ស៊ីរី-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 30 កញ្ញា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 25 តុលា 2011

អ្នកគាំទ្រ​របប​ស៊ីរី​នៅទីក្រុង​ហាម៉ាស់​រករឿង​ឯកអគ្គរដ្ឋទូត​អាមេរិក​

លោក​ Robert Ford ឯកអគ្គរដ្ឋទូត​​អាមេរិក​​ប្រចាំ​​ប្រទេស​​ស៊ីរី​
លោក​ Robert Ford ឯកអគ្គរដ្ឋទូត​​អាមេរិក​​ប្រចាំ​​ប្រទេស​​ស៊ីរី​
Bloomberg / getty Images

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

បក្ស​ពួក​របស់​ប្រធានាធិបតី​ស៊ីរី Bachar el-Assad បាន​នាំ​គ្នា​គប់​ដុំ​ថ្ម​និង​ផ្លែ​ប៉េងប៉ោះ ​ទៅ​លើ​រថយន្ត​ដឹក​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កញ្ញា​ម្សិលមិញ ​នៅ​ទីក្រុង​ដាម៉ាស(Damas)។​ ឧប្បត្តិហេតុ​នេះ បាន​កើត​ឡើង នៅ​ពេល​ដែល​អ្នក​ការទូត​អាមេរិក​រូប​នេះ ​កំពុង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​អ្នក​ប្រឆាំង​ម្នាក់។ ​ក្រោយ​មក​ទៀត ​អាជ្ញាធរ​ស៊ីរី​បែរ​ជា​បាន​ចោទ​ទីក្រុង​វ៉ាស៊ីនតោន ​ថា​ជា​អ្នក​បាន​ញុះញង់​បណ្តាល​ឲ្យ​អំពើ​ហិង្សា​ផ្ទុះ​ឡើង។

 

សេចក្តីរាយការណ៍របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 

30/09/2011 by តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

 

បក្ស​ពួក​របស់​ប្រធានាធិបតី​ស៊ីរី​ជាង​១០០​នាក់​បាន​នាំ​គ្នា​ចោល​ដុំ​ថ្ម​និង​ផ្លែ​ប៉េងប៉ោះ​ នៅ​ពេល​ដែល​ក្បួន​ឡាន​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក ​បាន​ទៅ​ដល់​មុខ​គេហដ្ឋាន​របស់​អ្នក​ប្រឆាំង។ ​ក្រោយ​មក​ទៀត ​ពួក​អ្នក​គាំទ្រ​របប​លោក​Bachar el-Assad ​បាន​នាំ​គ្នា​រុល​ចូល​ទៅ​ក្នុង​ផ្ទះ​ ជាទី​ដែល​បុរស​ទាំង​ពីរ​កំពុង​ជជែក​គ្នា ​ហើយបាន​វាយ​កំទេច​គ្រឿង​សម្ភារៈ​ផ្សេងៗ​ តែ​មិន​បាន​ប៉ះ ពាល់​ឯកអគ្គរដ្ឋទូត​ទេ។
 
នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ហាម៉ាស ​បាន​ក្លាយ​ជា​តួអង្គ​សំខាន់​នៃ​បច្ចុប្បន្នភាព​ប្រទេស​ស៊ីរី។ ​កាល​ពី​ខែ​កក្កដា ​អ្នក​ការទូត​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហាម៉ា ​នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស ​ដើម្បី​គាំទ្រ​ពួក​បាតុករ​នៅ​ទី​នោះ។ ​មិន​តែ​ប៉ុណ្ណោះ ​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ ក៏​បាន​សរសេរ​តាម​ប្រព័ន្ធ​Facebook ​ចោទ​របប​លោក​Bachar el-Assad ​ថា​បាន​លាក់​បាំង​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​វាយ​បង្ក្រាប។
 
ទង្វើ​ទាំង​អស់​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ សហរដ្ឋអាមេរិក​ដែល​បាន​និង​កំពុង​បន្ត​ដាក់​គំនាប​ទៅ​លើ​លោក​Bachar el-Assad ប្រហែល​ជា​បាន​បញ្ជា​ឲ្យ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ស៊ីរី ចេញ​មុខ​គាំទ្រ​ពួក​បាតុករ​ប្រឆាំង។​ សូម​ជម្រាប​ថា ​កាល​ពី​ខែ​សីហា​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ទាមទារ​ឲ្យ​លោក​Bachar el-Assad ចុះ​ចេញ​ពី​មុខ​តំណែង៕

 

tags: ដើមបូព៌ា - សហរដ្ឋអាមេរិក - ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
Close