អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអង្គការ​សហប្រជាជាតិ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ប្រឈម​នឹង​ការប្រើ​អាវុធ​គីមី នៅ​ស៊ីរី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាវុធ​គីមី ទំនង​ជា​ត្រូវ​បាន​ប្រើប្រាស់ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ពុធ​ទី ២១​ សីហា ម្សិលមិញ ! នេះ​បើ​គេ​ជឿ​តាម​ការ​អះអាង​របស់​ក្រុម​ប្រឹក្សា​សម្ព័ន្ធ​បក្ស​ប្រឆាំង​ស៊ីរី ដោយ​មាន​វីដេអូ​បង្ហាញ​ពេញ​ពិភពលោក និង​ដោយ​បាន​ចោទ​ប្រកាន់​ថា​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។ បណ្តាជន​ស៊ីរីស៊ីវិល ប្រមាណ​ពី​ ៥០០ ទៅ ១៣០០នាក់​បាន​ស្លាប់ ប៉ុន្តែ​របប​លោក​បាស្ហា អាល់អាសាទ បាន​បដិសេធ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​បើក​ជំនួប​ប្រជុំ​បន្ទាន់​នៅយប់​មិញ​ ព្រោះ​ ​អ.ស.ប. ចាំបាច់ ត្រូវ​ដឹង​ពី​ហេតុការណ៍​ពិត។

សាកសព​ជនស៊ីវិល​ស៊ីរី ដែល​បើ​តាម​សកម្មជន​បក្ស​ប្រឆាំង​​ ស្លាប់​ដោយ​ថ្នាំ​​គីមី​
សាកសព​ជនស៊ីវិល​ស៊ីរី ដែល​បើ​តាម​សកម្មជន​បក្ស​ប្រឆាំង​​ ស្លាប់​ដោយ​ថ្នាំ​​គីមី​ REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​បើក​ជំនួប​ប្រជុំពិសេស​​បន្ទាន់​ នៅ​ទីក្រុង​ញូវយ៉ក នៅ​យប់មិញ​ ប៉ុន្តែ​​​មិន​បាន​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា​ណាមួយ​ ឈាន​ដល់​ការ​បើក​អង្កេត​ភ្លាម​ ជុំ​វិញ​ការ​ប្រើប្រាស់​អាវុធ​គីមី សម្លាប់​មនុស្ស​កាលពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃពុធ​ នៅ​ជាយក្រុង​ដាម៉ាស ប្រទេស​ស៊ីរីនោះទេ។ សមាជិក​ក្រុម​ប្រឹក្សា ទំនង​ជា​នៅ​ប្រទាញ​ប្រទង់​គ្នា​លើ​គោលការណ៍-​មធ្យោបាយនៃ​ការ​​​អង្កេត។

 
​សូមបញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ថា​មានការ​​ប្រើ​ប្រាស់​អាវុធ​គីមី​​នេះ បានមកពី​ក្រុម​គណៈកម្មាធិការបក្ស​ប្រឆាំង​ស៊ីរី​ នៅ​ផ្ទាល់​នឹង​កន្លែង។ សម្រាប់​តំណាង​សម្ព័ន្ធ​បក្ស​ប្រឆាំង​ស៊ីរី វា​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទេ​ដែល​ថា​សោកនាដកម្ម ថ្ងៃពុធ​ទី ២១​សីហា គឺ​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រចាំ​សតវត្ស​រ៍ របស់​រដ្ឋាភិបាល​លោក​បាស្ហា អាល់ អាសាទ មកលើ​ជនស៊ីវិល​នោះ។ បើ​តាម​រូបភាព​វីដេអូ ដែល​មាន​ផ្សព្វផ្សាយ​ពេញ​ពិភពលោក តាំង​ពី​ថ្ងៃ​ម្សិលមិញ មក​ គេ​បាន​ឃើញ​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់ ដេក​ស្លាប់​ តំរៀប​គ្នា​ បែក​ពពុះ​មាត់​ស្គុល​ដោយ​គ្មាន​ស្នាម​របួស​អ្វី​សោះ។

រូបថត​ជន​រងគ្រោះ​ដែល​ក្រុម​ឧទ្ទាម​អះអាង​ថាពុល​ថ្នាំ​​​គីមី វាយប្រហារ​ដោយ​កងកម្លាំង​រដ្ឋាភិបាល ថ្ងៃទី ២១​សីហា ២០១៣
រូបថត​ជន​រងគ្រោះ​ដែល​ក្រុម​ឧទ្ទាម​អះអាង​ថាពុល​ថ្នាំ​​​គីមី វាយប្រហារ​ដោយ​កងកម្លាំង​រដ្ឋាភិបាល ថ្ងៃទី ២១​សីហា ២០១៣ REUTERS/Bassam Khabieh

សមាជិក​ភាគច្រើន​នៃ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ មានអាទិ៍​ប្រទេស​បារាំង និង​សហរដ្ឋ​អាមេរិក បាន​ស្នើ​សុំ​ឱ្យ​ក្រុម​អ្នក​ឯកទេស​អង្គការ​សហប្រជាជាតិ ដែល​មាន​វត្តមាន​ស្រាប់​ទៅ​ហើយ នៅទីក្រុង​ដាម៉ាស​ អាច​ចុះ​ទៅ​ត្រួត​ពិនិត្យ ធ្វើ​អង្កេត​ភ្លាម​ដើម្បី​ផ្ទៀង​ផ្ទាត់​ ការ​ចោទ ប្រកាន់ដែល​ក្រុម​ប្រឆាំង​បាន​លើក​ឡើង។

 
​ក្រុម​អធិការ​អង្គការ​សហប្រជាជាតិ ស្ថិត​នៅ​តែ​ប្រមាណ​ពីរ​បី​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ កន្លែង​ប្រើ​ប្រាស់​អាវុធ​គីមី​ដ៏ធ្ងន់ធ្ងរ​ដូច​ការ​អះអាង​របស់​ក្រុមប្រឆាំង​ក៏ពិត​មែន ប៉ុន្តែ​ជា​ចម្ងាយ​ផ្លូវ​ដែល​មិន​អាច​ធ្វើឆ្លង​កាត់​បាន​ឡើយ នៅ​ថ្ងៃព្រហស្បតិ៍​​នេះ។ តំបន់​ជាយក្រុង​ដាម៉ាស ដែល​ជា​កន្លែងកើត​ហេតុ ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម បាន​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង មាន​ទាំង​ការ​បាញ់​ផ្លោង​ កាំភ្លើង​ត្បាល់ ជញ្ជ្រុំ​ឥត​ឈប់​​ កងកម្លាំង​រដ្ឋាភិបាល​ហាក់​ចង់​វាយផ្តាច់​ដណ្តើម​យក​តំបន់​នេះ​មក​វិញផង។ ក្នុង​លក្ខខណ្ឌ​ដូច្នេះ ក្រុម​អធិការ​អង្គការ​សហប្រជាជាតិ ពិត​ជា​មិន​អាច​ចុះទៅ​ធ្វើ​អង្កេត​បាន​ឡើយ។ បទ​ឈប់​បាញ់​ គឺ​ជា​ការ​ចាំ​បាច់ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៅ​យប់​មិញ ក៏​បាន​​អំពាវនាវ​ និង​ដាក់​គំនាប​ឱ្យ​មាន​ការ​ឈប់​បាញ់​។

ម្យ៉ាងវិញ ក្រុម​សម្ព័ន្ធ​មិត្ត​របប​ក្រុង​ដាម៉ាស រុស្ស៊ី និង​ចិន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្លូវការ​នៅ​ល្ងាច​មិញ ប្រឆាំង​ ដូចដែល​ធ្លាប់​បានធ្វើ​តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​នៅស៊ីរី​ដំបូង​មក។ សម្រាប់​ម៉ូស្គូ ការ​ចោទ​ប្រកាន់មាន​ប្រើអាវុធ​គីមី គឺ​ជា​ការ​ប្រឌិត​បង្កហេតុ របស់​ក្រុម​បក្ស​ប្រឆាំង​ស៊ីរី​ប៉ុណ្ណោះ។

បេសកកម្ម​របស់​ក្រុមអ្នក​ឯកទេស​អង្កេត​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​នេះ មាន​ព្រំដែន​កំណត់​ដោយ​ច្បាប់ និង​ដោយ​ការព្រមព្រៀ​ង​ពីដើម​ទី​។ ដូច្នេះ​មិន​ប្រាកដថាពួក​គេ​អាច​ធ្វើ​អ្វី​សេ្រច​តែ​ចិត្ត​ដោយ​ភ្លាមៗ​បាន​ឡើយ ! ហើយ​បើ​គ្មាន​របាយការណ៍​ពី​ក្រុម​អ្នក​ឯកទេស​នេះ​ទេ អង្គការ​សហប្រជាជាតិ​ពិត​ជា​មិន​អាច​អះអាង​ ពោលវាចា​ថា​ជា​ការ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​បាន​ឡើយ។ ក្រុម​ប្រឹក្សា​បាន​ត្រឹម​ព្រមព្រៀងគ្នា​ថា​ជា​ការ​ចាំបាច់​ ដែល​ត្រូវ​ធ្វើ​អង្កេត​ស៊ីជម្រៅ និង​លឿន​រហ័ស ព្រោះ​រាល់​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ ដោយ​ភាគី​ណា​ក៏​ដោយ ក្នុង​ក្របខ័ណ្ឌ ឬ​កាលៈទេសៈ​ណា​ក៏​ដោយ សុទ្ធ​តែ​រំលោភ​ច្បាប់​អន្តរជាតិទាំងអស់។ ប៉ុន្តែ​ក្រុមប្រឹក្សាសន្តិសុខ​មិន​ចង់​បង្ហើប​អ្វី​ទាក់ទង​នឹង​ផលវិបាក​ការទូត​ប្រសិន​បើ​ស៊ីរី​ពិត​ជា​បាន​ប្រើ​អាវុធ​ប្រភេទ​នេះ​ទេ។

​រដ្ឋាភិបាល​អាមេរិក អាច​នឹង​ទើសទាល់​យ៉ាង​ខ្លាំង ប្រសិន​បើ​ការ​អង្កេត​រកឃើញ​ថា​មាន​ប្រើ​អាវុធ​គីមី។ តែ​យ៉ាងណា​ក៏ដោយ ក៏​​​អាមេរិក ក៏​ដូច​ជា​​សម្ព័ន្ធ​មិត្តលោក​​ខាង​លិច ​ចង់ចៀសវាង មិន​លូក​ដៃ​ចូល​ក្នុង​ភ្លើង​សង្គ្រាម​នៅ​ស៊ីរី​នេះទេ ព្រោះ​​​មាន​ហេតុផល​បីយ៉ាង​ ៖ ទីមួយ​អាមេរិក​ បន្ទាប់ពី​បរាជ័យ​នៅ​អ៊ីរ៉ាក់ និង​នៅ​អាហ្វហ្កានិស្ថាន មិន​ចង់​ផុង​ខ្លួន​ម្តងទៀត​នៅស៊ីរី​ទេ ទីពីរ​មកពី​ក្រុម​ប្រឆាំង​ឬ​ក្រុម​ឧទ្ទាម​ស៊ីរី មិន​ប្រាកដ​អាច​រាប់​អាន​បាន​ឡើយ (ខ្លះ​ជា​ពួក​អ៊ីស្លាម​ជ្រុលនិយម​ដ៏​គួរ​ព្រឺខ្លាច) ហើយ​ចុងក្រោយ​ រាល់​អន្តរាគមន៍​យោធា​របស់​បស្ចឹម​លោក នឹង​ជំរុញ​ឱ្យ​មាន​អន្តរាគមន៍​ពីរុស្ស៊ី ដែល​ជា​សម្ព័ន្ធ​មិត្ត​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ដាម៉ាស។ រុស្ស៊ី​មាន​ជំហរ មិន​អាច​កាច់​បាន ការពារ​ជានិច្ច​រដ្ឋាភិបាល​លោក​ បាស្ហា អាល់អាសាទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ