មេដឹកនាំខ្មែរផ្ញើសារជូនពលរដ្ឋក្នុងអត្ថន័យខុសគ្នាពេលបុណ្យចូលឆ្នាំខ្មែរ

នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គណបក្សសិទ្ធិមនុស្សផ្ញើសាររំលែកទុក្ខជាមួយប្រជាជនបាត់បង់ដីធ្លីផ្ទះសម្បែង និងជាប់ពន្ធនាគារដោយអយុត្តិធម៌។ ប៉ុន្តែលោកនាករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកបានផ្ញើសារលើកឡើងពីសមិទ្ធផលឆ្នាំចាស់និងការបោះជំហានល្អ នៅក្នុងឆ្នាំថ្មី។
ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនបានចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរអោយជ្រះស្រឡះក្នុងចិត្តទេ ពីព្រោះពួកគេបានបាត់បង់ដីធ្លី ផ្ទះសម្បែង និងអ្នកខ្លះត្រូវជាប់ពន្ធនាគារដោយអយុត្តិធម៌។ នេះគឺជាអត្ថន័យរួមក្នុងសាររបស់លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ផ្ញើទៅកាន់ជនរួមជាតិនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១២នេះ។
លោកប្រធានគណបក្សបក្សប្រឆាំងរូបនេះបាននិយាយថា ”បងប្អូនមួយចំនួនកំពុងទទួលរងទុក្ខសោកក្នុងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយសារតែអំពើអយុត្តិធម៌”។ លោក កឹម សុខា បានអំពាវនាវដល់រដ្ឋាភិបាលអោយបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋ កម្មករ កសិករដែលបានទាមទារសិទ្ធិស្របច្បាប់លើកម្មសិទ្ធិរបស់ខ្លួន។ កម្មសិទ្ធិរបស់ពួកគេមួយចំនួនត្រូវបានអ្នកមានអំណាចមួយចំនួន ឬអ្នកមានធនធានមួយចំនួនរំលោភយក។
ម្យ៉ាងវិញទៀត លោក កឹម សុខា បានឆ្លៀតយកឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះទទូចស្នើសុំអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរមូលដ្ឋានអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់កំណត់ ពោលគឺធ្វើយ៉ាងដូចម្តេចអោយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះដំណើរការប្រកបដោយ យុត្តិធម៌ និយាយបែបផ្សេងមានន័យថា ចៀសវាងការបន្លំ គំរាមកំហែង និងការសម្លុតបំភ័យតាមគ្រប់រូបភាព។
ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១២នេះ លោកបានលើកឡើងពីសមិទ្ធផលធំៗដែលរដ្ឋាភិបាលសម្រេចបានទាំងក្នុងវិស័យសន្តិសុខ និងវិស័យសេដ្ឋកិច្ច កាលពីឆ្នាំ២០១១កន្លងមក។
ក្នុងសារផ្ញើទៅកាន់ជនរួមជាតិ ប្រមុខរាជរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍ជម្លោះព្រំដែនជាមួយប្រទេសថៃ និងអាចគ្រប់គ្រងបញ្ហាសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ បើទោះបីជាមានគ្រោះមហន្តរាយ និងមានវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ។
កាលពីឆ្នាំ២០១១កន្លងមក ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជិត៧ភាគរយ និងអាចកាត់បន្ថយអត្រាភាពក្រីក្របានប្រមាណជា១ភាគរយក្នុងមួយឆ្នាំៗ។
នៅក្នុងសារដដែល លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានលើកឡើងថា ប្រទេសកម្ពុជាក្នុងឆ្នាំ២០១១កន្លងមកទទួលបានគម្រោងវិនិយោគទាំងចាស់ ទាំងថ្មីក្នុងទឹកប្រាក់ប្រមាណជា៧ពាន់លានដុល្លារអាមេរិក។

Delicious
Digg
Facebook
Twitter
Yahoo!
Technorati














អត្ថាធិប្បាយ (1)
ត្រីងៀតឆ្លៀតពង!
វាជាការល្អហើយ ដែលលោកគឹម សុខា ចេះគិត និងព្រួយបារម្ភដល់សុខទុក្ខរបស់ប្រជាជនខ្មែរ។ ប៉ុន្តែខ្ញុំសង្កេតឃើញលោកគិត លោកខ្វល់ រហូតមកហើយ។ ដូចនេះ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃសិរីសួស្តី លោកគួរផ្ញើសារជូនពរនូវអ្វីដែលជាសុភមង្គល សេចក្តីសុខចំពោះប្រជាពលរដ្ឋ មិនមែនចេញសាររំលែកទុក្ខបែបនេះទេ។ លោកមិនដឺងសោះមែនទេ ថាតើសារបែបណា ត្រូវប្រើក្នុងឱកាសណា? ពិធីបុណ្យចូលឆ្នាំថ្មី គេផ្ញើសារជូនពរ មិនមែនរំលែកទេលោក។ ឬក៏លោកមិនស្គាល់អត្ថន័យ និងឱកាសនៃការផ្ញើសារទេ? ក្នុងមួយឆ្នាំដក់៣ថ្ងៃនេះចេញ នៅសល់៣៦២ថ្ងៃ លោកចង់រំលែកទុក្ខ ឬស្តែងពីទុកកង្វល់របស់យ៉ាងណាក៏បានដែរ តែសូមកុំធ្វើដូចនេះទៀត។
ជាចុងក្រោយ សូមជូនពរលោកគឺម សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឱ្យជួបតែសំណាងល្អ សុខភាពល្អ និងសុខសុភមង្គលក្នុងក្រុមគ្រួសារ។
សូមជូនពរប្រជាពលរដ្ឋខ្មែរឱ្យជួបប្រទះតែសំណាងល្អ និងអ្វីដែលថ្មីសិរី ឃ្លាតចាកពីអមង្គលផងទាំងពួង និងរកស៊ីមានបានទាំងអស់គ្នា។
ប្រតិកម្មជុំវិញអត្ថបទនេះ