អានតួអត្ថបទ
អ៊ុយក្រែន

ប្រអប់ខ្មៅ​នៃ​យន្តហោះ​ម៉ាឡេស៊ី ​MH17 ​ត្រូវបាន​បញ្ជូន​ទៅឲ្យ​អង់គ្លេស​ធ្វើ​ការ​វិភាគ

ប្រអប់ខ្មៅ​នៃ​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ​លេខ MH17 ដែល​ត្រូវ​ធ្លាក់ នៅ​តំបន់​ខាងកើត​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​អង់គ្លេស​ហើយ នៅថ្ងៃ​ពុធ​នេះ។ នេះ​បើយោងតាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អង់គ្លេស។ ក្រុម​អ្នក​ជំនាញ​ខាង​ស៊ើបអង្កេត​ករណី​ធ្លាក់​យន្តហោះ​របស់​អង់គ្លេស​នឹង​ទាញ​យក​រាល់​ទិន្នន័យ​នៅ​ក្នុង​ប្រអប់ខ្មៅ​នេះ រួចហើយ​បញ្ជូន​ទៅ​ឲ្យ​ហូឡង់ ដែល​ជា​អ្នក​ទទួលបន្ទុក​ស៊ើបអង្កេត​ករណី​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​នេះ។

ប្រអប់ខ្មៅ​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​ពេល​អ្នក​ជំនាញ​ម៉ាឡេស៊ី​ទទួល​យក​ពី​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី កាល​ពីថ្ងៃ​ទី២២ កក្កដា ២០១៤
ប្រអប់ខ្មៅ​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​ពេល​អ្នក​ជំនាញ​ម៉ាឡេស៊ី​ទទួល​យក​ពី​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី កាល​ពីថ្ងៃ​ទី២២ កក្កដា ២០១៤ REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​ពុធ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​អះអាង​ថា ប្រអប់ខ្មៅ​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ចរចា​យក​ពី​ក្រុម​ឧទ្ទាម “ត្រូវ​បាន​គេ​យក​ទៅ​ឲ្យ​អាជ្ញាធរ​អ៊ុយក្រែន ស្របទៅតាម​វិធាន​អន្តរជាតិ ក៏ប៉ុន្តែ អាជ្ញាធរ​អ៊ុយក្រែន​បានបដិសេធ​មិន​ទទួល​យក​​ប្រអប់ខ្មៅ​នេះ​មក​កាន់កាប់​សូម្បីតែមួយនាទី”។

រដ្ឋាភិបាល​អ៊ុយក្រែន​ក៏​បាន​បញ្ជាក់ដែរ​ថា ប្រអប់ខ្មៅ​​ទាំងពីរ​នេះ ដែល​មួយ​ថត​សំឡេង​នៅ​ក្នុង​បន្ទប់​បើកបរ និង​មួយទៀត​ថតទិន្នន័យ​នៃ​ការ​ហោះហើរ​របស់​យន្តហោះ​ម៉ាឡេស៊ី MH17 ត្រូវ​បាន​បញ្ជូន​ចេញ​ពី​អ៊ុយក្រែន​ទៅ​ឲ្យ​អង់គ្លេស ដោយ​មាន​ការ​ព្រមព្រៀង​គ្នា រវាង​​អ៊ុយក្រែន ម៉ាឡេស៊ី និង​ហូឡង់ និង​ដោយ​មាន​ការ​សង្កេតតាមដាន​ពី​សំណាក់​​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (International Civil Aviation Organization)។

គេរំពឹង​ថា អ្នក​ជំនាញ​អង់គ្លេស​នឹង​ធ្វើការ​វិភាគ​ទៅលើ​ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​ទាំងពីរ​នេះ ចប់​សព្វគ្រប់​ក្នុងរយៈពេល ២៤ម៉ោង រួចហើយ​បញ្ជូន​​ទិន្នន័យ​ទាំងនេះ​ទៅ​ឲ្យ​អាជ្ញាធរហូឡង់ ដែល​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​ការស៊ើបអង្កេត។

គួរបញ្ជាក់ថា យោងតាម​វិធាន​អន្តរជាតិ នៅ​ក្នុងករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ គឺ​ប្រទេស​ដែល​ជាទីតាំង​កើតហេតុ ដែល​ជា​អ្នក​ទទួលបន្ទុក​ដឹកនាំ​ការ​ស៊ើបអង្កេត ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត រួមមាន ប្រទេស​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ និង​ប្រទេស​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​​យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់។

ក្នុងករណី​​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 គឺ​អាជ្ញាធរ​អ៊ុយក្រែន ដែល​ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ការ​ស៊ើបអង្កេត ដោយ​មាន​ការ​ចូលរួម​ពី​​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍ និង​អ្នក​ជំនាញ​មក​ពី​សហរដ្ឋ​អាមេរិក​ ដោយសារ​តែ​យន្តហោះ​ដែល​ជួប​នឹង​គ្រោះថ្នាក់​នេះ ជា​យន្តហោះ​ធុន​ប៊ូអ៊ីង ផលិត​នៅ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ដោយសារ​តែ​អ៊ុយក្រែន​ផ្ទាល់​ត្រូវ​រងការចោទប្រកាន់​ពី​រុស្ស៊ី​ថា​ជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​ធ្លាក់​យន្តហោះ​នេះ ទើប​រដ្ឋាភិបាល​អ៊ុយក្រែន​ប្រគល់​ភារៈដឹកនាំ​ការ​ស៊ើបអង្កេត​នេះ​ទៅ​ឲ្យ​ហូឡង់ ដែល​ជា​ប្រទេស​មាន​ពលរដ្ឋ​ស្លាប់​ច្រើន​ជាងគេ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ