ព្រះសង្ឃភូមាទាមទារឲ្យមានវិធានការប្រឆំាងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
នៅថ្ងៃអាទិត្យ ទី៣ កញ្ញាម្សិលមិញ មានព្រះសង្ឃភូមារាប់រយអង្គបាននំាគ្នាដង្ហែរក្បួនបាតុកម្មគំាទ្រគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីភូមា ថេន សេន។ លោក ថេន សេនដែលបានលើកឡើងថា សហគមន៍រ៉ូហ៊ីងយ៉ាដែលជាអ្នកកាន់សាសនាអ៊ីស្លាមត្រូវតែបណ្តេញចេញពីប្រទេសភូមា ឬមួយក៏ប្រមូលផ្តុំឲ្យរស់នៅក្នុងជំរំ ក្រោមការត្រួតត្រារបស់អង្គការសហប្រជាជាតិ។
ក្បួនបាតុកម្មរបស់ព្រះសង្ឃ ចូលរួមដោយប្រជាជនភូមារាប់សិបពាន់នាក់បានត្រូវធ្វើឡើងនៅតាមដងផ្លូវ Mandalay ស្ថិតប៉ែកកណ្តាលប្រទេស។ ក្រៅពីសម្រែក ក្រុមបាតុករខ្លះក៏បានលើកបដាព្រោងព្រាតដោយសរសេរថា " ការពារម្តាយរបស់យើង គឺភូមា ដោយគំាទ្រលោកប្រធានាធិបតី "។ ចំណែកក្រុមបាតុករខ្លះទៀតបានចោទលោក Tomas Ojea Quintana អ្នកនំាពាក្យ ពិសេសរបស់អង្គការសហប្រជាជាតិថា បានកាន់ជើងពួករ៉ូហ៊ីងយ៉ា។ ព្រះសង្ឃ វីរ៉ាធូ មានព្រះជន្ម ៤៥ព្រះវស្សាដែលបាននំាមុខក្បួនបាតុកម្មបានបញ្ជាក់ថា មានបាតុករព្រះសង្ឃចូលរួម ៥ ០០០អង្គ និងបាតុករជាប្រជាជនសាមញ្ញរាប់សិបពាន់នាក់ផ្សេងទៀត។ ព្រះអង្គបានមានសង្ឃដីកាថា កម្មវត្ថុនៃបាតុកម្ម គឺដើម្បីចង់បង្ហាញពិភពលោកថា រ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិភាគតិចរបស់ប្រទេសភូមាទេ។
គួររំលឹកជូនឡើងវិញថា ចលនាងើបបះបោរប្រឆំាងនឹងសហគមន៍រ៉ូហ៊ីងយ៉ាពេលនេះបានកើតមានឡើង ក្រោយពីការផ្ទុះអំពើហិង្សារវាងក្រុមរ៉ូហ៊ីងយ៉ាអ្នកកាន់សាសនាអ៊ីស្លាម និងក្រុមជនជាតិភាគតិចរ៉ាក់ឃីនអ្នកកាន់ព្រះពុទ្ធសាសនាក្នុងរដ្ឋរ៉ាក់ឃីនកាលពីខែមិថុនាកន្លងមក។ បើតាមតួលេខផ្លូវការ អំពើហិង្សាបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៩០នាក់។ តែបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្ស ចំនួនអ្នកស្លាប់មានច្រើនជាងនេះឆ្ងាយណាស់។ តំាងពីពេលនោះមក អំពើហិង្សារវាងសហគមន៍ទំាងពីរនេះបានបញ្ឆេះឲ្យមានកំហឹងនៅទូទំាងប្រទេសភូមាដែលប្រជាជនភាគច្រើន ជាអ្នកកាន់ព្រះពុទ្ធសាសនា។
កន្លងមក រដ្ឋាភិបាលទីក្រុងណៃពីដ៏បានបើកការស៊ើបអង្កេតជុំវិញអំពើហិង្សានេះ។ រីឯលោកប្រធានាធិបតីថេន សេនក៏ធ្លាប់បានចោទព្រះសង្ឃ និងថ្នាក់ដឹកនំានៅក្នុងរដ្ឋរ៉ាក់ឃីនថា ជាអ្នកអុជអាលឲ្យមានការប្រឆំាងពួករ៉ូហ៊ីងយ៉ា។ ប៉ុន្តែស្រាប់តែនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយក្នុងខែកក្កដាកន្លងទៅ លោក ថេន សេនបែរជាអះអាងថា គេមិនអាចទទួលយកពួករ៉ូហ៊ីងយ៉ាបានទេ ពីព្រោះពួកគេមិនមែនជាជនជាតិភាគតិចរបស់ភូមាទេ។ ជាមួយគ្នានេះ លោកថេន សេនក៏បានលើកឡើងពីលទ្ធភាពក្នុងការចាប់បញ្ជូនពួករ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសទី៣ ឬមួយក៏ប្រមូលផ្តុំពួកគេដាក់នៅក្នុងជំរំ ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។
សូមជម្រាបជូនថា មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅប្រមាណ ៨០ម៉ឺននាក់នៅក្នុងរដ្ឋរ៉ាក់ឃីន និងមិនត្រូវរដ្ឋាភិបាលភូមាទទួលស្គាល់ ជាជនជាតិភាគតិច ឬមួយក៏ជាពលរដ្ឋភូមាទេ តែជា « ជនអន្តោប្រវេសន៍ខុសច្បាប់ »៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ