឡាវ និង​វៀតណាម នៅ​មាន​ភាពផុយស្រួយ​នៅឡើយ​។ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រមុខ​ដឹកនាំ​អាស៊ាន នៅ​ឆ្នាំ​២០១២​នេះ បាន​ជំរុញ​អោយ​កិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ាន ធ្វើ​យ៉ាង​ណា កាត់​បន្ថយ​គម្លាត​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ាន​។​
 
តាម​លោក​នាយក​រដ្ឋមន្ត្រី គម្លាត​អភិវឌ្ឍន៍​នៅក្នុង​អាស៊ាន នៅ​មាន​ទំហំ​ធំ​នៅ​ឡើយ ទោះបីជា​គម្លាត​នេះ បាន​កាត់បន្ថយ​គួរអោយ​កត់សម្គាល់ក្តី​។​ កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មកពី​ប្រទេស កម្ពុជា ឡាវ ភូមា និង​វៀតណាម បាន​ជួបប្រជុំ​គ្នា ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ថ្មី នៃ​សមាជិក​អាស៊ាន​សរុប ១០ ប្រទេស​។
 
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​តំណាង​ឲ្យ​ភាគី​កម្ពុជា ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ គឺ​ពិនិត្យ​មើល​គម្រោង ដើម្បី​ស្វែងរក​ជំនួយ សម្រាប់​ប្រទេស​ទាំង​បួន ដែល​ជា​សមាជិក​ថ្មី នៅ​ក្នុង​អាស៊ាន​ក្នុង​បំណង​អោយ​មាន​ការ​ជួយ​ជ្រោមជ្រែង ធ្វើ​យ៉ាង​ណា កុំ​អោយ​មាន​គម្លាត​ខ្លាំងពេក នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​បង្កើតឡើង នៅ​ឆ្នាំ​២០១៥​។ នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ ក៏​នឹង​មាន​វត្តមាន​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច តំណាង​ឲ្យ​លោក អូ​បា​ម៉ា របស់​សហរដ្ឋអាមេរិក ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នៅ​ខេត្ត​សៀមរាប​ផង​ដែរ​៕​

tags: កម្ពុជា - អាស៊ាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close