អានតួអត្ថបទ
អាស៊ីអាគ្នេយ៍

ដំណើរ​មក​កាន់​អាស៊ី​អាគ្នេយ៍​របស់​ មីកាអែល​ ហ្សង់​ (Michaëlle Jean)​ គឺ ​ដើម្បី​ប្រមូល​សន្លឹក​ឆ្នោត​បន្ថែម

ក្នុង​ចំណោម​បេក្ខជន​៥​នាក់​ លោក​ស្រី​ មីកាអែល​ ហ្សង់ ​(Michaëlle Jean) ​ជា​បេក្ខភាព​ នារី​តែ​មួយ​គត់​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ អគ្គលេខាធិការ​ របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង។ ​ទោះ​បី​ជា​រដូវ​ឃោសនា​បោះឆ្នោត​បាន​បិទ​បញ្ចប់​ទៅ​ហើយ​ក្តី​ តែ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​ ១​សប្តាហ៍​នេះ​អាច​ឲ្យ​ លោក​ស្រី​មាន​សង្ឃឹម​ច្រើន​បន្ថែម​ទៀត ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ពី​រដ្ឋ​សមាជិក។

លោកស្រី មីកាអែល ហ្សង់ (Michaëlle Jean) ​ជា​បេក្ខភាព​នារី​តែ​មួយ​គត់​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ អគ្គលេខាធិការ​ របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​។
លោកស្រី មីកាអែល ហ្សង់ (Michaëlle Jean) ​ជា​បេក្ខភាព​នារី​តែ​មួយ​គត់​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ អគ្គលេខាធិការ​ របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​។ @Michaëlle Jean
ផ្សាយពាណិជ្ជកម្ម

 

លោកស្រី Michaëlle Jean បានមក​ជាន់​ទឹកដី​អាស៊ីអាគ្នេយ៍ តាំងពី​ថ្ងៃទី១៣ វិច្ឆិកា ដោយ​ផ្តើម​ទស្សនកិច្ច​ជាដំបូង នៅ​ប្រទេស​វៀតណាម បន្ទាប់មក​ប្រទេស​ឡាវ និង​បញ្ចប់​នៅ​កម្ពុជា មុននឹង​ធ្វើដំណើរ​ទៅ ប្រទេស​សេ​ណេ​ហ្គា​ល នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា។  ក្រុង​ដា​ការ(Dakar) ចុងខែ​វិច្ឆិកា​នេះ ត្រូវ​រៀប​កិច្ចប្រជុំ​កំពូល លើក​ទី១៥ របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង (l’Organisation internationale de la francophonie - OIF)។ វេលា​នោះ​​ហើយ ដែល​រដ្ឋ​សមាជិក ត្រូវ​បោះឆ្នោត​ជ្រើសតាំង អគ្គលេខាធិការ​ថ្មី។

សូមជម្រាបថា មាន​មនុស្ស​ជាង២៧៤លាន​នាក់​ទូទាំង​ប្រាំ​ទ្វីប នៅលើ​ពិភពលោក ដែល​និយាយ​ និង​ប្រើប្រាស់​ភាសា​បារាំង។ នៅ​ឆ្នាំ១៩៩៣ ប្រទេស​កម្ពុជា​បាន​ចុះឈ្មោះ​ចូល​ជា​រដ្ឋ​សមាជិក របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង, ប្រទេស​ឡាវ​ចូល​នៅ​ឆ្នាំ​១៩៩១ ហើយ វៀតណាម បាន​ចុះឈ្មោះ​ចូល តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​ម៉្លេះ។

សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង អគ្គលេខាធិការ​ថ្មី របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​​​ភាសា​បារាំង លោកស្រី Michaëlle Jean គឺជា​បេក្ខភាព នារី​តែមួយគត់។ មានឈ្មោះ​ដើម Marie Michaëlle Eden Jean លោកស្រី​គឺជា​អតីត​អភិបាល​ទូទៅ​ជំនា​ន់ទី២៧ និង​ជា​មេបញ្ជាការ​របស់​រដ្ឋ​សហព័ន្ធ​កាណាដា។ លោកស្រី​ក៏​ធ្លាប់​ធ្វើជា​ប្រេ​សិត​ពិសេស​របស់​អង្គការ​យូណេស្កូ នៅ​ប្រទេស​ហៃ​ទី (Haïti) នៅ​ឆ្នាំ២០១០ ហើយ តាំងពី​ឆ្នាំ២០១១ លោកស្រី ជា​អធិកា​រប​តី​របស់​សាកលវិទ្យាល័យ អូ​តា​វ៉ា ដែលជា​សកល​វិទ្យាល័យ​ដ៏​ល្បី​នៅលើ​ពិភពលោក។

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​អតីត​អាណានិគម​បារាំង លើក​នេះ លោកស្រី Michaëlle Jean នឹង​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា។ ពីរ​ថ្ងៃ​កន្លងមក​ទៅ លោកស្រី បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី និង​រដ្ឋមន្ត្រីការបរទេស​វៀតណាម ហើយ​នៅ​សាកលវិទ្យាល័យ​ជាតិ​ហាណូយ ដែលជា​មជ្ឈមណ្ឌល​សិក្សា​វិទ្យាសាស្ត្រ​ដ៏​សំខាន់​របស់​វៀតណាម លោកស្រី Michaëlle Jean បាន​ជួប​សំណេះសំណាល​ជាមួយនឹង​និស្សិត ដែល​និយាយ​ភាសា​បារាំង ស្តីពី ការ​ប្រឈម​យុវជន​និង​ការសិក្សា។

តាម​សេចក្តីប្រកាស​ព័ត៌មាន ក្នុងពេល​បន្តដំណើរ​ពី​ប្រទេស​វៀតណាម​ទៅ​ឡាវ លោកស្រី​នឹង​ទៅ​ទស្សនា   «វិទ្យាស្ថាន​បារាំង​សម្រាប់​ការសិក្សា​វេជ្ជសាស្ត្រ​នៅ​តំបន់​ត្រូ​ពិ​ក» ដែលជា​ស្ថាប័ន​ជំនាញ​មួយ និង​ជា​សមាជិក​របស់​ទីភ្នាក់ងារ​សាកលវិទ្យាល័យ​នៃ​អ្នក​និយាយ​ភាសា​បារាំង (AUF)។

គួរកត់សម្គាល់​ដែរ​ថា រហូតមកទល់​ពេលនេះ មិនមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ដែល​បានធ្វើ​ដំណើរ​ពេញ​ទូទាំងប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូច​លោកស្រី Michaëlle Jean នោះឡើយ។ ពេល​កន្លងទៅ លោកស្រី​បានធ្វើ​ទស្សនកិច្ច​គ្រប់​ទ្វីប​ទាំងអស់ ដើម្បី​ការឃោសនាបោះឆ្នោត​នៅ​អាណត្តិ​ទី១៥នេះ។ ការ​មក​កាន់​ទឹកដី​អាណានិគម​បារាំង​របស់លោក​ស្រី​ពេលនេះ ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​នាំ​ឲ្យ​លោកស្រី​បានទទួល​ការគាំទ្រ​កាន់តែច្រើន​ក្នុងការ​បោះឆ្នោត ជ្រើសរើស​អគ្គលេខាធិកា​រ ក្នុង​ចុងខែ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ